រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក របាំព្រះរាជទ្រព្យបានបង្ហាញវត្តមានសម្តែងនៅលើកឆាកអន្តរជាតិ និងទីកន្លែងមួយចំនួនទៀតក្នុងប្រទេសបារាំង បន្ទាប់បីបានខកខានមិនបានចេញទៅសម្តែងនៅឯបរទេសអស់រយៈពេល🇫🇷🇰🇭ជិត១០ឆ្នាំមកនេះ ។

ការចេញទៅសម្តែងនាពេលនេះ ក្រោមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះដឹកនាំដោយសម្ដេចរាជបុត្រីអនុជ នរោត្តមអរុណរស្មី ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ការសម្តែងរបាំព្រះរាជទ្រព្យបានទទួលជោគជ័យយ៉ាងធំធេងជាលើកដំបូង នៅលើឆាកដ៏ធំមួយក្នុងនៅសារមន្ទីរ Musée du quai Branly – Jacques Chirac ទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដែលនោះគឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ។

តាមគម្រោងក្រុមល្ខោនហ្លួង និងចេញទៅសម្តែងរបាំព្រះរាជទ្រព្យ ចំនួន៣ទីតាំងផ្សេងគ្នាដោយនៅថ្ងៃទី០៨ និងទី០៩ ខែមីនា នឹងមានកម្មវិធីសម្តែងនៅសារមន្ទីរ Musée du quai Branly – Jacques Chirac ទីក្រុងប៉ារីស ហើយកម្មវិធីសម្តែងពីរផ្សេងទៀតគ្រោងនឹងធ្វើនៅតាមតំបន់មួយចំនួននៃសាធារណរដ្ឋបារាំង ដូចជានៅ Opéra National de Bordeaux និងនៅ Cité musicale-Metz ។
ប្រតិភូរបាំព្រះរាជទ្រព្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញទៅសំដែងនៅសាធារណៈបារាំង🇰🇭🇫🇷 គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ។

ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា កម្មវិធីសម្តែងរបាំព្រះរាជទ្រព្យ នៅសាធារណរដ្ឋបារាំង គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរឹតចំណងមិត្តភាព តាមរយៈវិស័យវប្បធម៌ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសស្វែងយល់អំពីរបាំមួយដ៏ល្អឯកគ្មានពីររបស់ខ្មែរ អមដោយសម្លៀកបំពាក់និងគ្រឿងលម្អដ៏ល្អឆើត និងកាយវិការរាំដ៏ទន់ភ្លន់ របស់នាដការិនីខ្មែរ ព្រមទាំងជាការជំរុញការថែរក្សា ផ្សព្វផ្សាយ និងលើកកម្ពស់វិស័យវប្បធម៌ ជាពិសេសរបាំបុរាណខ្មែរឱ្យកាន់តែមានភាពល្បីរន្ទឺលើសកលលោក ។

គោលបំណងនៃការនាំយកសិល្បៈកម្ពុជាទៅសម្តែងបង្ហាញ និងផ្សព្វផ្សាយនៅលើឆាកអន្តរជាតិជានាពេលនេះក៏ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមអន្តរជាតិ និងកម្ពុជា ក្នុងន័យទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជា តាមរយៈស្ពានសិល្បៈ ។

គួរបញ្ជាក់ថា «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ