រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមកំពុងផ្ទុះការជជែកវែកញែកគ្នាក្លាយជាប្រធានបទ គួរអោយចាប់អារម្មណ៍មួយ បន្ទាប់ពីគេបានឃើញសិល្បករមួយរូបបានបង្ហោះសំណេររបស់ខ្លួនបង្ហាញពីការមិនពេញចិត្តចំពោះការទទទួលបានកម្រៃតិចលើតួធំៗ សម្រាប់ការងារសិល្បៈស្ម័គ្រចិត្ត ។

ជាអ្នកសិល្បករមួយរូបម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Jing Alex បានបង្ហោះសំណេររបស់ខ្លួនលើបណ្តាញសង្គមថា «ធ្វើដល់តួល្បីៗ(គ្រប់គ្នា)៤ថ្ងៃបាន៥០$ទៅដែរ (សង្ក្រាន្ត)ហើយតាំងនិយាយថា ឲ្យតម្លៃសិល្បៈ» ។
តាមរយៈសំណេរខាងលើនេះ គេឃើញមានអ្នកសិល្បៈមួយចំនួនបាននាំគ្នាចែកចាយ (Share) ជាបន្តបន្ទាប់ដោយនៅក្នុងនោះ មានអ្នកខ្លះក៏បានភ្ជាប់ជាមួយសំណេរបែបលេងសើចចំពោះការលើកឡើងពីសិល្បកររូបនេះផងដែរ ។

យ៉ាងណា ក្រោយផ្ទុះការវែកញែកគ្នាលើបណ្តាញសង្គមនោះ តារាពហុជំនាញ និងរដ្ឋលេខាធិការ ក្រសួងវប្បធម៌លោកជំទាវ សាន់ណារ៉ា ឡងឌី បានធ្វើការចូលរួមជាយោបល់ឆ្លើយតបទៅកាន់ការលើកឡើងពីសិល្បកររូបនេះ ។
អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរខ្លីដ៏មានន័យតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ចង់ប្រាប់បងប្អូនសិល្បៈពាក្យថា ជួយត្រូវតែមាន តែរើសទីតាំងនឹងអ្នកផលិតកម្មវិធី ដូចសាលាវិចិត្រសិល្បៈ ត្រូវតែទៅ កុំគិតកម្រៃ ព្រោះជាសាលារបស់យើងទាំងអស់គ្នា ។

ចំណែកលោកជំទាវ សាន់ណារ៉ា ឡងឌី ក៏បានបង្ហោះសំណេរនៅលើបណ្តាញសង្គមដែរថា ខ្ញុំមិននិយាយមិនកើត គេថាបើមិនជួយចូកជួយចែវ កុំយកជើងរាទឹក ។
លោកជំទាវបញ្ជាក់ថា នេះជាការញុះញ៉ុង និងបំបាក់ទឹកចិត្តដល់សិល្បករសិល្បការិនី ដែលមានបេះដូងជួយប្រទេសជាតិ ។ បន្តិចទៀតនៅម្នាក់ឯងហើយ ជំងឺតួឯក ។ មានដឹងទេថា សរសេរអក្សរពណ៌សលើផ្ទៃពណ៌ខ្មៅនេះ មានន័យយ៉ាងមេច ? អាក្រក់ពេកហើយ ។

សូមអរគុណដល់ទឹកចិត្តសិល្បករសិល្បការិនី និងក្មួយៗនៅវិស័យបវរកញ្ញា ដែលតែងតែមានចិត្តជួយសូម្បីមួយកាក់មិនគិតផង ។ សូមរក្សាចិត្តបែបនេះរហូតណាក្មួយៗ ការថែរក្សាវប្បធម៌ ជួយលើកតម្កើងវប្បធម៌ជាភារៈកិច្ចកូនខ្មែរគ្រប់រូប «យុវជនដើម្បីវប្បធម៌» ក្មួយៗមានឱកាសជាងគេក្នុងការជួយលើវិស័យនេះស្រឡាញ់បងៗ ប្អូនៗ និងក្មួយៗទាំងអស់ ។
យ៉ាងណា ក្រោយឃើញមានការលើកឡើងពីសំណាក់អ្នកនាង ខាត់ សុឃីម និងលោកជំទាវ សាន់ណារ៉ា ឡងឌី ខាងលើនេះ លោក Jing Alex ក៏បានលុបចោលនូវអ្វីដែលលោកបានសសេរបង្ហោះនោះចោលវិញ ដោយនៅក្នុងនោះ លោកបានចែកចាយសំណេររបស់អ្នកនាង ខាត់ សុឃីម ដោយភ្ជាប់ជាមួយសំណេរថា នេះជាកន្លែង ដែលយើងត្រូវតែជួយ ។

ដោយឡែក អ្នកសិល្បៈរូបនេះក៏បានចូលទៅធ្វើការខមមិននូវពីក្រោយសំណេររបស់លោកជំទាវ សាន់ណារ៉ា ឡងឌី ដែរថា ជំរាបសួរ លោកជំទាវ ខ្ញុំបានសរសេរក្នុងផុសនេះ គឺសំដៅទៅលើអ្នកបានហៅតួ ទៅសម្តែងនៅសង្ត្រាននានាតាមបណ្តាខេត្តមិនចំពោះ. ។ ដែលគាត់បានស៊ីពីលើកញ្ចប់ថវិកាដែលផ្តល់ជូនតួ ។ មិនបានវៃប្រហារទៅកាន់កម្មវិធីជាតិធំធំទេ ។ ពួកខ្ញុំបានចូលជួយក្នុងកម្មវីធីជាតិធំៗរាល់ឆ្នាំ គ្រប់កម្មវិធីក្នុងគោលបំណងផ្សព្វផ្សាយពីប្រទេសកម្ពុជា ។
ចុងក្រោយ សូមអរគុណ លោកជំទាវដែលស្រឡាញ់រាប់អានដល់បងប្អូន សិល្បៈករខ្មែរនឹងផ្តល់តម្លៃដល់សិល្បៈករខ្មែរ ៕

ចែករំលែកព័តមាននេះ