កំពូលមេដឹកនាំចិន លោក ស៊ី ជីនពីង នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជាជាថ្មី នៅរង្វង់ពាក់កណ្តាលខែមេសា នៅក្នុងដំណើរទស្សនៈកិច្ចបីប្រទេស មកកាន់ប្រជាជាតិនៅអាស៊ីអគ្នេយ៍ ។
គម្រោងនៃដំណើរទស្សនៈកិច្ចនេះ ត្រូវបានបង្ហើបដោយប្រភពការទូតប្រាប់សារព័ត៌មាន The South China Morning Post កាលពីថ្ងៃទី៣១ ខែមីនា ។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មកកម្ពុជានឹងបង្ហាញភាពស៊ីជម្រៅនៃទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ។ វានឹងផ្តល់ផលប្រយោជន៍ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ដល់កម្ពុជា ដែលប្រទេសចិន បានផ្តល់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក៏បណ្តាក់ទុនច្រើននៅកម្ពុជាផងដែរ ។
ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនពីង នៅកម្ពុជានឹងស្ថិតក្នុងក្រសែភ្នែកតាមដានយ៉ាងយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជា និងពិភពលោក ។ រហូតមកទល់ពេលនេះ មន្ត្រីកម្ពុជាមិនទាន់បង្ហើបអោយដឹងនៅឡើយទេ អំពីទស្សនកិច្ចរបស់លោក ស៊ី នៅកម្ពុជា ។
ប៉ុន្តែ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននេះ លោក ស៊ី អាចនឹងចេញដំណើរមកបំពេញទស្សនៈកិច្ចមកកាន់ប្រទេសវៀតណាម ដែលជាដៃគូសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ខ្លួនទោះជាមានអរិយភាព និងភាពតានតឹងការទូតពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលកំពុងតែអូសបន្លាយដល់បច្ចុប្បន្នក៏ដោយ ។
បន្ទាប់មក លោកនឹងបន្តដំណើរមកកាន់ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន និងជាមេដឹកនាំម៉ាឡេស៊ីដែលមានទំនោរចង់ស្តារទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទុនឡើងវិញជាមួយនឹងចិន ក្រោយមានបញ្ហាចម្រូងចម្រាស់កន្លងមក ។ លោកអាចនឹងបញ្ចប់ត្រឹមដំណើរទស្សនៈកិច្ចមកកាន់កម្ពុជាជាថ្មី ក្រោយពេលដែលលោកបានមកកម្ពុជា២ដងរួចមកហើយនោះ ។
ប្រភពដដែលបានបង្ហើបថា នៅក្នុងដំណើរមកកាន់ប្រជាជាតិទាំងបីនេះលោកស៊ី ត្រូវបានគេរំពឹងថា នឹងសំដៅ ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងក្នុងតំបន់ចំពេលមានការព្រួយបារម្ភក្នុងតំបន់អំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលរដ្ឋបាលលើកទីពីររបស់លោក ដូណាល់ ត្រាំ ៕
ចែករំលែកព័តមាននេះ