រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង លី អ៊ីវ៉ាធីណា បានសម្តែងការហួសចិត្ត បន្ទាប់ពីនាងឃើញមានមហាជនមួយចំនួនបាននាំគ្នារិះគន់ និងទើសចំពោះរូបនាង ក្រោយពីនាងបញ្ចេញនូវីដេអូជាមួយការស្លៀកប៊ីគីនីសិចស៊ីក្នុងថ្ងៃខួបកំណើតនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ។
លី អ៊ីវ៉ាធីណា បានបញ្ចេញនូវវីដេអូរបស់ខ្លួន ដើម្បីអបអរថ្ងៃខួបកំណើតរបស់នាងចូលវ័យ៤០ឆ្នាំ បង្ហោះលើបណ្តាញសង្គម ខណៈពេលដែលវីដេអូរបស់នាងមួយនេះមានការទាក់ទាញ ហើយចូលមើលរាប់ម៉ឺននាក់ ក្រោយបង្ហោះបានចំនួន៥ថ្ងៃ ។

យ៉ាងណា ទន្ទឹមនឹងមានការចូលមើលដ៏ច្រើននេះ ក្នុងនោះ គេក៏ឃើញមានមហាជនមួយចំនួនបាននាំគ្នារិះគន់ចំពោះការស្លៀកបែបនេះរបស់ លី អ៊ីវ៉ាធីណា នាពេលនេះផងដែរ ដោយក្នុងនោះ មានអ្នកខ្លះចាត់ទុករូបភាពរបស់នាងនាពេលនេះ មិនស័ក្តិសមជានារីខ្មែរ ។ល។

ការរិះគន់ខាងលើនេះ បានធ្វើតារាចម្រៀងនាង លី អ៊ីវ៉ាធីណា សម្តែងការហួសចិត្ត និងមានការភ្ញាក់ផ្អើលក្រោយឃើញរូបភាពវីដេអូមួយនេះរបស់នាងមានអ្នកចូលមើលច្រើន ក្នុងពេលដែលនាងបានបោះពាក្យទៅកាន់អ្នករិះគន់វិញថា ចាំមើលបទចូលឆ្នាំរបស់នាងអ្នកទាំងនោះចូលមើល និងចែករំលែកដែរឬអត់ ។

តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម លី អ៊ីវ៉ាធីណា បានលើកឡើងថា វីឌីអួអូនខួបកំណើតត្រឹមតែ៥ថ្ងែអ្នកចូលមើល1.8M..អ្នកខ្លះថា ឯងមិនមែនស្រីខ្មែរ. ថាចេះថាចុះ…ចាំឆ្នាំក្រោយស្លៀកផាមួងថតម្តង…។

នាងបញ្ជាក់ថា «ចង់ដឹងណាស់ បទចូលឆ្នាំខ្មែរត្រឹម5ថ្ងែបាន1.8Mអត់..ពួកអ្នកទើសនិងមានស៊ែរអត់ទេ…«ចាំមើលបទចូលឆ្នាំបានប៉ុន្មានk…? ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានឃើញរូបភាពវីដេអូជាមួយនឹងការស្លៀកពាក់បែបសិចស៊ីក្នុងវ័យ៤០ឆ្នាំរបស់ លី អ៊ីវ៉ាធីណា នាពេលនេះ គេឃើញមានបណ្តាអ្នកគាំទ្ររូបនាងជាច្រើនបានលាន់មាត់សរសើរពីរូបសម្រស់របស់នាងថា នៅតែស្រស់ស្អាត មិនស័ក្តិសមមានអាយុច្រើនបែបនេះឡើយ ។

ជាការកត់សម្គាល់ បើគិតមកទល់នាពេលនេះ តារាចម្រៀងនាង លី អ៊ីវ៉ាធីណា បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងបានជាង២០ឆ្នាំហើយ ក្នុងពេលដែលប្រជាប្រិយភាពរបស់នាងក៏មានការលេចធ្លោខ្លាំងមិនចាញ់តារាៗរួមជំនាន់រូបនាងផងដែរ ។
បទចម្រៀងរបស់នាងជាច្រើនក៏ទទួលភាពល្បីល្បាញនៅក្នុងស្រទាប់យុវជនផងដែរនាពេលកន្លងមកខណៈពេលដែលបច្ចុប្បន្ននាងក៏បានចេញបទចម្រៀងថ្មីៗសម្រាប់ទស្សនិកជនស្តាប់ និងរាំលេងកំសាន្តនាឱកាសចូលឆ្នាំខ្មែរនាពេលខាងមុខផងដែរ ៕



ចែករំលែកព័តមាននេះ