អតីតបេក្ខភាពបវរកញ្ញា អ៊ិន លក្ខិណា ហាក់សម្តែងការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងបានឃើញពាក្យរិះគន់ពីមហាជនមួយចំនួនបន្ទាប់ពីនាងបានធ្វើជាវីដេអូ (Vlog) បង្ហាញពីការសកម្មភាពមួយចំនួនរបស់នាងនៅក្នុងប្រទេសវៀតណាម ។
ក្នុងវីដេអូមួយនេះ អ៊ិន លក្ខិណា បានបង្ហាញសកម្មភាពគ្រងសម្លៀកបំពាក់ និងពាក់មួកដូនដែលជាប្រពៃណីវៀតណាមជាមួយនឹងការញាំអាហារ និងកាហ្វេ ដែលជាអាហារដ៏ពេញនិយមមួយ នៅក្នុងប្រទេសវៀតណាម ។ តាមរយៈសកម្មភាពទាំងអស់នេះ តារារូបនេះក៏បានទទួលពាក្យរិះគន់ពីមហាជនមួយចំនួនដោយពួកគេយល់ថា នាងជាកូនខ្មែរបែរជាធ្វើសកម្មភាពផ្សព្វផ្សាយពីប្រទេសគេទៅវិញមិនផ្សព្វផ្សាយពីប្រទេសខ្លួនឯង ដោយនៅក្នុងនោះក៏មានមហាជនខ្លះបានប្រើពាក្យសម្តីធ្ងន់ៗ និងអស្សុរសមកលើរូបនាងផងដែរ ។
យ៉ាងណា អ៊ិន លក្ខិណា បានចាត់ទុកការរិះគន់ទាំងអស់នេះ ហាក់មិនសមហេតុផល ត្បិតមុនពេលដែលនាងបានធ្វើវីដេអូមួយនេះក្នុងប្រទេសវៀតណាម នាងក៏បានធ្វើវីដេអូជាច្រើនបង្ហាញពីវប្បធម៌ប្រទេសកម្ពុជាយើងផងដែរ ។
អ៊ិន លក្ខិណា បានលើកឡើងថា ក្នុងនាមនាងជាអ្នកធ្វើ Vlog ម្នាក់ តែបែរជានាងទទួលបានពាក្យខំមិនបែបនេះ (ពាក្យជេរប្រមាថ) ដែលភាសាបែបនេះបានធ្លាក់មកលើរូបនាងក្នុងពេលដែលនាងគ្រាន់តែជាអ្នកធ្វើ Review ម្នាក់ ដើម្បីឲ្យបងប្អូនបានឃើញពីពិភពខាងក្រៅ ។ នាងថា ខ្ញុំដឹងមានមនុស្សមួយចំនួន ដែលគាត់មានលុយ តែមិនប្រាកដថា គាត់មានពេលវេលាទៅកន្លែងទាំងអស់នេះទេ អញ្ចឹងខ្ញុំចាត់ទុកខ្លួនឯងជាកាមេរ៉ាមួយដែលឆ្លុះបញ្ចាំង សម្រាប់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញពីពិភពខាងក្រៅ ។
នាងបញ្ជាក់ថា នៅមុនពេលដែលនាងមកកាន់ប្រទេសវៀតណាម នាងបានធ្វើសកម្មភាពជាច្រើននៅក្នុងប្រទេសកម្ពុជារបស់យើង ដោយកន្លងនាងបានហៅ Miss Cosmo ដែលជាជនជាតិឥណ្ឌូណេស៊ី ក៏ដូចជា CEO ដែលគាត់ជាជនជាតិវៀតណាមផ្ទាល់តែម្តងមកលេងប្រទេសកម្ពុជា ហើយពួកគាត់ពិតជាសប្បាយរីករាយពេលមកដល់ប្រទេសកម្ពុជា ។
នាងបន្តថា អំឡុងពេលនោះពួកគាត់បានចែករំលែកវប្បធម៌ និងអរិយ៍ធម៌របស់យើងនៅលើផេករបស់ពួកគាត់ដូចគ្នា ហើយពួកគាត់ក៏មានការរីករាយនៅក្នុងការចែករំលែកចំពោះរឿងនេះផងដែរ ។ នាងថា ខ្ញុំចង់ប្រាប់បងប្អូនថា ខ្ញុំបានផុសការរាំរបាំអប្សាជាច្រើន ប៉ុន្តែបងប្អូនប្រជាជនខ្មែរយើងមួយចំនួនដែលបានចូលខំមិនរូបខ្ញុំបែបនេះ គឺពួកគាត់មិនបានបើកភ្នែកមើលឡើយ គឺបិទភ្នែកតែម្តង ចឹងខ្ញុំអាចនិយាយប្រាប់ថា សូមបងប្អូនទៅមើលវីដេអូនេះម្តងទៀតបានគឺ View បានតិចមែនទែន ។
ដោយឡែក ពេលដែលនាងបានផុសវីដេអូមកប្រទេសវៀតណាមភ្លាមក៏មានបងប្អូនមួយចំនួនបានមកខំមិនជេរនាងតែម្តង ប៉ុន្តែមិនអ្វីទេ បងប្អូនអាចរិះគន់បាន ប៉ុន្តែនាងសង្ឃឹមថា អ្នកដែលរិះគន់ចូលមើលហើយ ក៏បានប្រយោជន៍ពីវីដេអូនេះដូចគ្នា ។
គួរបញ្ជាក់ថា កញ្ញា អ៊ិន លក្ខិណា ត្រូវបានស្ថាប័នជ្រើសតាំងជា Miss Cosmo Cambodia 2024 ដើម្បីតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss Cosmo 2024 ដែលរៀបចំធ្វើឡើងនៅទឹកដីប្រទេសវៀតណាម កាលពីអំឡុង ខែកញ្ញា ឆ្នាំ២០២៤ ។
អ៊ិន លក្ខិណា ជាបវរកញ្ញាកម្ពុជាដំបូងគេបង្អស់ដែលបាននាំយកទង់កម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិដ៏ធំនេះ ។ បើទោះបីកម្មវិធីនេះមិនទទួលបានម្កុដ ប៉ុន្តែ អ៊ិន លក្ខិណា ក៏បានឈានដល់ Top 10 នៅក្នុងកម្មវិធីនេះផងដែរ ហើយបន្ទាប់ពីចប់ការប្រកួតតារាស្រីរូបនេះកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែច្រើនឡើងជាងមុនពីសំណាក់បងប្អូនខ្មែរ ។
មិនត្រឹមតែទទួលបានការគាំទ្រនៅក្នុងស្រុកយ៉ាងច្រើនលើសលប់ប៉ុណ្ណោះទេ បើងាកទៅចាប់អារម្មណ៍អ្នកគាំទ្រនៅប្រទេសវៀតណាមវិញឃើញថា លក្ខិណា ក៏ទទួលបានការស្រឡាញ់ និងចូលចិត្តយ៉ាងច្រើនពីមហាជននៅទីនោះផងដែរ ៕
ចែករំលែកព័តមាននេះ