រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក នាង ដាវីន បានដាច់ចិត្តទម្លាយរឿងរ៉ាវដ៏រសើបមួយ នៅក្នុងពិភពសិល្បៈក្នុងពេលដែលរឿងរ៉ាវមួយនេះ ត្រូវបានលោកអះអាងថា វាបានកើតឡើងមកជាយូរហើយ ប៉ុន្តែមិនមានអ្នកសិល្បៈរូបណាហ៊ានបញ្ចេញរឿងនេះជាសាធារណៈនោះឡើយ ព្រោះខ្លាចបាត់ទីផ្សារ ។

បេក្ខភាពវគ្គផ្ដាច់ព្រ័ត ក្នុងកម្មវិធីប្រកួតចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ រូបនេះបានគូសបញ្ជាក់ថា វាជារឿងហួសចិត្តមួយ ដែលមានអ្នកហៅតួមួយចំនួន បានយកលេសជួយម្តង ប៉ុន្តែបានទម្លាក់ទីផ្សាររបស់តួទៅវិញ ខណៈពេលដែលលោកគិតថា ទង្វើនេះមិនបានជួយឲ្យវិស័យសិល្បៈរីកចម្រើននោះឡើយ ។
តាមរយៈសំណេរដែលបង្ហោះលើបណ្តាញសង្គមលោក នាង ដាវីន បានលើកឡើងថា សារដាស់តឿនទៅកាន់បងប្អូនសិល្បៈទាំងអស់ ចង់ឪ្យវិស័យសិល្បៈរីកចម្រើន ? ចុះហេតុអីទាញទីផ្សារពួកខ្ញុំទម្លាក់ចុះហើយប្រើភាសាជួយបងម្តង តែជួយយូរទៅដូចអត់ឡើងលើសោះ មានតែទាញចុះក្រោមរហូត ហើយទៅដើរនិយាយថា ចេះចុះ ធ្វើចឹងដើម្បីអី? ។

លោកបញ្ជាក់ថា អ្នកចង់ចំណេញ ចុះហេតុអីមិនឪ្យពួកខ្ញុំចំណេញខ្លះវិញ? ឱវិស័យសិល្បៈខ្ញុំអើយ ថ្ងៃមុខទៅជាយ៉ាងណា បើនៅតែបែបនេះ រឿងនេះវាយូរហើយ តែគ្មានអ្នកណាហ៊ាន ព្រោះខ្លាចគេបិទទីផ្សារ ចឹងទុកខ្ញុំអ្នកនិយាយចឹង។
យ៉ាងណា បើតាមលោក នាង ដាវីន លោកសូមផ្តាំទៅបងៗប្អូនៗអ្នកចម្រៀងទាំងអស់ថា បើនៅតែធ្វើបែបនោះ អ្នកដែលខាត គឺជាអ្នក បើគេមិនចំណេញគេមិនធ្វើទេត្រូវចាំ ស្អប់ខ្ញុំក៏ស្អប់ចុះ ពាក្យពិតរាងពិបាកទទួលយកបន្តិច តែក៏អាចជួយគេបានច្រើនខ្ញុំក៏សប្បាយចិត្ត ។

ដោយឡែក ក្រៅពីការបង្ហោះសំណេរខាងលើនេះលោក នាង ដាវីន ក៏បានបញ្ជាក់បន្ថែមតាមរយៈខំមិនថា ខ្ញុំនិយាយនេះមិនទាំងអស់ទេ តែ១រយៈក្រោយនេះមានបងៗខាងទំនាក់ទំនងការងារមួយចំនួននិយាយថា តួរនេះ តួរនោះតែប៉ុណ្ណេះទេ ហើយយយយយយយ ធ្វើចឹង ដើម្បីអីបើគេជួយហើយ និយាយចឹងទីផ្សារគ្នាចប់ទាំងអស់ឡើងមិនរួចទេ ។ លោកបន្តថា រក្សាតម្លៃតាមCredit រាងៗខ្លួន មិនខ្វះការងារទេអោយតែពង្រឹងប្រជាប្រិយភាពខ្លួនឯង ការជួយមានទៅមានមក តែរឿងខ្លះហាក់បីដូចជា គ្មានមកទេ មានតែទៅ ។
យ៉ាងណាតាមរយៈការបញ្ចេញរឿងរ៉ាវខាងលើនេះ ពីលោក នាង ដាវីន នាពេលនេះបានទទួលគាំទ្រច្រើនពីសំណាក់មិត្តភក្តិក្នុងសិល្បៈ ខណៈពេលដែលមានអ្នកសិល្បៈមួយចំនួនក៏បានទម្លាយរឿងរ៉ាវដែលធ្លាប់កើតឡើងចំពោះខ្លួនដូចគ្នានេះផងដែរ ៕




ចែករំលែកព័តមាននេះ