ទីក្រុងយេរូសាឡឹម៖ ថ្ងៃនេះ ក្រុមគ្រួសារចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលដែលត្រូវក្រុមហាម៉ាស់ចាប់យកទៅបង្ខាំងទុកតាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះបានជួបជុំគ្នាអបអរសាទរនឹងការវិលត្រឡប់របស់ពួកគេនៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស់។ ពួកគេជួបជុំគ្នានៅទីក្រុងតែឡាវីវដោយសេចក្ដីសង្ឃឹម។
យោងតាមកិច្ចព្រមព្រៀងនេះ ភាគីទាំង២ អ៊ីស្រាអែល និងហាម៉ាស់នឹងផ្អាកបាញ់គ្នា៦អាទិត្យដើម្បីយកពេលនេះដោះលែងចំណាប់ខ្មាំង និងអ្នកទោសប៉ាឡេស្ទីន។ អ៊ីស្រាអែលនឹងដកកងទ័ពជាបណ្ដើរៗចេញពីតំបន់ហ្កាហ្សា។ ក្រុមគ្រួសារ និងមិត្តភក្ដិរបស់ចំណាប់ខ្មាំងប្រាប់ថាខ្លួនមានចិត្តសប្បាយរីករាយណាស់។ មិនត្រឹមតែមនុស្សជាទីស្រឡាញ់របស់ខ្លួនប៉ុណ្ណោះទេ ពួកគេចង់ឃើញចំណាប់ខ្មាំងដែលនៅសេសសល់ដទៃទៀតវិលត្រឡប់មកវិញទាំងអស់ទើបពួកគេស្ងប់ចិត្ត។
នៅក្នុងដំណាក់កាលដំបូងនេះ ហាម៉ាស់យល់ព្រមដោះលែងចំណាប់ខ្មាំង៣៣នាក់។ កិច្ចព្រមព្រៀងនេះអាចសម្រេចទៅបាននៅនាទីចុងក្រោយនៃការកាន់តំណែងរបស់លោកបៃដិន។ ពោលគឺនៅសល់តែបីបួនថ្ងៃទៀតប៉ុណ្ណោះ។ លោកបៃដិនឆ្លៀតនិយាយដោយមោទក-ភាពថានេះជាសមិទ្ធផលក្រោមការដឹកនាំរបស់គាត់។ ក្រុមអ្នកសម្របសម្រួលបានខិតខំចរចាគ្នារយៈពេលមួយឆ្នាំមកហើយដោយមានអេហ្ស៊ីប កាតា និងអាមេរិកជាអ្នកសម្របសម្រួល។
មុននឹងសម្រេចបានកិច្ចព្រមព្រៀងនេះ ភាគីទាំង២ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បន្សល់ទុកផលវិបាកជាច្រើន។ ជនស៊ីវិលប៉ាឡេស្ទីនជាង២,៣លាននាក់រត់ភៀសខ្លួនចោលផ្ទះសម្បែងរបស់ខ្លួន, មនុស្សជាង៤៦០០០នាក់បានស្លាប់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធខូចខាតយ៉ាងដំណំ។ នៅត្រង់ចំណុចមួយនៃកិច្ចព្រមព្រៀងក៏និយាយអំពីការកសាងតំបន់ហ្កាហ្សាឡើងវិញផងដែរ។
បន្ទាប់ពីស្ថិតនៅក្នុងដៃរបស់ក្រុមហាម៉ាស់រយៈពេល១៥ខែ គេរំពឹងថាចំណាប់ខ្មាំង៣៣នាក់នឹងវិលត្រឡប់ទៅដល់ប្រទេសអ៊ីស្រាអែលវិញនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។ បន្ទាប់ពីដោះស្រាយបញ្ហានេះចប់មួយវគ្គហើយ ភាគីទាំង២នឹងចរចាគ្នានៅក្នុងអំឡុងពេល២សប្ដាហ៍ខាងមុខនេះដើម្បីដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ប្រហែល៦៥នាក់ទៀត។
ចំណាប់ខ្មាំងដែលដោះលែងនៅវគ្គទី១នេះមានកុមារ, ស្ត្រី និងបុរសអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ក្រៅពីនេះក៏មានអ្នករបួស និងអ្នកជំងឺផងដែរ។ ការដោះលែងនេះមិនមែនធ្វើឡើងម្ដងទាំងអស់ទេ។ ប៉ុន្តែត្រូវធ្វើឡើងដោយសន្សឹមៗនៅក្នុងរយៈពេល៦សប្ដាហ៍។ គេមិនទាន់ដឹងច្បាស់ថាតើនៅក្នុងចំណោមនោះសុទ្ធតែជាអ្នកនៅរស់ទាំងអស់? ឬក៏មានអ្នកខ្លះបានស្លាប់បាត់ទៅហើយ?
ចែករំលែកព័តមាននេះ