ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែមិថុនា​​​ប្រជា​ពលរដ្ឋ​​បាន​​​ប្រមូល​ផ្តុំគ្នា​​​​តវ៉ា​​​បញ្ហា​​​ទំនាស់​ដីធ្លី​​​៣លើក​​

12 ឆ្នាំ មុន

ខេត្ត​កំពង់ធំ​ ៖ ខេត្ត​កំពង់​ធំ​ក៏​​ដូចជា​បណ្តា​​​ខេត្ត​នានា​​ក្នុង​ប្រទេស​​ដែរ បញ្ហា​​​ទំនាស់​​ដីធ្លី​​​និង​​​​បញ្ហា​ចាប់​យក​ដីព្រៃ​​​​របស់​រដ្ឋ​នៅ​តែបន្ត​កើត​មាន​ តែត្រូវ​​​បាន​កម្លាំង​​សមត្ថ​កិច្ច​​​និង​អាជ្ញាធរ​​​ស្រុក​-​ខេត្ត​​​ព្យាយាម​​​ធ្វើ​ការ​​​សម្រប​សម្រួល​​​​និង​ដោះ​ស្រាយ​​​ទប់​ស្កាត់​​បាន​នូវរាល់​​អំពើ​ហិ.ង្សា​​មិនឱ្យ​កើត​​មាន​ ។ យោង​​តាម​​​របាយ​​ការណ៍​​របស់​ស្នង​​​ការ​ដ្ឋាន​​នគរ​បាល​

ខេត្ត​កំពង់ធំ​ ៖ ខេត្ត​កំពង់​ធំ​ក៏​​ដូចជា​បណ្តា​​​ខេត្ត​នានា​​ក្នុង​ប្រទេស​​ដែរ បញ្ហា​​​ទំនាស់​​ដីធ្លី​​​និង​​​​បញ្ហា​ចាប់​យក​ដីព្រៃ​​​​របស់​រដ្ឋ​នៅ​តែបន្ត​កើត​មាន​ តែត្រូវ​​​បាន​កម្លាំង​​សមត្ថ​កិច្ច​​​និង​អាជ្ញាធរ​​​ស្រុក​-​ខេត្ត​​​ព្យាយាម​​​ធ្វើ​ការ​​​សម្រប​សម្រួល​​​​និង​ដោះ​ស្រាយ​​​ទប់​ស្កាត់​​បាន​នូវរាល់​​អំពើ​ហិង្សា​​មិនឱ្យ​កើត​​មាន​ ។ យោង​​តាម​​​របាយ​​ការណ៍​​របស់​ស្នង​​​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​កំពង់​​ធំ​បាន​ឱ្យ​​ដឹងថា នៅ​ក្នុង​​ខែមិថុនា​ កន្លង​ទៅ​នេះ​ សកម្ម​ភាព​​ប្រជាពល​រដ្ឋ​ប្រមូល​ផ្តុំ​គ្នា​​​កើត​មាន​ចំនួន​​៣​លើក​​ ក្នុង​នោះ​​​បញ្ហា​​ទំនាស់​​​ដីធ្លី​មាន​២​លើក​​ នៅស្រុក​​កំពង់​ស្វាយ និង​បញ្ហា​​​ចាប់​​យក​​ដីរដ្ឋ​​​ក្នុង​​​ដែន​ជម្រក​​​សត្វ​​​​១លើក​​ នៅស្រុក​​​ប្រាសាទ​​បល្ល័ង្ក ។

ទាក់ទង​​ទៅនឹង​​​សកម្ម​ភាព​​​របស់​​ប្រជាពល​រដ្ឋ​​​ខាង​លើ​ គឺ​នៅដើម​​ខែមិថុនា មាន​ប្រជាពល​រដ្ឋ​​​ស្រុក​​ប្រាសាទ​​បល្ល័ង្ក បាន​​ប្រមូល​​ផ្តុំ​គ្នា​​​ប្រមាណ​​៧៣​គ្រួសារ​ មកពី​​៤ភូមិ​ ក្នុងនោះ​​នៅ​ឃុំ​​​​សាគ្រាម​​ ៣ភូមិ គឺភូមិ​ពាមអាទិត្យ ភូមិ​វាល​ថ្នល់​ និង​ភូមិ​​សាគ្រាម​។ ​​ចំណែក​ឃុំ​​ដូង​មាន​​​១ភូមិ​ គឺភូមិ​ដូង​ បាន​​ធ្វើ​សកម្មភាព​ចាប់​​យកដី​​រដ្ឋ​​ដោយ​ខុសច្បាប់​​ ក្នុងតំបន់​​ដែន​ជម្រក​​​សត្វព្រៃ​​​ បឹងពែរ​ ត្រង់​​ចំណុច​តំបន់​​ថ្លុក​​ ក្នុង​ឃុំ​សាគ្រាម​ ។ ​ផ្តើម​​ចេញ​​ពី​សកម្ម​ភាព​​​ខាង​លើ​​ កម្លាំង​​ប៉ូលិស​​ស្រុក​ប្រាសាទ​​​បល្ល័ង្ក​សហការ​ជាមួយ​មន្ត្រី​​​បរិស្ថាន​​ប្រចាំការ​​​នៅទីនោះ​បាន​ធ្វើ​​ការ​ចាប់​​ឃាត់​ខ្លួន​ជន​២នាក់​ ជា​សមាជិក​​ក្រុម​ប្រឹក្សា​​​ឃុំ​​សាគ្រាម​​តាម​បញ្ជា​​របស់​ព្រះរាជអាជ្ញា​​អម​សាលាដំបូង​ខេត្ត​ ក្នុង​នោះ​មាន​​ម្នាក់​​​ឈ្មោះ​សូ សំអឿ ​ភេទ​ប្រុស អាយុ​​​៥១ឆ្នាំ​ ជាជំទប់​​​ទី១​ ឃុំ​​សាគ្រាម​ មកពី​គណបក្ស​​ហ៊្វុនស៊ិនប៉ិច​​ និង​ម្នាក់​ទៀត​ឈ្មោះ​​អ៊ា ​អឿ ភេទ​ប្រុស អាយុ​​៥៩ឆ្នាំ​ ជាជំទប់​ទី២​ ឃុំ​​សាគ្រាម​ មកពីគណបក្ស​​សម រង្ស៊ី ។ ពួក​​គេទាំង​​​២នាក់​​​រស់​នៅ​ភូមិ​វាល​ថ្នល់​​ ឃុំ​​សាគ្រាម​ ស្រុក​ប្រាសាទ​បល័្លង្ក​ ត្រូវ​​​បាន​សមត្ថកិច្ច​​​​​កសាង​សំណុំ​រឿង​​​បញ្ជូន​​​ទៅសាលា​​ដំបូង​ខេត្ត​ ដើម្បី​​ចាត់​ការ​​តាម​នីតិ​វិធី​​ ។​
 ដោយ​ឡែក ​នៅស្រុក​​​​កំពង់​​ស្វាយ​​ កើត​មាន​​​សកម្ម​ភាព​​ប្រមូល​ផ្តុំ​​២លើក គឺលើក​ទី១​ នៅ​ដើម​ខែមិថុនា មាន​ប្រជាពលរដ្ឋ​​ប្រមាណ​​១០០​នាក់​​​មកពី​​៣ភូមិ​ ក្នុង​ឃុំ​សាន់គរ បាន​មក​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​​បាតុកម្ម​បង្ក​ការ​អុក​ឡុក​​គំរាម​​មកលើ​​​កម្លាំង​​​ប៉ូលិស​​​ និង​តំណាង​​​ក្រុម​ហ៊ុន​​​អភិវឌ្ឍន៍​​​ធ្វើ​ស្រែ​​​ប្រាំង​​​ ដួងហេង សេង ស៊ុនណា និង​គំរាម​​ដុត​គ្រឿង​​ចក្រ​​មិន​ឱ្យ​​ដំណើរ​ការ​​​ជីក​ប្រឡាយ​​​ព័ទ្ធ​​ជុំ​វិញ​ធ្វើ​ព្រំដី​របស់​ក្រុម​ហ៊ុន​​នៅ​​តំបន់​​​ឈូក​វ៉ាន់ ក្នុង​ភូមិ​​​សាស្ត្រ​​​ឃុំ​សាន់​គរ ។

បន្ទាប់​ពី​​​ទទួលបាន​បទ​​បញ្ជា​​របស់​ព្រះរាជ​អាជ្ញា​​ និង​ស្នង​ការ​​​​នគរ​បាល​​​​ខេត្ត​ ប៉ូលិស​​​ស្រុក​​កំពង់​ស្វាយ​​​បាន​ចុះ​​ឃាត់​ខ្លួន​​​ ជន​ម្នាក់​​​ឈ្មោះ​ឃាន សឿន ភេទ​ប្រុស​ អាយុ​​៥៣​ឆ្នាំ​ មាន​ទីលំ​នៅ​ភូមិ​ប្រាសាទ​​អណ្តែត​ ឃុំ​សាន់​គរ​ ស្រុក​កំពង់​​ស្វាយ បញ្ជូន​​​​មក​​សាលា​ដំបូង​​​​​ខេត្ត​​​ដោយ​ចោទ​ប្រកាន់​​ពីបទ​គំរាម​កំហែង​ និង​​បំផ្លិច​បំផ្លាញ​​​​ទ្រព្យ​សម្បត្តិ​​​អ្នក​ដទៃ​​ ហើយ​ត្រូវ​​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​​​​ ។ ​លើក​​ទី២​​ កាលពី​​​ថ្ងៃទី​​៦ មិថុនា ​២០១១​ មាន​ប្រជាពលរដ្ឋ​​មក​ពី៤​ភូមិ​ ក្នុង​ឃុំ​​សាន់គរ​ ស្រុក​​​កំពង់​ស្វាយ​​​ប្រមាណ​​២៧០​​​នាក់​ បាន​​​មក​ប្រមូល​ផ្តុំ​គ្នា​នៅមុខសាលា​​ខេត្ត​ដើម្បី​សុំជួប​អភិបាល​​​ខេត្ត ឱ្យជួយ​ដោះ​ស្រាយ​​បញ្ហា​​​មួយ​ចំនួន​​ ១-សុំ​​​ឱ្យ​តុលាការ​​ដោះលែង​​​​​ឈ្មោះ​​​ឃាន សឿន ២-​សុំ​កុំ​ឱ្យ​មានការ​ចោទ​ប្រកាន់​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ថា​ជាមេ​ខ្លោង​ ៣-​​សុំ​ឱ្យ​ជួយ​ដោះ​​ស្រាយ​​​​បញ្ហា​​ដីស្រែ​ដែល​ពាក់​ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ដួង​ហេង ។ ករណី​​នេះ​​ អភិបាល​ខេត្ត​បាន​ទទួល​​សំណូមពរ​របស់​​ប្រជា​ពលរដ្ឋ​​ ដើម្បី​ដោះ​​ស្រាយ​​ពេល​​ក្រោយ​ ទើប​​​ប្រជាពលរដ្ឋ​​ទាំង​អស់​​យល់​ព្រម​​វិល​ត្រឡប់​​​ទៅ​​​លំនៅ​ឋាន​​​​វិញ ។

លោក​​អ៊ឹម ​វណ្ណា តំណាង​​ក្រុម​​ហ៊ុន​​​ដួង​ហេង​​ បាន​​ប្រាប់​​កោះ​សន្តិភាព​​តាម​ទូរស័ព្ទ​​កាលពី​​ថ្ងៃទី​២៦ មិថុនា ឱ្យ​ដឹងថា ក្រុម​ហ៊ុន​បាន​​​ទទួល​ច្បាប់​​ធ្វើ​ការ​អភិវឌ្ឍន៍​​ស្រូវ​ប្រាំង​​​នៅ​​តំបន់​​​នេះ​លើ​ផ្ទៃ​​ដី​១.៩១៧,៧៨​ហិកតា តាំងពី​​ឆ្នាំ​២០០៥​ ។ លុះ​ដល់​ឆ្នាំ​​២០០៧​ ស្រាប់​តែមាន​​បាតុ​ភាព​​​ពី​ប្រជាពលរដ្ឋ​​មួយ​​ចំនួន​​ថា ក្រុម​​ហ៊ុន​​​ធ្វើ​​ប៉ះ​លើ​ដីស្រែ​របស់​​ពួកគាត់ ។ ពេល​​នោះ ក្រុមហ៊ុន​​​បាន​​សហការ​ជាមួយ​​អាជ្ញាធរ​​មូល​ដ្ឋាន​​​ដើម្បី​​ធ្វើ​ការ​​​ត្រួតពិនិត្យ​​ឡើងវិញ​ ទើប​ក្រុម​ហ៊ុន​​​​សម្រេច​​​ឱ្យ​តែចំពោះ​​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ណា​​​ដែលធ្វើ​​​ស្រែ​នៅ​​តំបន់​​នេះ​​មុនឆ្នាំ​​២០០៥​ ​គឺ​ក្រុម​ហ៊ុន​នឹងប្រគល់​​​ដីស្រែ​​​ឱ្យវិញ​​ ។ ប៉ុន្តែ​ចំពោះ​​​ប្រជា​ពល​រដ្ឋ​​ដែល​ទៅ​កាប់​ឆ្ការ​ព្រៃ​ចាប់​យកដី​​ ក្រោយ​​​ពេល​​​​ដែល​ក្រុមហ៊ុន​បាន​ច្បាប់​គ្រប់​គ្រង​នៅ​តំបន់​នេះ​ហើយ​ ក្រុម​ហ៊ុន​មិនអាច​​​ប្រគល់​​​ដីឱ្យ​បាន​ទេ។ ហេតុ​​នេះ​ហើយ​បានជា​ប្រជាពលរដ្ឋ​​ចុង​ក្រោយ​​នេះ​ដោយ​មាន​អ្នក​ដឹកនាំ​​ផង បាន​ប្រមូល​​​ផ្តុំ​គ្នា​​ ធ្វើ​ការ​​តវ៉ា​ទាមទារ​​យកដី​របស់​ក្រុម​ហ៊ុន​​ទៅវិញ​ រហូត​មាន​ការ​​ប្តឹង​ប្តល់​​ ។​

បន្ទាប់​ពី​បាន​​ចុះ​ធ្វើ​ការ​​ស៊ើប​អង្កេត​ហើយ​​កាលពី​​ឆ្នាំ​​២០១០​ តុលាការ​ខេត្ត​សម្រេច​​​​កាត់​ក្តី​​​ឱ្យ​ក្រុម​ហ៊ុន​​ឈ្នះ​ តែពួកគេ​នៅតែ​​ជំទាស់​​ដោយ​មាន​​មេខ្លោង​​​ដឹកនាំ​​​ប្រជាពលរដ្ឋ​​ទៅប្តឹង​​​​រហូត​​ដល់​​សាលា​ឧទ្ធរណ៍​​ទៀត​ ។ ពេលនោះ​​​​សាលា​ឧទ្ធរណ៍​​​​ក៏​បាន​កាត់​​​ឱ្យ​ក្រុមហ៊ុន​​ឈ្នះ​ក្តី​​កាលពី​ពេល​ថ្មីៗ​នេះទៀត​ ទើប​ក្រុម​ហ៊ុន​​​នាំគ្រឿង​ចក្រ​ទៅ​ដំណើរ​ការ​ជីក​ប្រឡាយ​​​ព័ទ្ធជុំ​វិញ​ ដើម្បី​ធ្វើ​ព្រំដី​របស់​​ខ្លួន​ហើយ​ក៏​មាន​​ហេតុការណ៍​​ដូចខាង​លើ ៕