រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២៧នាក់ ដែលបានប្រព្រឹត្តបទល្មើសលួច ឆក់ គាស់ផ្ទះ ហឹង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ រួមនិងវត្ថុតាងជាច្រើន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ និងនៅតាមបណ្ដាខណ្ឌនានាយកមកបង្ហាញមុខជាសាធារណៈរួមគ្នា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ឧសភាបន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល៣ថ្ងៃបានចំនួន១៧ករណី ។

តាមនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយទទួលបទបញ្ជាដ៍ម៉ឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋានខណ្ឌទាំង១៤ស្រាវជ្រាវបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ ។

តាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការស្រាវជ្រាវបង្ក្រាប និងបង្ក្រាបជាក់ស្តែងរយះពេល៣ថ្ងៃគិតពីថ្ងៃ២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលបង្ក្រាបបានសរុប១៧ករណី ដោយឃាត់ខ្លួនសង្ស័យចំនួន២៧នាក់ ។ នៅក្នុងនោះជនសង្ស័យដែលមានសារធាតុញៀន ចំនួន ១០នាក់, ជនជាតិចិន០២នាក់ និងស្រី០១នាក់ ។

តាមរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យទាំង២៧ នាក់ក្នុងនោះមាន ក្នុងនោះមាន-ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន០២ករណី ឃាត់ខ្លួន ចំនួន០៧នាក់ (ឈ្មោះក្រុមស្បែកជើងហោះ SJHនិងឈ្មោះក្រុមធីអិនអេសTNS), ករណីលួចទូរស័ព្ទ, ម៉ូតូ, អាគុយនិងដែកចំនួន១២ករណី ឃាត់ខ្លួន ១០នាក់ (ជនជាតិចិន០២នាក់),ករណីគាស់ផ្ទះចំនួន០១ករណី ឃាត់ខ្លួន ០១នាក់,ករណីឆក់ទូរស័ព្ទចំនួន០១ករណី ឃាត់ខ្លួន០១នាក់,ករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅចំនួន០១ករណីឃាត់ខ្លួន០៨នាក់ ។

តាមនគរបាលបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនសង្ស័យទាំង២៧នាក់នោះ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន១៦នាក់ ក្នុងនោះ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងកាប់យកស្លាកលេខ១ករណី ឃាត់ចំនួន៦នាក់ (ក្មេងទំនើងឈ្មោះក្រុមស្បែកជើងហោះ SJH), ករណីលួច (បើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន ១ ដើម) ចំនួន១ករណី ឃាត់ខ្លួនបាន២នាក់(ជនជាតិចិន)និងករណីហិង្សានិងដឹកជញ្ជូនមនុស្សដោយមានគោលដៅ ចំនួន១ករណីបង្ក្រាបបានចំនួន៨នាក់ ។

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួន ០២នាក់ ករណីលួចម៉ូតូ ស្រី០១នាក់ (មានសារធាតុញៀន២នាក់)។ នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានចំនួន០៤ករណី ឃាត់ខ្លួន ០១នាក់ លួចទូរស័ព្ទដៃ។ នគរបាខណ្ឌ៧មករាបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ឆក់ទូរស័ព្ទដៃ (មានសារធាតុញៀន)។នគរបាលខណ្ឌសែនសុខបង្ក្រាបបាន០១ករណី ឃាត់ខ្លួនចំនួន ០១នាក់ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ឈ្មោះក្រុមធីអិនអេសTNS) (មានសារធាតុញៀន)។នគរបាលខណ្ឌទួលគោកបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ លួចគាស់ផ្ទះ(មានសារធាតុញៀន)។

នគរបាលខណ្ឌច្បារអំពៅបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០២នាក់ លួចដែក (មានសារធាតុញៀន)។ នគរបាលខណ្ឌដង្កោបង្ក្រាបបានចំនួន០១ករណី ឃាត់ខ្លួន ០១នាក់ លួចអាគុយ (មានសារធាតុញៀន) ។ នគរបាលខណ្ឌព្រែកព្នៅបង្ក្រាបបាន០១ករណី ឃាត់ខ្លួន០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។នគរបាលខណ្ឌមានជ័យបង្ក្រាបបាន០១ករណី ឃាត់ខ្លួន ០១នាក់ ករណីលួចម៉ូតូ (មានសារធាតុញៀន)។

បច្ចុប្បន្ន ជនសង្ស័យទាំង២៧នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនិងកម្លាំងនគរបាលខណ្ឌទាំង១០ ដែលជាម្ចាស់ករណីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្ទាប់ពីធ្វើការបង្ហាញមុខ៕
ចែករំលែកព័តមាននេះ