រាជធានីភ្នំពេញ ៖ តារាចម្រៀងពហុជំនាញអ្នកនាងខាត់ សុឃីម កំពុងតែជម្រុញកូនប្រុសរបស់នាងអោយចូលប្រឡូកសិល្បៈដូចខ្លួនក្នុងពេលដែលនាងក៏បានត្រៀមខ្លួនបញ្ជូនកូនប្រុសទៅរៀននៅក្រៅប្រទេសលើជំនាញពាក់ព័ន្ធលើវិស័យមួយនេះផងដែរ ។

ស្កាយ មានវ័យ១៩ឆ្នាំ គឺជាកូនប្រុសតែមួយរបស់អ្នកនាង ខាត់ សុឃីម កំពុងតែចម្រើនវ័យកាន់តែធំ ហើយមាននិស្ស័យ និងដុងសិល្បៈ ដូចជារូបនាងផងដែរ ដែលនោះ ទើបជាហេតុធ្វើអោយនាងជម្រុញ និងត្រៀមបញ្ចូនកូនប្រុសទៅសិក្សាលើជំនាញសិល្បៈនៅឯក្រៅប្រទេស ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច កាលពីពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានលើកឡើងថា កូនប្រុសរបស់នាង (ស្កាយ) ទោះបញ្ជូនទៅណាក៏មិនទៅដែរ ក្រៅពីការចង់រៀនខាងភ្លេង ក្នុងពេលដែលកូនរបស់នាងក៏មានដុងលើផ្នែកមួយនេះផងដែរ ។

នាងបញ្ជាក់ថា ដោយសារឃើញកូនមានដុងសិល្បះមួយនេះ ទើបនាងបានជម្រុញ និងត្រៀមបញ្ជូនកូនទៅរៀនផ្នែកភ្លេងនេះនៅសហរដ្ឋអាមេរិកនាពេលខាងមុខ ។ នាងថា ភាគច្រើនកូនខ្មែរយើងទៅរៀននៅអាមេរិកលើមុខវិជ្ជាផ្សេងៗ តែសម្រាប់រៀនផ្នែកសិល្បៈនេះគឺកម្រ ហេតុនេះនាងចង់លើកទឹកចិត្តកូន ព្រោះកូនចង់រៀនភ្លេង និងធ្វើភ្លេងដែលមានរស់និយមតាមបែបអាមេរិកនេះ ។
អ្នកនាងបន្ថែមថា បច្ចុប្បន្ន នាងកំពុងតែអោយកូនសិក្សាលើភាសាអង់គ្លេសបន្ថែមតាមសាលាគេតម្រូវ ព្រោះគេចង់អោយយើងយល់អោយច្បាស់ពីការប្រើប្រាស់ភាសា នៅមុនពេលដាក់ពាក្យចូលប្រឡងដើម្បីរៀននៅសាលាតែម្តង ។

បើតាមអ្នកនាង ខាត់ សុឃីម ជាដំបូងអ្នកនាងចង់អោយកូនផ្តោតសំខាន់នៅក្នុងការហាត់ធ្វើភ្លេងអោយបានគ្រប់ទម្រង់ មុនពេលអោយកូនផ្តោតលើការច្រៀង ព្រោះប្រសិនបើកូនមានមូលដ្ឋានគ្រឹះល្អនៅឯក្រៅប្រទេសហើយនោះ ពេលមកស្រុកខ្មែរយើងក៏អាចធ្វើបទភ្លេងតាមបែបយុវជនបានយ៉ាងល្អផងដែរ ។
អ្នកនាងថា សិល្បៈសម័យណាក៏ដោយ គឺត្រូវការមូលដ្ឋានគ្រឹះដែរ ហើយសម្រាប់ការសិក្សាលើផ្នែកភ្លេងនៅសហរដ្ឋអាមេរិកនេះគឺកូនរបស់អ្នកនាងអាចចំណាយពេលរៀនចាប់ពី៣ទៅ៥ឆ្នាំ ។
អ្នកនាង ខាត់ សុឃីម បានលើកឡើងបន្ថែមថា កូនប្រុសរបស់នាងគឺហាក់មានដុងលើផ្នែកមួយនេះ ពោលគ្រាន់តែកូនមើលគេលេងឧបករណ៍តន្ត្រីមិនថា បុរាណឬសម័យគឺគាត់អាចចេះ និងដឹងបានច្រើន ក្នុងពេលដែលគាត់ក៏មានរៀមច្បងជួយបង្ហាត់បង្ហាញខ្លះៗផងដែរ ។

អ្នកនាងបញ្ចាក់ថា ការបញ្ជូនកូនទៅរៀនផ្នែកតន្ត្រីនៅក្រៅប្រទេសនេះគឺអាចចំណាយច្រើន ហើយការទៅរៀននេះគឺនាងបញ្ជូនកូនទៅសាលាតន្ត្រីគេតែម្តង ដោយមិនបញ្ជូនទៅតាមក្លឹប ឬកន្លែងកំសាន្តនានាផ្សេងឡើយ ។
យ៉ាងណានាងរំពឹងថា កូនប្រុសរបស់នាងនឹងទទួលបានជោគជ័យលើជំនាញសិល្បះមួយនេះ ហើយប្រសិនបើរៀនចប់ចេះ កូនរបស់នាងចង់បើកជាផលិតកម្មខ្លួនឯងក៏នាងយល់ស្របជាមួយកូនផងដែរ ៕






ចែករំលែកព័តមាននេះ