ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អឺរ៉ុប​ថា​ខ្លួន​គួរ​ណាស់​មាន​ចំណែ​ក​ចូល​រួម​ដោះ​ស្រា​យ​បញ្ហា​អ៊ុយ​ក្រែន

9 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ​ប្រទេស​មហា​អំណាច​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​ដូច​ជា​​អង់​គ្លេស បារាំង និង​អាល្លឺម៉ង់​ជា​ដើម​បាន​ប្រកាស​កាល​ពី​យប់​មិញ​ថា​ពួក​​គេ​ចង់​​ចូល​រួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អាមេរិក និង​រុស្ស៊ី​។ ប៉ុន្តែ​ពួក​គេ​សូម​គូស​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​មាន​តែ​ការ​ចរ​ចា​គ្នា​ដែល​ប្រក​ប​ដោយ​ភាព​យុត្តិ​ធម៌​តែ​ប៉ុណ្ណោះ​​ទើប​អាច​ធានា​សន្តិ​សុខ​ និង​សន្តិ​ភាព​យូរ​អង្វែង​សម្រាប់​អ៊ុយ​ក្រែន​។​​ សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖ វត្ថុបំណង​​​រួម​របស់​យើង​​​ត្រូវ​​​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​មាន​ជំហរ​រឹង​មាំ​។ អ៊ុយ​ក្រែន…

ទី​ក្រុង​ប្រ៊ុច​សែល៖ ​ប្រទេស​មហា​អំណាច​ធំ​ៗ​នៅ​ទ្វីប​អឺរ៉ុប​ដូច​ជា​​អង់​គ្លេស បារាំង និង​អាល្លឺម៉ង់​ជា​ដើម​បាន​ប្រកាស​កាល​ពី​យប់​មិញ​ថា​ពួក​​គេ​ចង់​​ចូល​រួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​សន្តិ​ភាព​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អាមេរិក និង​រុស្ស៊ី​។ ប៉ុន្តែ​ពួក​គេ​សូម​គូស​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​មាន​តែ​ការ​ចរ​ចា​គ្នា​ដែល​ប្រក​ប​ដោយ​ភាព​យុត្តិ​ធម៌​តែ​ប៉ុណ្ណោះ​​ទើប​អាច​ធានា​សន្តិ​សុខ​ និង​សន្តិ​ភាព​យូរ​អង្វែង​សម្រាប់​អ៊ុយ​ក្រែន​។​​

សេចក្ដី​ថ្លែង​ការណ៍​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​មាន​សេចក្ដី​ជា​អាទិ៍​ថា​៖ វត្ថុបំណង​​​រួម​របស់​យើង​​​ត្រូវ​​​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​មាន​ជំហរ​រឹង​មាំ​។ អ៊ុយ​ក្រែន និង​អឺរ៉ុប​ត្រូវ​តែ​មាន​ចំណែក​នៅ​ក្នុង​ការ​ចរ​ចា​​។ អ៊ុយ​ក្រែន​គួរ​ណាស់​ទទួល​បាន​ការ​ធានា​សន្តិ​សុខ​ជាតិ​កម្រិត​ខ្ពស់​។ ដើម្បី​ឱ្យ​មាន​សន្តិ​សុខ​រឹង​មាំ​សម្រាប់​តំបន់​អន្តរ​អាត្លង់​ទិច​ គេ​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​មាន​សន្តិ​ភាព​ដោយ​យុត្តិធម៌​ និង​យូរ​អង្វែង​។

ក្រុម​ប្រទេស​មហា​អំណាច​នៅ​អឺរ៉ុប​ទាំង​ប៉ុន្មាន​នេះ​ប្រកាស​ថា​ខ្លួន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ជជែក​គ្នា​ជា​មួយ​ក្រុម​ការ​ងារ​របស់​​អាមេរិកមុន​ពេល​មាន​កិច្ច​ចរ​ចា​ជា​មួយ​រុស្ស៊ី​។ ​រដ្ឋ​មន្ត្រី​​បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និង​គណៈ​កម្ម​ការ​អឺរ៉ុប​បាន​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​យប់​មិញ​។

កិច្ច​ជំនួប​ដែល​រៀប​ចំ​គម្រោង​តាំង​ពី​ច្រើន​សប្ដាហ៍​មក​ហើយ​នោះ​មាន​គោល​ដៅ​ដាក់​ចេញ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​សម្រាប់​ទ្វីប​អឺរ៉ុប​, ពិភាក្សា​គ្នា​ពី​ការ​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែន​, រៀប​ចំ​ផែន​ការ​សម្រាប់​ការ​ចរ​ចា​សន្តិ​ភាព​នា​ពេល​ខាង​មុខ​ និង​​រៀប​គម្រោង​ពិភាក្សា​គ្នា​ជា​មួយ​ក្រុម​ការ​ងារ​របស់​អាមេរិក​នៅ​ពេល​ជួប​គ្នា​នៅ​ទី​ក្រុង​មុយ​និច​ ប្រទេស​អាល្លឺម៉ង់​ខាង​លិច​ នា​ចុង​សប្ដាហ៍​នេះ​។​

ប៉ុន្តែ​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ដែល​រដ្ឋ​មន្ត្រី​កា​រពារ​ជាតិ​អាមេរិក​ប្រកាស​សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​លោក​ត្រាំ​ពាក់​ព័ន្ធ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។ ផ្ទុយ​ពី​ជំហរ​របស់​អឺរ៉ុប​ អាមេរិក​យល់​ថា​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​បាន​បាត់​បង់​ទៅ​រុស្ស៊ី​រួម​ទាំង​តំបន់​គ្រីម៉េ​ដែល​រុស្ស៊ី​ដាក់​បញ្ចូល​ជា​ទឹក​ដី​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៤​ផង​នោះ​មិន​អាច​យក​មក​វិញ​ទេ​។

អាមេរិក​និយាយ​ដោយ​ខ្លី​ថា​ទឹក​ដី​អ៊ុយ​ក្រែន​មុន​ឆ្នាំ​២០១៤​មិន​អាច​យក​មក​វិញ​ទេ​ ហើយ​គោល​បំណង​របស់​អ៊ុយ​ក្រែន​ដែល​ចង់​ចូល​ជា​សមាជិក​​អង្គ​ការ​ណាតូ​ក៏​មិន​អាច​ទៅ​រួច​ដែរ​។ ​រដ្ឋ​មន្ត្រី​អា​មេ​រិក​ប្រកាស​ដូច្នេះ​​​ក្រោយ​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​កាល​ពី​យប់​មិញ​រវាង​លោក​ត្រាំ និ​ង​លោក​ពូទីន​។ លោក​ទាំង​២​បាន​ឯក​ភាព​គ្នា​ថា​នឹង​ចាប់​ផ្ដើម​ការ​ចរ​ចា​គ្នា​ឆាប់​ៗ​នេះ​។

តាម​ពិត ​ក្រុម​ប្រទេស​មហា​អំណាច​នៅ​ទ្វីប​​អឺរ៉ុប​មិន​បាន​ដឹង​តាំង​ពី​ដំបូង​ដៃ​​ថា​មាន​ការ​សន្ទនា​គ្នា​នោះ​ទេ​​ព្រោះ​អាមេរិក​មិន​បាន​ប្រាប់​ឱ្យ​ដឹង​។ ហេតុ​ដូច្នេះ​ ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្រឡាំង​កាំង​តែ​ម្ដង​នៅ​ពេល​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ថ្លែង​ដូច​ខាង​លើ​នេះ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការ​ទូត​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​កិច្ច​ប្រជុំ​នោះ​បាន​​បង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។​

ចំពោះ​សំណួរ​ថា​តើ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​អាច​នឹង​មាន​ចំណែក​​នៅ​ក្នុង​ការ​ចរ​ចា​សន្តិ​ភាព​នេះ​ទេ​? អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក​ស្រី​ខារ៉ូឡាញ លេ​វីត​ (Karoline Leavitt) ​ឆ្លើយ​តប​ថា​លោក​ស្រី​គ្មាន​​បញ្ជី​ឈ្មោះ​ប្រទេស​នៅ​​អឺរ៉ុប​ណា​១​​ដែល​ត្រូវ​ជម្រាប​ជូន​នៅ​​ពេល​នេះ​ទេ​។​ មាន​ន័យ​ថា​ស្រួល​មិន​ស្រួល​ ពួក​អឺរ៉ុប​ប្រហែល​ជា​គេ​ដាក់​ឱ្យ​នៅ​ពី​ក្រោយ​ឆាក​ជា​មិន​ខាន​ឡើយ​៕


​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ