ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរថៃកំពុងតាមដានផលប៉ះពា.ល់ទេស​ចរណ៍​ពី​ករណីបា.ត់ខ្លួនតារាសម្តែងចិនថ្មីៗនេះ

1 ថ្ងៃ មុន

ប្រទេសថៃ ៖ ក្រោយកើតមានករណីបាត់ខ្លួនតារាសម្តែងចិននៅក្នុងប្រទេសថៃ អាជ្ញាធរទេសចរណ៍ប្រទេសនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីផលប៉ះពាល់លើទីផ្សារចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ។ ស្របពេលប្រតិបត្តិករឯកជនបានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពភ្ញៀវទេសចរ និងបង្កើនវិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មជនបរទេសផងដែរ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី៨ ខែមករា…

ប្រទេសថៃ ៖ ក្រោយកើតមានករណីបាត់ខ្លួនតារាសម្តែងចិននៅក្នុងប្រទេសថៃ អាជ្ញាធរទេសចរណ៍ប្រទេសនេះ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីផលប៉ះពាល់លើទីផ្សារចិនក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះ។ ស្របពេលប្រតិបត្តិករឯកជនបានជំរុញឱ្យរដ្ឋាភិបាលធានាសុវត្ថិភាពភ្ញៀវទេសចរ និងបង្កើនវិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មជនបរទេសផងដែរ។ នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

ប្រភពដដែលបន្តថា តារាសម្តែងជនជាតិចិន លោក Wang Xing បានបាត់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងស្រុកម៉ែសុត (Mae Sot) ខេត្តតាក (Tak) ជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីទទួលបានការអញ្ជើញឱ្យមកថតភាពយន្តក្នុងប្រទេសថៃ។ ទោះយ៉ាងណា តារាប្រុសរូបនេះ ត្រូវបានរកឃើញដោយគ្មានរងរបួស កាលពីថ្ងៃអង្គារម្សិលមិញ ហើយតាមការអះអាងរបស់ប៉ូលិស តារាប្រុសរូបនេះ អាចជាជនរងគ្រោះ នៃការជួញដូរមនុស្ស។

លោកស្រី Pattaraanong Na Chiangmai ទេសាភិបាលរងអាជ្ញាធរទេសចរណ៍ថៃ ទទួលបន្ទុកលើទីផ្សារអន្តរជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានថ្លែងថា ទីភ្នាក់ងារលោកស្រីកំពុងតាមដានករណីបាត់ខ្លួនតារាចិនថា តើនឹងប៉ះពាល់ដល់អារម្មណ៍ នៃការធ្វើដំណើរទេសចរណ៍ដែរឬទេ? ពិសេសអំឡុងពេលបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ខាងមុខនេះ។

លោកស្រីបន្តថា ទីភ្នាក់ងារបានចាត់តាំងការិយាល័យចំនួន ៥ នៅក្នុងប្រទេសចិន ដើម្បីតាមដានព័ត៌មាន និងការបញ្ចេញមតិលើបណ្តាញសង្គមរបស់ប្រទេសចិនផងដែរ។ ទីភ្នាក់ងារក៏សម្របសម្រួលជាមួយប៉ូលិសទេសចរណ៍ ដើម្បីធានាសុវត្ថិភាពសម្រាប់ការធ្វើដំណើរក្នុងប្រទេសថៃ។ លោកស្រីថា ផលប៉ះពាល់អវិជ្ជមានណាមួយពីករណីថ្មីៗនេះ នឹងមានរយៈពេលខ្លីប៉ុណ្ណោះ មិនដូចវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលនឹងបន្តប៉ះពាល់ដល់ការចំណាយលើការធ្វើដំណើរក្នុងចំណោមភ្ញៀវជនជាតិចិន។

ប្រទេសថៃនៅតែរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរចិនប្រចាំថ្ងៃពី ២ម៉ឺនទៅ៣ម៉ឺននាក់ អំឡុងពេលបុណ្យចូលឆ្នាំចិនខាងមុខ។ អាជ្ញាធរទេសចរណ៍កំពុងផ្សព្វផ្សាយប្រទេសថៃ គឺជាទិសដៅជាទីពេញចិត្ត ដើម្បីអបអរថ្ងៃឈប់សម្រាកជាមួយព្រឹត្តិការណ៍ជាច្រើន ដែលកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តទេសចរណ៍ផ្សេងទៀត រួមទាំងកញ្ចប់ផ្សព្វផ្សាយតាមរយៈភ្នាក់ងារទេសចរណ៍អនឡាញផងដែរ។

អាជ្ញាធរទេសចរណ៍ថៃកំពុងកំណត់គោលដៅទេសចរណ៍ចិនយ៉ាងហោចណាស់ ៨លាននាក់នៅឆ្នាំនេះ ក្នុងចំណោមភ្ញៀវទេសចរបរទេសសរុបដែលត្រូវបានរំពឹងទុកពី ៣៩-៤០ លាននាក់ បន្ទាប់ពីស្វាគមន៍ភ្ញៀវទេសចរចិន ៦.៧៣លាននាក់ កាលពីឆ្នាំមុន។

ដោយឡែក លោក Surawat Akaraworamat អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានថ្លែងថា វាលឿនពេកក្នុងការប៉ាន់ប្រមាណពីផលប៉ះពាល់ ដោយរហូតមកទល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ពីការលុបចោលការធ្វើដំណើរណាមួយនៅឡើយទេ។ ហើយជាសំណាងដែលប៉ូលិសអាចកំណត់ទីតាំងតារាចិនបាត់ខ្លួនរយៈពេលពីរទៅបីថ្ងៃ បន្ទាប់ពីទទួលព័ត៌មានភ្លាមៗ។ លោកបានបន្តថា ប៉ូលិសត្រូវតែស៊ើបអង្កេតករណីនេះ និងស្វែងរកមនុស្សពាក់ព័ន្ធនឹងករណីនេះ និងអនុវត្តវិធានការម៉ឺងម៉ាត់ប្រឆាំងនឹងឧក្រិដ្ឋជនមានការរៀបចំបែបនេះ។

ករណីថ្មីៗនេះនេះ ក៏នាំឱ្យមានការលើកយកខ្សែភាពយន្ត No More Bets មកជជែកវែកញែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ថែមទៀត ដែលជាខ្សែភាពយន្តពណ៌នាអំពីរឿងរ៉ាវអំពីការបោកប្រាស់ជួញដូរជនជាតិចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ខណៈខ្សែភាពយន្តនេះបានបំភ័យអ្នកទេសចរចិនមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០២២ ដែលបណ្តាលឱ្យចំនួនភ្ញៀវចិនមានត្រឹមតែ ៣.៥លាននាក់ប៉ុណ្ណោះក្នុងឆ្នាំនោះ។

លោក Surawat បាននិយាយថា ការនិយាយអំពីភាពយន្ត No More Bets បានបាត់រលត់ទៅវិញកាលពីឆ្នាំមុន ប៉ុន្តែឥឡូវបានកើតឡើងវិញ ធ្វើឱ្យប្រតិបត្តិករទេសចរណ៍មានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិស័យមួយនេះ។ ទោះយ៉ាងណាក៏ដោយ លោកនៅតែជឿថា លំហូរភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំចិន គួរតែប្រសើរឡើងជាងឆ្នាំមុន ដោយសន្មតអំពីផ្តល់ភាពងាយស្រួលជាច្រើន រួមទាំងការលើកលែងទិដ្ឋាការផងដែរ៕ ប្រភព ៖ Bangkok Post

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ