ខេត្តបាត់ដំបង ៖ យ៉ាងតិច ក្រុមជួញដូរគ្រឿងញៀន មានប្រុស មានស្រី ចំនួន១១នាក់ ក្នុងនោះមានមេខ្លោងចំនួន០២នាក់ផង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ ក្នុងកិច្ចប្រតិបត្តិការរយៈពេល០២ថ្ងៃ ថែមទាំងរឹបអូសបាននូវគ្រឿងញៀនចម្រុះប្រមាណ២១៣គីឡូក្រាម និងអាវុធវែងខ្លីចំនួន០៣ដើមទៀតផង។ នេះបើតាមមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត បានប្រាប់នៅព្រឹកថ្ងៃទី២៥ មករា ក្រោយបញ្ចប់កិច្ចប្រតិបត្តិការដ៏ធំដុំនេះ ។

តាមរយៈរបាយការណ៍របស់មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបក្រុមជូញដូរគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្ត បានធ្វើឡើង កាលពីថ្ងៃទី២១ និង២២ មករា ។ នៅក្នុងរបាយការណ៍នេះ បានបញ្ជាក់ថា ជនសង្ស័យចំនួន១០នាក់ ត្រូវឃាត់ខ្លួនក្នុងទឹកដីខេត្តបាត់ដំបង រីឯជនសង្ស័យម្នាក់ទៀត ត្រូវតាម
ចាប់ខ្លួនដល់ទឹកដីក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ពួកគេមានជាប់ព័ន្ធនឹងបទល្មើសជូញដូរគ្រឿងញៀនជាមួយគ្នា ដែលត្រូវរឹបអូសបានប្រមាណ២១៣គីឡូក្រាម មានទាំងអាវុធវែងខ្លីចំនួន០៣ដើមផងដែរ។ ក្រុមជូញដូរគ្រឿងញៀនរាប់រយគីឡូក្រាម ដែលត្រូវចាប់ខ្លួនទាំងនេះ កម្លាំងអាវុធហត្ថ ត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន០៣លើក ក្នុងរយៈពេល០២ថ្ងៃ ក្នុងនោះមាន៖ ១-ឈ្មោះ ញឹម សាណី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ២-ឈ្មោះ វិន ផាន់និ ហៅឃីម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ និង ៣,ឈ្មោះ សុខ វវ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ។ ជនទាំង០៣នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២១ មករា រឹបអូសថ្នាំញៀន បានចំនួន០២កញ្ចប់ មានទម្ងន់១០,៦៨ក្រាម ។

ក្រោយពីផ្ដល់ចម្លើយសារភាពរបស់ក្រុមជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដឹកនាំកម្លាំងចុះកិច្ចប្រតិបត្តិការផ្ទាល់ដោយលោក ជា តារា មេបញ្ជាការរងខេត្ត មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមេខ្លោង និង
បក្សពួកមានស្រី មានប្រុស បានចំនួន០៨នាក់ទៀត ជាបន្តបន្ទាប់ជាមួយនឹងការរឹបអូសបាននូវវត្ថុតាងគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅថ្ងៃទី ២២ មករា ដែលក្រុមសង្គមងងិតទាំងនេះសំងំលាក់ខ្លួននៅក្នុងបុរី «ឯកភ្នំវិឡា» ដែលជាទីកន្លែងស្នាក់នៅរបស់មេខ្លោង ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង។

ក្រុមជូញដូរគ្រឿងញៀនដែលត្រូវចាប់ខ្លួននៅក្នុង«បុរី» ខាងលើរួមមាន៖ ១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ៣០ឆ្នាំ ជាមេខ្លោង ស្នាក់នៅក្នុងបុរី«ឯកភ្នំវិឡា» ខាងលើនេះ ២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ៤០ឆ្នាំ ជាមេខ្លោង (ស្នាក់នៅបណ្ដោះអាសន្នជាមួយមេខ្លោង វី វិនហាយ) ៣-ឈ្មោះ
ថេត ស្រិនា ភេទស្រី អាយុ២៨ឆ្នាំ (ប្រពន្ធមេខ្លោងឈ្មោះ វី វនហាយ) ៤-ឈ្មោះ សុច ចរិយា ស្រីអាយុ១៧ឆ្នាំ (ប្រពន្ធមេខ្លោងឈ្មោះ មួង ឌី) ៥-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ បក្សពួក
(ស្នាក់នៅផ្ទះមេខ្លោង វី វនហាយ) ៦-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ បក្សពួក (ស្នាក់នៅផ្ទះ វី វិនហាយ) ៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិចុងព្រែក សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង និង៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ២៩ឆ្នាំ ចាប់ខ្លួននៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជាមួយនឹងការឃាត់ខ្លួនក្រុមសង្គមងងិតចំនួន០៨នាក់ចុងក្រោយនេះ បើតាមលោក សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មន្ត្រីជំនាញ បានឆែកឆេររកឃើញនៅផ្ទះមេខ្លោង ឈ្មោះ វី វិនហាយ ហើយបានដកហូតគ្រឿងញៀនប្រមាណ២១៣ដុំទៀត រួមទាំងកាំភ្លើងវែងខ្លីចំនួន០៣ដើមផង ។

លោក សូ ឌី បានសរសេរនៅក្នុងរបាយការណ៍ថា ក្រៅពីមនុស្សប្រុស ស្រី ចំនួន១១នាក់ ដែលត្រូវឃាត់ខ្លួន គ្រឿងញៀនចម្រុះប្រមាណ យ៉ាងតិច២១៣គីឡូក្រាម និងកាំភ្លើង០៣ដើម ត្រូវបានរឹបអូសពីក្រុមជនសង្ស័យ។ របាយការណ៍បានឲ្យដឹងថា វត្ថុតាងដែលត្រូវរឹបអូសពីក្រុមជូញដូរគ្រឿងញៀនរួមមាន៖ ១-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន៦៩ដុំ មានទម្ងន់ប្រមាណ ៦៩គីឡូក្រាម ២-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន៤៤ដុំ មានទម្ងន់ប្រមាណ៤៤គីឡូក្រាម ៣-គ្រឿង ញៀនប្រភេទខេតាមីន (ខេ) ចំនួន១០០ដុំ មានទម្ងន់ប្រមាណ១០០គីឡូក្រាម ៤-កាំភ្លើងធុន AK-47 ចំនួន០២ដើម មានបង់ចំនួន០២ និង មានគ្រាប់ចំនួន១៣គ្រាប់ ៥-កាំភ្លើងខ្លីធុន K-54 ចំនួន០១ដើម គ្មានគ្រាប់ទេ ៦-រថយន្តចំនួន០២គ្រាប់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ពាក់ព័ន្ធនឹងប្រវត្តិខ្លះៗ របស់ក្រុមជូញដូរគ្រឿងញៀនទ្រង់ទ្រាយដ៏ធំដុំខាងលើនេះ បើតាមប្រភពពីសមត្ថកិច្ចដែលធ្លាប់បង្ក្រាបបានបក្សពួកក្រុមនាពេលកន្លងទៅនេះ បានបង្ហើបឲ្យដឹងថា «ក្រុមជួញដូរគ្រឿងញៀនដ៏ធំដុំនេះ មានមេខ្លោងធំផុតលេខ គឺជាជនជាតិថៃ ។ បក្សពួកក្រុមនេះមួយចំនួន ធ្លាប់ត្រូវបានបង្ក្រាបដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

ប៉ុន្តែមេខ្លោងជនជាតិថៃម្នាក់នោះ កំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ ហើយថែមទាំងមានសេរីភាព ជាមួយបក្សពួកធ្វើសកម្មភាពជូញដូរគ្រឿងញៀនយ៉ាងគគ្លើនដដែល»។ យ៉ាងណាក្ដី ជាមួយនឹងការចាប់ខ្លួនក្រុមសង្គមងងិតជូញដូរគ្រឿងញៀន មានប្រុស មានស្រី មួយសំបុកខាងលើនេះ បើតាមមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ថា លោកមេបញ្ជាការខេត្តបានបញ្ជាឲ្យមន្ត្រីមន្ទីរជំនាញសួរនាំចាត់ការតាមនីតិវិធី និងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ៕






ចែករំលែកព័តមាននេះ