តារាសម្តែងនាង វ៉ាន់ វល័ក្ខ បានធ្វើការព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលយកឈ្មោះនាងទៅឆបោកខ្ចីប្រាក់គេទាំងនាងមិនដឹងខ្លួន ។ ការព្រមានពីតារាស្រីដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីរូបនេះបានធ្វើឡើង បន្ទាប់មាននារីម្នាក់បានចោទប្រកាន់មកលើរូបនាងថា ជាជនបោកប្រាក់ព្រោះជំពាក់លុយតុងទីនមកសង ។

ការឃើញការបង្ហោះពីនារីខាងលើនេះ វ៉ាន់ វល័ក្ខ បានចេញមុខភ្លាមៗដោយបានស្នើអោយនារីរូបនេះចេញបកស្រាយរឿងនេះអោយបានច្បាស់លាស់ មុនពេលនាងមានវិធានការផ្លូវច្បាប់ក្នុងពេលដែលនាងមិនបានធ្វើរឿងទាំងអស់នេះ ដូចការចោទប្រកាន់នោះឡើយ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម តារាស្រីរូបនេះបានលើកឡើងថា ខ្ញុំមិនដែលស្គាល់ម្នាក់ស្រីហ្នឹងទេ ហើយខ្ញុំក៏មិនដែលទៅជំពាក់អ្នកណាគេដែរ ។ នាងថា ខ្ញុំមិនដែលចេះលេងតុងទីនឡើយ ហើយគាត់ផុសថា ខ្ញុំជាជនឆបោក តើខ្ញុំទៅឆបោកអីគាត់ ខ្ញុំសុំអោយគាត់ចេញមុខបកស្រាយអោយភាពស្អាតស្អំមកខ្ញុំ មុនជួបគ្នាមុខច្បាប់ ។

ក្រោយឃើញមានការលើកឡើងខាងលើពី វ៉ាន់ វល័ក្ខ នារីដែលបានចោទប្រកាន់មកលើរូបនាងក៏បានចេញមុខសុំទោសជាសាធារណៈដោយចាត់ទុកថា រឿងនេះជាការភាន់ច្រឡំ ដោយសារមានជនអនាមិកបានយកឈ្មោះតារាស្រីរូបនេះមកបោកប្រាស់រូបនាងប៉ុណ្ណោះ ។

នារីដែលមានគណឈ្មោះក្នុងគណនេយ្យ vat valysa បានបង្ហោះសំណេរថា ថ្ងៃនេះខ្ញុំសូមបំភ្លឺជូនមហាជនថា ម្ចាស់រូបឈ្មោះ វ៉ាន វល័ក្ខ មិនមានពាក់ព័ន្ធក្នុងការខ្ចីប្រាក់រវាងគាត់ និងខ្ញុំឡើយ ហើយការពិតជាការយល់ច្រឡំ រវាងខ្ញុំនឹងគាត់បានដោះស្រាយរួចហើយ ចំពោះជនអនាមិកខ្ញុំបានបន្តនីតិវិធីតាមផ្លូវច្បាប់រួចហើយ ។
យ៉ាងណា ក្រោយមានការដោះស្រាយដោយផ្ទាល់មុខគ្នារួចមកតារាសម្តែង វ៉ាន់ វល័ក្ខ ក៏បានយល់ព្រមបញ្ចប់រឿងក្នុងពេលដែលនាងក៏បានបដិសេធមិនទទួលស្គាល់ចំពោះជនទាំងឡាយណាដែលយកឈ្មោះនាងយកទៅឆបោកតាមរូបភាពផ្សេងៗ ។ វ៉ាន់ វល័ក្ខ បានបង្ហោះសំណេរតាមបណ្តាញសង្គមថា គាត់បានសុំទោសខ្ញុំជាសាធារណៈរួចហើយបងប្អូនហើយខ្ញុំនឹងបងស្រីក៏ទទួលបានភាពស្អាតស្អំនឹងយុត្តិធម៌ផ្ទាល់វិញដែល ចឹងចាប់ពីពេលនេះតទៅ ខ្ញុំសូមប្រកាសថា បើមានអាខោនណាផ្សេងយករូបខ្ញុំទៅឆបោក ឬខ្ចីប្រាក់ខ្ញុំមិនទទួលខុសត្រូវទេ ហើយខ្ញុំនឹងមានចំណាត់ការតាមផ្លូវច្បាប់ដូចបុគ្គលខាងក្រោមនេះ ៕




ចែករំលែកព័តមាននេះ