រាជធានីភ្នំពេញ ៖ មហាជនអ្នកលេងបណ្តាញសង្គម និងអ្នកសិល្បៈជាបន្តបន្ទាប់បានផ្ទុះប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងទៅកាន់ពិធីកររបស់ស្ថានីយ៍ទូរទស្សន៍មួយ ដែលបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅកាន់នារីដែលជាអ្នកលើកស្លាកទឹកនៅក្នុងកម្មវិធីប្រដាល់មួយ ។

រូបភាពវីដេអូមួយត្រូវបានគេបង្ហោះលើបណ្តាញសង្គម ដោយបានបង្ហាញពីការនិយាយបែបលេងសើចជាមួយក្បាលមេក្រូទៅលើនារីដែលជាអ្នកលើកស្លាកទឹកនៅចំពោះមុខមនុស្សម្នាជាច្រើនរយនាក់ដែលកំពុងទស្សនាកម្មវិធីប្រដាល់ ។
ពិធីករទូរទស្សន៍រូបនោះបាននិយាយលេងទៅកាន់នារីលើកទឹកថា «និយាយលេងសើចអី លេខ១នេះ(ទឹកទី១)ទំនងណាស់ ហើយបងប្អូនយល់ថា លេខ១នេះពីក្រោយ ឬពីមុខទំនងជាង សម្រាប់ខ្ញុំគឺយកខាងក្រោយហើយ ព្រោះខាងក្រោយទំនងជាង» ។

តាមរយៈវីដេអូជាមួយការប្រើពាក្យពេចន៍ខាងលើនេះ ត្រូវបានមហាជនជាអ្នកលេងបណ្តាញសង្គមផ្ទុះប្រតិកម្ម និងចេញរិះគន់យ៉ាងខ្លាំងទៅលើពិធីកររូបនេះ ខណៈពេលពួកគេចាត់ទុកថា ការនិយាយលេងសើចមួយនេះគឺមិនសមរម្យនោះឡើយ ។
គណនីហ្វេសប៊ុកមួយបានបង្ហោះវីដេអូខាងលើ ដោយភ្ជាប់ជាមួយនឹងសំណេរថា «ជា MC ម្នាក់ ប៉ុន្តែការលេងសើចបែបមិនអោយតម្លៃមនុស្សស្រី អ្នកកុំភ្លេចសម្លេងដែលចេញពីមាត់នាក់ចូលទៅSound មានមនុស្សប៉ុន្មាននាក់ដែលឮ? ម្នាក់ដែលលោកកំពុងនិយាយលេងសើចនឹងគាត់ជា BA ដែលមានចរឹកល្អ ហើយក៏ជាតារាសម្តែងមួយរូបក្នុងផលិតកម្ម និងស្ពតជាច្រើនផងដែរ ។ ខ្ញុំស្គាល់នាងតាំងពីមិនទាន់ល្បី ជាBA ធម្មតា រហូតដល់ពេលនេះ នាងជាតារាម្នាក់មានចារឹកល្អ និងថ្លៃថ្នូរ មុនលោកប្រើពភាសាលេងសើចត្រូវឆ្លងកាត់ខួរក្បាលផង តើលោកមានមើលទឹកមុខគេទេ ពេលលោកនិយាយចឹង? មិនអោយតម្លៃខ្លួនឯងគួរអោយតម្លៃមនុស្សនៅជុំវិញខ្លួនផង ។ ត្រូវចាំថា ការងារអ្វីក៏មានតម្លៃដែរ និយាយអីចេះគិតពីអារម្មណ៍គេផង ។

ចំណែកអតីតតារាសម្តែងអ្នកនាងនូវ សូនីតា បានចែកចាយនូវវីដេអូខាងលើនេះ ដោយភ្ជាប់ជាមួយសំណេរថា «ពូភ្លាវសាហាវ យកគាត់មកលេងសើចបែបចំអកនៅមុខមនុស្សរាប់សិបនាក់ជាការកំសាន្តទៅវិញ😡 អត់សប្បាយទេពូ» ។
ដោយឡែក តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ក៏បានបង្ហោះសំណេររបស់ខ្លួនតាមបណ្តាញសង្គមពាក់ព័ន្ធទៅរឿងនេះដែរថា «ស្ត្រីប្រៀបដូចជាម្ដាយរបស់អ្នក ព្រោះបើគ្មានស្ត្រីអ្នកក៏គ្មានថ្ងៃបានឃើញពន្លឺដែរ លេងសើចអោយចេះគិត បើលេងមិនចេះសមនឹងត្រូវបែបនេះហើយ ។ នាងបញ្ជាក់ថា ខ្ញុំមិនគាំទ្រចំពោះអ្នកនិយាយគ្មានសុជីវធម៌តាមប្រព័ន្ធ social media ឫ ក្នុងកម្មវិធីធំៗណាមួយឡើយ» ។

តារាសម្តែង សុធីតា បូគីមថេង ក៏បានបង្ហោះសំណេរលើបណ្តាញសង្គមដែរថា ឃើញវីដេអូរប្អូនស្រី ធ្វើអោយខ្ញុំស្រមៃទៅដល់អតីតកាល៧ឆ្នាំមុន ក្នុងនាមជាម៉ូដែលស្រីធម្មតាម្នាក់ទៅឈរបង្ហាញម៉ូតឡាន ហើយត្រូវបានទទួលពាក្យលេបខាយ ដៀមដាមបែបមិនអោយតំលៃពីពិធិករប្រុសដែលគ្មានសីលធម៍២នាក់ អារម្មណ៍ដែលទ្រាំឈរញញឹម ដើម្បីកាងារទាំងដែលមានភាពអៀនខ្មាស់ជាខ្លាំងតែមិនអាចនិយាយអ្វីបាន ។
សូមគិតឡើងវិញ មនុស្សស្រីមិនមែនរបស់លេងសើចសូម្បីតែពាក្យសំដី សូមរៀនអោយតំលៃមនុស្សស្រីឡើងវិញ ព្រោះនាងជាមាតានៃពិភពលោក ព្រោះថា បើគ្មានមនុស្សស្រី គ្រប់គ្នាក៏មិនអាចមានរូបរាងនៅលើពិភពលោកនេះដែរ ។

យ៉ាងណា ក្រោយពីឃើញមានផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្តពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈនោះ ពិធីករ លោក វុត្ថា ដែលជាអ្នកនិយាយពាក្យសម្តីខាងលើនេះ ក៏បានចេញសុំទោសជាសាធារណៈផងដែរ ។
តាមរយៈវីដេអូសុំទោសបង្ហោះលើបណ្តាញសង្គមលោកបានលើកឡើងថា លោកសុំទោសទៅកាន់ប្អូនស្រីជាអ្នកលើស្លាកទឹក ដែលលោកបាននិយាយលេងសើចធ្វើអោយប៉ះពាល់ដល់កិត្តិយសប្អូនស្រី ខណៈពេលដែលរូបភាពវីដេអូនោះ គឺអេតមីនរបស់លោកជាអ្នកយកទៅផុស ។
ទោះជាយ៉ាងណា ក្រោយឃើញមានការរិះគន់ច្រើនពីសំណាក់បងប្អូននោះ លោកក៏សម្រេចលុបវីដេអូនោះចោលវិញ ហើយក៏បានធ្វើការសុំទោសទៅកាន់ប្អូនស្រីរួចហើយដែរ ៕



ចែករំលែកព័តមាននេះ