ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃប្រេងទំនងនឹងធ្លាក់ចុះក្នុងរយៈពេលវែង បន្ទាប់ពីការដំឡើងពន្ធលើកដំបូងរបស់លោក ត្រាំ

8 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ អ្នកឃ្លាំមើលឧស្សាហកម្មប្រេងបានលើកឡើងថា តម្លៃប្រេងទំនងជានឹងធ្លាក់ចុះនៅក្នុងរយៈពេលដ៏វែង បន្ទាប់ពីការដំឡើងពន្ធលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)…

សហរដ្ឋអាមេរិក ៖ អ្នកឃ្លាំមើលឧស្សាហកម្មប្រេងបានលើកឡើងថា តម្លៃប្រេងទំនងជានឹងធ្លាក់ចុះនៅក្នុងរយៈពេលដ៏វែង បន្ទាប់ពីការដំឡើងពន្ធលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លើប្រទេសកាណាដា ម៉ិកស៊ិក និងចិន។ នេះបើតាមប្រភពពីសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

ប្រភពពី Reuters នៅថ្ងៃទី៣ ខែកុម្ភៈ បានឱ្យដឹងថា តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate មានតម្លៃ ៧៣,៨៩ដុល្លារក្នុងមួយបារ៉ែល កើនឡើង ១,៣៦ដុល្លារ ឬ ១,៨៨% បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៤ ខែមករា កន្លងទៅ នៅក្នុងតម្លៃ ៧៥.១៨ ,ដុល្លារក្នុងមួយបារ៉ែល។ ចំណែកប្រេងឆៅ Brent បានកើនឡើង ៧៣ សេន ឬ ០,៩៦% នៅក្នុងតម្លៃ ៧៦,៤០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ៧៧,៣៤ដុល្លារ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក និងដំឡើងពន្ធ ១០% លើទំនិញពីចិនផងដែរ ដែលត្រូវចូលជាធរមានចាប់ពីថ្ងៃទី៤ ខែកុម្ភៈ តទៅ។ ទិន្នន័យចុងក្រោយបំផុតពីរដ្ឋបាលព័ត៌មានថាមពលរបស់អាមេរិកបង្ហាញថា ការនាំចូលប្រេងឆៅពីកាណាដាបានឈានដល់កំណត់ត្រា ៤,៣លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកក្កដា ឆ្នាំមុន បន្ទាប់ពីការពង្រីកបំពង់បង្ហូរប្រេង Trans Mountain របស់ប្រទេសនេះ។ កាណាដាមានចំណែកប្រហែល ៦២% នៃការនាំចូលប្រេងឆៅសរុបរបស់អាមេរិកក្នុងរយៈពេល១០ខែដំបូង កាលពីឆ្នាំមុន ខណៈម៉ិកស៊ិកមានប្រហែល ៧% ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា។

អ្នកឃ្លាំមើលប្រេងបានប្រាប់ CNBC ថា នៅពេលទីផ្សារប្រេងឆៅនឹងឃើញតម្លៃកាន់តែខ្ពស់ អ្នកប្រើប្រាស់នឹងត្រូវចំណាយលុយកាន់តែច្រើនសម្រាប់ថ្លៃសាំង និងប្រេងម៉ាស៊ូតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តែការកើនឡើងនេះ គ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ។ លោក Andy Lipow ប្រធានក្រុមហ៊ុន Lipow បានថ្លែងថា ការផ្លាស់ប្តូរដំបូងលើតម្លៃប្រេងឆៅ ការអនុវត្តពន្ធ និងសកម្មភាពសងសឹកដោយកាណាដា ម៉ិកស៊ិក និងចិន នៅពេលខាងមុខ អាចនាំឱ្យមានវិបត្តិកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ដែលបណ្តាលឱ្យតម្លៃប្រេងធ្លាក់ចុះ។

លោកបន្តថា ការដំឡើងពន្ធមិនបណ្តាលឱ្យការផ្គត់ផ្គង់ប្រេងណាមួយ ត្រូវបានដកចេញពីទីផ្សារនោះទេ ហើយនឹងមានការចែកចាយការផ្គត់ផ្គង់ នៅពេលម៉ិកស៊ិក និងកាណាដា សម្លឹងមើលការបង្វែរបរិមាណប្រេងពួកគេទៅកាន់អឺរ៉ុប និងអាស៊ី។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនចម្រាញ់ប្រេងសហរដ្ឋអាមេរិក នឹងសម្លឹងមើលការកែច្នៃប្រេងឆៅក្នុងស្រុកបន្ថែមទៀត ខណៈពេលកំពុងស្វែងរកជម្រើសផ្សេងទៀតនៅមជ្ឈិមបូព៌ា។

លោក Saul Kavonic ប្រធានផ្នែកស្រាវជ្រាវថាមពលនៅក្រុមហ៊ុន MST Marquee បានលើកឡើងថា ទាំងប្រទេសកាណាដា និងម៉ិកស៊ិកសមត្ថភាពចម្រាញ់ប្រេងមានកម្រិត ឬបង្វែរផ្លូវនាំចេញជំនួស ហើយការដំឡើងពន្ធទំនងជានឹងជំរុញក្រុមហ៊ុនផលិតប្រេងនៅក្នុងប្រទេសទាំងពីរឱ្យមានការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់។

លើសពីនេះទៀត តម្លៃប្រេងពិភពលោកអាចនឹងធ្លាក់ចុះ ដោយសារតែពន្ធនាំឱ្យរូបភាពនៃតម្រូវការប្រេងកាន់តែអាក្រក់ ហើយបណ្តាប្រទេសផលិតប្រេង OPEC+ ប្រឈមនឹងសម្ពាធបន្ថែមទៀតពីលោក ត្រាំ ដើម្បីបញ្ច្រាសការកាត់បន្ថយផលិតកម្ម។ ជាក់ស្តែង ថ្មីៗនេះ លោក ត្រាំ បានថ្លែងថា លោកកំពុងជំរុញប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុម OPEC ឱ្យបញ្ចុះតម្លៃប្រេង។ OPEC+ បាននឹងកំពុងកាត់បន្ថយប្រេង ២,២លានបារ៉ែលក្នុងមួយថ្ងៃពីទីផ្សារពិភពលោក ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃ។ កាលពីខែធ្នូ ឆ្នាំ២០២៤ ក្រុមមួយនេះ បានសម្រេចចិត្តបន្តកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនរហូតដល់ខែមីនា ឆ្នាំ ២០២៥ មុនពេលបន្ធូរបន្ថយបន្តិចម្តងៗក្នុងរយៈពេលមួយឆ្នាំ៕ ប្រភព ៖ CNBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ