ខេត្តកំពង់ចាម ៖ មុខសញ្ញាក្រុមចោរលួចតែងតែធ្វើសកម្មភាពជាញឹកញាប់ជាក្រុមចូលលួចស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ ។ ដោយសារតែបាត់ច្រើនពេកត្រូវបានម្ចាស់ចម្ការទ្រាំមិនបានធ្វើរបងថ្មបេតុងព័ទ្ធជុំវិញ ដើម្បីការពារកុំឲ្យចោរមកចូលលួច ទោះជាយ៉ាងនេះក៏ដោយក្រុមជំនាញខាងលួចនោះបានផ្លោះរបងចូលមកលួចទៀត ត្រូវបានអ្នកមើលការខុសត្រូវនៅចម្ការបានដេញតាមចាប់បានម្នាក់ដោយដកហូតគ្រាប់ស្វាយចន្ទីជិត២០គីឡូក្រាម ចំណែកបក្សពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ហើយត្រូវបានកម្លាំងសមត្ថកិច្ចកំពុងសាវជ្រាវតាមចាប់ខ្លួនផងដែរ ។

តាមប្រភពអ្នកមើលការខុសត្រូវក្នុងចម្ការស្វាយចន្ទីបានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី១៨ មេសាថា មានមុខសញ្ញាក្រុមចោរល្បីខាងលួចស្វាយចន្ទីបាននាំគ្នាមកចូលលួចក្នុងចម្ការដោយមិនខ្លាចរអែង អ្នកណានោះទេ ។
សកម្មភាពនេះបានកើតឡើង នារសៀលថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ ហើយត្រូវបានក្រុមអ្នកមើលការខុសត្រូវជាច្រើននាក់បាននាំគ្នារត់ដេញតាមចាប់ក្រុមចោរទាំងបីនាក់ ។

ដោយសារ តែរាងឆ្ងាយផងនោះ ធ្វើឲ្យមុខសញ្ញាពីរនាក់ថ្លោះរបងថ្មរត់គេចខ្លួនបាត់ ចំណែកម្នាក់ទៀត គ្រាន់តែផ្លោះរបងបានបន្តិចឈ្មោះ ជិន រី អាយុ១៨ឆ្នាំ នៅឃុំស្ដើងជ័យ ស្រុកជើងព្រៃ ក៏ត្រូវចាប់ខ្លួនបានតែម្ដង ។
រហូតបានគ្រាប់ស្វាយចន្ទីមានទម្ងន់ជិត២០គីឡូក្រាម បន្ទាប់មកក៏បានទូរស័ព្ទហៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឲ្យមកទទួលយកមុខសញ្ញានេះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។
ប្រភពដដែលបានបន្តថា កាលពីបីបួនឆ្នាំមុន គ្រាដែលមិនទាន់មានរបងព័ទ្ធជុំវិញនោះមិនថាថ្ងៃ ឬយប់នោះទេ ដោយក្រុមចោរតែងតែនាំគ្នាចូលមកធ្វើសកម្មភាពលួចស្វាយចន្ទីជាញឹកញាប់ ដែលធ្វើឲ្យការប្រមូលផល គឺមានការធ្លាក់ចុះមួយផ្នែក ។
កត្តានេះហើយត្រូវបានម្ចាស់ចម្ការរៀបចំធ្វើរបងបេតុងបានប្រមាណពីរឆ្នាំមកហើយ ជាមួយនោះបានកាត់បន្ថយបទល្មើសសកម្មភាពលួចស្វាយចន្ទីបានមួយផ្នែក ។ តែក្រុមអ្នកមើលការខុសត្រូវបានបន្តតាមដានមិនថា យប់ ឬថ្ងៃនោះទេនាំគ្នាឃ្លាំមើលក្រុមចោរទាំងនោះដោយមានប្រភពចេញមកពីខាងណា ។

សូមបញ្ជាក់ថា កន្លងទៅមុខសញ្ញាចោរលួចខ្លះដែលគេប្រើមនុស្សក្រោមអាយុ១៥ឆ្នាំឲ្យមកចូលលួច លុះពេលដែលចាប់បានគេធ្វើការអប់រំ តែមិនបានរាងចាលនោះទេ ខ្លះបានយកមុខរបរនេះធ្វើអាជីពរហូតដល់មានលុយធ្វើផ្ទះនៅក៏មាន ខ្វះអ្វីមុខរបរសុចរិតគគោកមិនទៅប្រឹងរក បែរជាមកធ្វើអំពើដែលសង្គមស្អប់ខ្ពើមទៅវិញ ។

គិតរហូតមកដល់ព្រឹកថ្ងៃទី១៨ មេសា មុខសញ្ញាជនសង្ស័យដែលជាចោរលួចស្វាយចន្ទីត្រូវបានកម្លាំងសមត្ថកិច្ចកំពុងតែសួរនាំហើយជននេះបានឆ្លើយសារភាពថា កន្លងមករកគេធ្លាប់ធ្វើសកម្មភាពលួចស្វាយចន្ទីបានចំនួន៣លើកមកហើយ ចំពោះចន្ទីដែលលួចបាននោះត្រូវយកទៅលក់ឲ្យឈ្មួញម្នាក់ដែលគេពុំស្គាល់ឈ្មោះ ។

ចំណែកសមត្ថកិច្ចមូលដ្ឋានវិញវិញប្រាប់ឲ្យដឹងដែរថា ចំពោះជនសង្ស័យដែលប្រព្រឹត្តបទល្មើសលួចស្វាយចន្ទីនៅចម្ការមួយកន្លែង ក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រុក កំពុងសួរ នាំហើយនាពេលរសៀល ថ្ងៃទី១៨ មេសា ត្រូវបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបំពេញសំណុំរឿងបញ្ជូនទៅឲ្យដំណាងអយ្យការអមសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ