ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Madam Pang ស្រក់​ទឹកភ្នែក រឿង​បំណុ.ល​ជាង​១០​លាន​ដុល្លារ​របស់​សមាគម​បាល់ទាត់​ថៃ

1 អាទិត្យ មុន

ប្រទេស​ថៃ ៖ ប្រធាន​សមាគម​កីឡាបាល់ទាត់​ថៃ អ្នកស្រី Nualphan Lamsam ឬ​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា Madam Pang បាន​ថ្លែង​ទាំង​ទឹកភ្នែក…

ប្រទេស​ថៃ ៖ ប្រធាន​សមាគម​កីឡាបាល់ទាត់​ថៃ អ្នកស្រី Nualphan Lamsam ឬ​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ថា Madam Pang បាន​ថ្លែង​ទាំង​ទឹកភ្នែក អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ពិភាក្សា​ពី​បំណុល​ចំនួន ៣៦០​លាន​បាត ឬ ១០.៦​លាន​ដុល្លារ​អា​មេ​រិ​ក​របស់​សមាគម​បាន​កើតឡើង បន្ទាប់​ពី​ចាញ់​បណ្តឹង​តុលាការ​កំពូល​។

សន្និសីទ​សារព័ត៌មាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​តុលាការ​កំពូល​ថៃ​បាន​សម្រេច​ថា សមាគម​បាល់ទាត់​ថៃ ដែល​ហៅ​កាត់​ថា FAT ត្រូវ​តែ​ផ្តល់​សំណង​ដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក Siam Sport លើ​ទឹកប្រាក់​៣៦០​លាន​បាត សំណង​ការ​ខូចខាត បូក​រួម​ទាំង​ការ​ប្រាក់ ជុំវិញ​កិច្ចសន្យា​ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​អយុត្តិធម៌​ក្នុង​ឆ្នាំ ២០១៦ អំឡុង​ពេល​លោក Somyot Prueksakasemsuk នៅ​កាន់​តំណែង​សមាគម​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​ថៃ (Thai News Agency) បាន​ចេញផ្សាយ​។

រឿងរ៉ាវ​នេះ ចាប់ផ្តើម​នៅ​ពេល​ក្រុមហ៊ុន Siam Sport ចោទប្រកាន់​សមាគម​បាល់ទាត់​ថៃ​ថា​បាន​បំពាន​កិច្ចសន្យា​ពួក​គេ​ទាក់ទង​នឹង​សិទ្ធិ​ផ្សាយ​លី​គ​ក្នុងស្រុក (Thai League)​។ យោង​តាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន​មាន​សិទ្ធិ​ទទួល​ភាគលាភ ៩៥% នៃ​ប្រាក់​ចំណេញ​របស់​លី​គ ខណៈ​ដែល ៥% ទៀត​បាន​ទៅ​សមាគម​។ ទោះ​យ៉ាងណា​ក៏​ដោយ នៅ​ពេល​លី​គ​បាន​ចាប់ផ្តើម​បង្កើត​ប្រាក់​ចំណេញ FAT បាន​ចាត់​ទុក​ថា ភាគលាភ​ខ្លួន​ទទួល​បាន​ទាប​ពេក ហើយ​បាន​បញ្ចប់​កិច្ចសន្យា​ដោយ​ឯកតោភាគី ដែល​ជំរុញ​ក្រុមហ៊ុន Siam Sport ដាក់​ពាក្យ​ប្តឹង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ Madam Pang ដែល​ត្រូវ​បាន​ស្គាល់​ជា​សេដ្ឋិនី និង​អ្នកជំនួញ​ដ៏​ល្បី​របស់​ប្រទេស​ថៃ​បាន​ថ្លែង​ថា អ្នកស្រី​គោរព​សាលក្រម​តុលាការ ហើយ​ប្រាក់​ចំនួន​៣៦០​លាន​បាត ដែល​បាន​ក្លាយជា​បំណុល​របស់ FAT នឹង​ត្រូវ​បង់​។ យ៉ាងណា​ក៏​ដោយ អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា នេះ​គឺជា​មរតក​បន្សល់​ទុក​ពី​អ្នក​មុន ហើយនឹង​មិនកើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី​នោះ​ទេ​។ អ្នកស្រី​ថ្លែង​ទាំង​ទឹកភ្នែក​ថា «​នៅ​ពេល​ខ្ញុំ​ចូល​មក​ទី​នេះ គ្មាន​អ្វី​សោះ មាន​តែ​បំណុល​ក្នុង FAT ហើយ​ខ្ញុំ​គ្រាន់តែ​សុំ​ការ​អាណិតអាសូរ និង​ការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​បាល់ទាត់​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ បញ្ហា​ទាំងនេះ​ទុក​ឱ្យ​ខ្ញុំ​ដោះស្រាយ​។ ខ្ញុំ​ជា​មនុស្ស​ស្រី​មាន​សណ្តាន​ចិត្តល្អ ហើយ​ខ្ញុំ​មាន​អារម្មណ៍មិនល្អ នៅ​រាល់ពេល​ដែល​យើង​គ្រប់​គ្នា​និយាយ​អំពី​រឿង​អាក្រក់​»​។

អ្នកស្រី​ក៏​បាន​ប្រកាស​ដែរ​ថា សមាគម​នឹង​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​ក្រុមប្រឹក្សាភិបាល​ពី​មុន និង​នាយ​ឧត្តមសេនីយ៍ Somyot អតីត​ប្រធាន​សមាគម​។ អ្នកស្រី​ក៏​បាន​សរសេរ​សារ​មួយ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ជាតិ ដែល​ទាក់ទាញ​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន សាទរ​ចំពោះ​ការ​លះបង់​របស់​អ្នកស្រី ចំពោះ​កីឡាបាល់ទាត់​ថៃ​។

សូម​ជម្រាប​ថា អ្នកស្រី Nualphan Lamsam គឺជា​អ្នក​ស្នង​មរតក​គ្រួសារ​មាន​បំផុត​មួយ​របស់​ប្រទេស​ថៃ ជាមួយ​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៨៩០​លាន​ដុល្លារ​អា​មេ​រិ​ក​។ អ្នកស្រី​ធ្លាប់​ជា​អ្នកគ្រប់គ្រង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ផ្នែក​បុរស​ក្នុង​ឆ្នាំ ២០២១ និង​២០២២ អំឡុង​ពេល​នោះ អ្នកស្រី​បាន​ចាយប្រាក់​ប្រមាណ​១.៧​លាន​ដុល​ល្លារ ហើយ​ក្រុម​បាន​ឈ្នះ​ពានរង្វាន់ AFF Cup ពីរ​លើក​ជាប់​ៗ​គ្នា​។ អ្នកស្រី​ត្រូវ​ឈ្នះ​ឆ្នោត​ក្លាយជា​ប្រធាន​សមាគម​កីឡាបាល់ទាត់​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​មុន បន្ទាប់​ពី​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើសលប់​ចំនួន ៦៨ លើ ៧៣ ដើម្បី​ក្លាយជា​ស្ត្រី​ទី​មួយ នៅ​ក្នុង​តួនាទី​នេះ​៕ ដកស្រង់ ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ