រាជធានីភ្នំពេញ ៖ ក្នុងពេលដែលចំណងស្នេហ៍កាន់តែយល់ចិត្តគ្នាកាន់តែច្បាស់នោះ តារាសម្តែងក្បាច់គុន នាង ពេជ្រ ចរណៃ ទំនងជាអាចកាន់ដៃគ្នាជាមួយគូស្នេហ៍ចូលរោងការនៅក្នុងពេលឆាប់ៗនេះ ។

តម្រុយនេះ បានស្តែងចេញអោយឃើញតាមរយៈការបញ្ចេញនូវរូបភាពវីដេអូ រវាងតារាស្រីរូបនេះ និងគូស្នេហ៍បង្ហាញពីសកម្មភាពថតរូបឈុតរៀបការនៅក្នុងស្ទីឌីយោមួយ ខណៈពេលរូបនេះ ក៏ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ពេជ្រ ចរណៃ និងគូស្នេហ៍របស់នាងផងដែរ ។
ជាងនេះទៅទៀត តាមរយៈការបង្ហាញរូបភាពវីដេអូថតឈុតរៀបការនេះផងដែរ គូស្នេហ៍របស់នាងដែលមានឈ្មោះ រីទ្ធី រាជស័ក្តិ ក៏បានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្តាញសង្គមដោយខ្លីថា កុំភ្លេចចូលរួមផងណាឆាប់ៗនេះហើយ ។

ចំណែកពេជ្រ ចរណៃ វិញក៏បានចែកចាយរូបភាពពីគូស្នេហ៍របស់នាងដោយភ្ជាប់ជាមួយនឹងសំណេរថា អីយ៉ា ហ៊ាស័ក្តិ រឹទ្ធី រាជស័ក្តិកុំធ្វើអោយកូនក្រមុំគេអរណា គេត្រៀមខ្លួនរួចហើយ ។
តាមរយៈសំណេរ និងរូបភាពដែលបានបង្ហោះខាងលើនេះគេអាចសន្និដ្ឋានបានថា អ្នកទាំងពីរនឹងមានដំណឹងល្អនាពេលឆាប់ៗខាងមុខនេះ ក្នុងពេលដែលនេះក៍ជាដំណឹងល្អសម្រាប់អ្នកគាំទ្រផងដែរ ។

ជាការកត់សម្គាល់ ជុំវិញរឿងរ៉ាវស្នេហានេះ តារាសម្តែងនាង ពេជ្រ ចរណៃ ក៏ធ្លាប់បានលើកឡើងប្រាប់កោះសន្តិភាពដោយនាងទទួលស្គាល់រឿងមានម្ចាស់បេះដូង តែកំពុងស្ថិតក្នុងការមើលចិត្តគ្នា ។
នៅពេលសួរនាំពីគម្រៀងចូលរោងការនៅពេលណានោះ តារាស្រីរូបនេះបាននបញ្ជាក់ថា នាងនៅមិនទាន់អាចកំណត់ថ្ងៃចូលរោងការនៅពេលណានៅឡើយទេ ប៉ុន្តែគូស្នេហ៍របស់នាងបានរំអុកចង់រៀបការនៅក្នុងឆ្នាំនេះ ។

នាងនិយាយថា តាមការចុះផ្សាយថាខ្ញុំជិតរៀបការនោះគឺពិត ដោយសារខាងប្រុសទទូចសុំរៀបការនៅឆ្នាំ2025នេះ ។ នាងបន្ថែមថា កន្លងមក រឿងនឹងខ្ញុំនៅមិនទាន់សម្រេចចិត្តទេ តែអាណិតខាងប្រុសដែរ គ្នាខំស្រលាញ់មកច្រើនឆ្នាំហើយ តែខ្ញុំហាក់ដូចជាមិនទាន់សម្រេចចិត្ត។
នាងបញ្ជាក់ថា ការមិនទាន់សម្រេចចិត្តរៀបការភ្លាម គឺមកពីខ្ញុំធ្លាប់ខូចចិត្តខ្លាំងរឿងស្នេហាពីមុន ហើយមានអារម្មណ៍ដូចជានៅខ្លាចក្នុងការចាប់ផ្ដើមម្ដងទៀត ហើយមួយទៀតរឹតតែខ្លាចបាត់បង់គាត់ ព្រោះគាត់ជាមនុស្សល្អ ។

យ៉ាងណាបើតាម ពេជ្រ ចរណៃ មិនទាន់ច្បាស់រឿងរៀបការ តែក៏មិនយូរទៀតដែរ ព្រោះគាត់ល្អសឹងរកកន្លែងណាដែលយើងអាចប្រកែកបានជាមួយគាត់៕



ចែករំលែកព័តមាននេះ