ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលអែលសាល់វ៉ាឌ័រជួយចេញថ្លៃទឹកថ្លៃភ្លើង​៩៥% នៃប្រជាជន ពេញ១ខែមករា

5 ម៉ោង មុន

ប្រទេសអែលសាល់វ៉ាឌ័រ ៖ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបន្ធូរបន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុក្រោយវិស្សមកាល លោកប្រធានាធិបតី Nayib Bukele កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥…

ប្រទេសអែលសាល់វ៉ាឌ័រ ៖ នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបន្ធូរបន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុក្រោយវិស្សមកាល លោកប្រធានាធិបតី Nayib Bukele កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅ បានប្រកាសថា រដ្ឋាភិបាលប្រទេសអែលសាល់វ៉ាឌ័រ នឹងរ៉ាប់រងថ្លៃទឹកថ្លៃភ្លើងរហូតដល់ ៩៥% នៃប្រជាជន ពេញមួយខែមករាតែម្តង។

យោងតាមប្រភពពីគេហទំព័រ Wealth និងសារព័ត៌មាន El Salvador in English កាលពីថ្ងៃទី១៥ ខែមករា បានឱ្យដឹងថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ ផ្តល់ជំនួយរហូតដល់ ៨០ដុល្លារសម្រាប់ថ្លៃអគ្គិសនី និង ៣០ដុល្លារសម្រាប់ថ្លៃទឹក ក្នុងគោលបំណងដោះស្រាយការធ្លាក់ចុះសេដ្ឋកិច្ច ដែលជាធម្មតាតែងតែជួបប្រទះនៅដើមឆ្នាំ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រសិនបើវិក័យប័ត្រទឹកភ្លើងលើសពីចំនួនបានរៀបរាប់ខាងដើម រដ្ឋាភិបាលនឹងមិនផ្តល់ប្រាក់រ៉ាប់រងឡើយ។

ការផ្លាស់ប្តូរដ៏សំខាន់នេះ ត្រូវបានគូសបញ្ជាក់ថា រដ្ឋាភិបាលអែលសាល់វ៉ាឌ័រចង់ធានាថា ឧបករណ៍ប្រើប្រាស់សំខាន់ៗក្នុងផ្ទះ នៅតែអាចប្រើប្រាស់បានសម្រាប់ប្រជាជនភាគច្រើន អំឡុងពេលដ៏លំបាកទាំងនេះ។

ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក Nayib Bukele បានថ្លែងដូច្នេះថា «អត្ថប្រយោជន៍នេះ គឺផ្តល់ជូនដោយស្វ័យប្រវត្តិ មិនចាំបាច់បំពេញបែបបទណាមួយឡើយ។ ដោយអ្នកគ្រាន់តែត្រូវបដិសេធមិនបង់ប្រាក់លើវិក្កយបត្រទឹកភ្លើងសម្រាប់ខែមករា។ ប្រសិនបើអ្នកបានបង់ប្រាក់រួចហើយ កុំបារម្ភ ចំនួនទឹកប្រាក់បានបង់នឹងត្រូវកាត់បញ្ចូលទៅវិក្កយបត្រសម្រាប់ខែកុម្ភៈ»។

លើសពីនេះទៀត លោកប្រធានាធិបតីក៏បានក្រើនរំលឹកសាធារណជនថា រដ្ឋាភិបាលក៏កំពុងផ្តល់សម្ភារៈសិក្សា ឯកសណ្ឋាន ស្បែកជើង កុំព្យូទ័រ និងថេប្លេត (Tablets) ដល់សិស្សសាលារដ្ឋ ១០០% ផងដែរ។ វិធានការនេះ នឹងបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារអែលសាល់វ៉ាឌ័រ ជាពិសេសជាមួយនឹងការចំណាយបន្ថែម ដែលមកជាមួយការចំណាយលើបុណ្យណូអែល និងកម្មវិធីនៅសាលារៀន។

លោកបានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយក្នុងការផ្គត់ផ្គង់គ្រួសារ និងធានាបាននូវសុខុមាលភាពពលរដ្ឋ។ ហើយលោកនៅតែប្តេជ្ញាចិត្ត ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់ប្រជាជន និងការរីកចម្រើននៃប្រព័ន្ធអប់រំរបស់ប្រទេសអែលសាល់វ៉ាឌ័រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ