ទីក្រុងវ៉ាស៊ីនតោន៖ ថ្ងៃនេះ លោកត្រាំចេញសារព្រមានធ្ងន់ៗពីវ៉ាស៊ីនតោនទៅតំបន់ហ្កាហ្សា។ លោកថាបើក្រុមហាម៉ាស់មិនព្រមដោះលែងចំណាប់ខ្មាំងនៅចុងសប្ដាហ៍នេះទេ លោកនឹងពិចារណាលុបចោលកិច្ចព្រមព្រៀងនៃបទឈប់បាញ់។ លោកថ្លែងដូច្នេះបន្ទាប់ពីក្រុមហាម៉ាស់ចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នករំលោភទៅលើបទឈប់បាញ់។ ហេតុនេះ នៅពេលចុះហត្ថលេខាទៅលើបទបញ្ជាថ្មីៗកាលពីយប់មិញ លោកត្រាំឆ្លៀតនិយាយពីចំណាប់ខ្មាំង។
លោកបារម្ភថាចំណាប់ខ្មាំងដែលនៅសេសសល់សង្ស័យស្លាប់អស់ហើយក៏មិនដឹង។ លោកសូមនិយាយមួយម៉ាត់ដោយខ្លីទោះស្លាប់ក៏ដោយ រស់ក៏ដោយ បើចំណាប់ខ្មាំងមិនវិលមកវិញដូចកាលកំណត់ទេនឹងមានរឿងធំជាមួយគ្នាជាមិនខានឡើយ។ ក្រោយមក ដោយសារនិយាយទៅហាក់ដូចជាជួយសម្រេចចិត្តជំនួសអ៊ីស្រាអែល លោកត្រាំសូមបញ្ជាក់ឡើងវិញថាបទឈប់បាញ់នេះត្រូវលុបចោល ឬយ៉ាងណាអាស្រ័យទៅលើការសម្រេចចិត្តរបស់អ៊ីស្រាអែលទៅចុះ។
អ្វីដែលលោកនិយាយនេះគឺជាបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ។ ចំណែកខាងភាគីអ៊ីស្រាអែលប្រកាន់ជំហរយ៉ាងណាជាសិទ្ធិស្វ័យសម្រេចរបស់ពួកគេ។ លោកត្រាំសូមផ្ដាំថាតាមពិតនៅក្នុងផែនការរបស់លោក ជនស៊ីវិលប៉ាឡេស្ទីនគ្មានឱកាសវិលទៅស្រុកវិញទេព្រោះលោកចង់បានតំបន់ហ្កាហ្សាជាទឹកដីរបស់អាមេរិកនៅក្រៅប្រទេស។
កាលពីថ្ងៃចន្ទ ក្រុមហាម៉ាស់អះអាងថាដោយសារអ៊ីស្រាអែលរំលោភបទឈប់បាញ់ ដូចនេះ ខ្លួនត្រូវតែពន្យារពេលដោះលែងចំណាប់ខ្មាំង។ ហាម៉ាស់ចោទថាអ៊ីស្រាអែលពន្យារពេលវិលត្រឡប់ទៅផ្ទះវិញនៃជនជាតិប៉ាឡេស្ទីនដែលផ្លាស់ប្ដូរទីលំនៅដោយសារសង្គ្រាមនៅជ្រោយហ្កាហ្សាខាងជើង។ អ៊ីស្រាអែលបាញ់ផ្ដក់កាំភ្លើងធំ និងកាំភ្លើងដៃទៅលើជនស៊ីវិលទាំងនោះ។
អ្នកនាំពាក្យហាម៉ាស់ថ្លែងថាក្រុមរបស់ខ្លួននៅតែគោរពតាមបទឈប់បាញ់ជានិច្ច។ សំខាន់ឱ្យតែអ៊ីស្រាអែលគោរពតាមការសន្យារបស់ខ្លួន។ ប៉ុន្តែគម្រោងដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍សប្ដាហ៍នេះត្រូវតែពន្យារពេល។ ប្រភពពីមន្ត្រីសន្តិសុខជាតិអេហ្ស៊ីបប្រាប់ថាក្រុមប្រទេសសម្របសម្រួលបទឈប់បាញ់កំពុងតែព្រួយបារម្ភថាបទឈប់បាញ់អាចនឹងបរាជ័យ។
ក្រុមហាម៉ាស់ជឿជាក់ថាអ៊ីស្រាអែលមិនសូវយកចិត្តទុកដាក់ខ្ពស់ចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ដែលចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា។ ចំណាប់ខ្មាំងចុងក្រោយត្រូវបានដោះលែងកាលពីចុងសប្ដាហ៍មុន។ ពួកគេជាបុរសជនជាតិអ៊ីស្រាអែល។ តាមគម្រោងនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្រុមហាម៉ាស់ត្រៀមដោះលែងជនជាតិអ៊ីស្រាអែលបីនាក់ទៀតជាថ្នូរនឹងអ៊ីស្រាអែលត្រៀមដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនរាប់រយនាក់៕
ចែករំលែកព័តមាននេះ