រាជធានីភ្នំពេញ ៖ ក្នុងនាមជាភរិយា លោកស្រី សូ សាវឿន បានសម្តែងការអរគុណទៅដល់ក្រសួង
វប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្តល់សិទ្ធិដល់អ្នកស្រីនៅក្នុងការគ្រប់គ្រងលើស្នាដៃនិពន្ធបទចម្រៀងរបស់ស្វាមីក្នុងពេលដែលអ្នកស្រីចាត់ទុកថា នេះជាបំណងចុងក្រោយក្នុងឆាកជីវិតរបស់អ្នកស្រី ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/59b514174bffe4ae402b3d63aad79fe0.jpg)
ក្រសួងបានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងជូនអ្នកស្រី សូ សាវឿន នូវបទចម្រៀងនិពន្ធដផយលោក កែវ ឯម ដែលជាស្វាមីរបស់អ្នកស្រីចំនួន៤២បទតាមសំណើ បន្ទាប់ពីក្រសួងបានធ្វើការសិក្សាស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ។
ក្រោយឃើញការសេចក្តីជូនដំណឹងខាងលើ ដែលចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នោះមក អ្នកស្រី សូ សាវឿន បានសម្តែងក្តីរំភើបយ៉ាងខ្លាំង ដោយចាត់ទុកនេះ ជាការយកចិត្តទុកដាក់របស់ស្ថាប័នពាក់ព័ន្ធមកលើក្រុមគ្រួសាររបស់អ្នកស្រី ។
អ្នកស្រី សូ សាវឿន បានបង្ហោះសំណេរតាមបណ្តាញសង្គមថា ជំរាបសួរបងប្អូនកូនក្មួយទាំងអស់គ្នានាងខ្ញុំមានសេចក្កីរំភើបជាក្រៃលែង ដោយនាងខ្ញុំមានសង្ឃឹមយ៉ាងមុតមាំលើក្រសួងវប្បធម៌និង វិចិត្រសិល្បៈក្នុងការផ្តល់សិទ្ធិអោយនាងខ្ញុំបានគ្រប់គ្រងនៅស្នាដៃនិពន្ឋរបស់ស្វាមីនាងខ្ញុំ និងរក្សាបាននៅបទចម្រៀងនាសម័យដើម ដើម្បីទុកអោយបងប្អូនកូនក្មួយបានស្តាប់និងស្គាល់នៅស្នាដៃអ្នកនិពន្ធជំនាន់មុនមិនថាស្វាមីនាងខ្ញុំ ឬកវីអ្នកនិពន្ធផ្សេងទៀតនោះឡើយ ។
ជាចុងក្រោយ នាងខ្ញុំសុំថ្លែងអំណរគុណដល់សាមីក្រសួងដែលបានយកចិត្តទុកដាក់ចំពោះរូបនាងខ្ញុំ និងសុំអរគុណដល់បងប្អូនកូនក្មួយទាំងអស់ដែលបានចូលចិត្តស្រលាញ់ចម្រៀងនាសម័យដើមមិនថា ចម្រៀងនាងខ្ញុំ ឬរៀមច្បងដទៃទៀតនោះទេ ។
អ្នកស្រីបញ្ជាក់ថា នាងខ្ញុំរស់នៅរាល់ថ្ងៃគ្នាសង្ឃឹមអ្វីនោះទេ នេះជាបំណងចុងក្រោយរបស់នាងខ្ញុំ សុំបងប្អូនកូនក្មួយទាំងអស់ជួយអោយបំណងមួយនេះបានសំរេចផងទៅចុះ សូមជូនពរដល់បងប្អូនកូនក្មួយទាំងអស់ជួបតែពុទ្ឋពរបួនប្រការ អាយុ វណ្ណះ សុខះ ពលះគម្បីឃ្លៀងឃ្លាតឡើយ ។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអោយដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន ។
ឆ្លងតាមការសិក្សាស្រាវជ្រាវក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយលោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ)។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២(សែសិបពីរ)បទ តាមសំណើនាពេលខាងមុខ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសូមប្រកាសជូនដំណឹងថា រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើអាចដាក់ពាក្យបណ្តឹង ដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋានលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ ០២៣ ៧២៧ ៣៤៧ និង០៧៧ ៦០៩ ៦០៦ តាមរយៈសារអេឡិចត្រូនិច info@mcfa.gov.kh និង kangsamoeun@yahoo.com ដើម្បីក្រសួងពិនិត្យនិងដោះស្រាយករណីនៃការជំទាស់នេះ។
សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេល០១(មួយ)ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ បទចម្រៀងដែលនិពន្ធដោយលោក កែវ ឯម ស្វាមីរបស់អ្នកស្រី សូ សាវឿន ចំនួន៤២បទដែលក្រសួងសម្រេចផ្តល់សិទ្ធិគ្រប់គ្រងនោះរួមមាន៖
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/33e402e5a4b888fd8044674c780e94ec.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/03f062e21ef67101d730e27a97b8e37f.jpg)
ចែករំលែកព័តមាននេះ