រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការហួសចិត្ត ខណៈគេឃើញផលិតករចិនដឹកនាំសម្តែងអំពីឈុតឆាកក្នុងរឿងមួយ ដែលមានពាក់ដួនវៀតណាម និងសម្លៀកបំពាក់ចងក្បិនបែបខ្មែរ នៅក្នុងទីតាំងទួលវត្តកំពង់ភ្លុក ស្ថិតនៅភូមិសហគមន៍ប្រជានេសាទ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ។
ឈុតឆាកសម្តែងមួយនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ក្នុងពេលដែលមហាជនខ្លះបានធ្វើការស្តីបន្ទោសទៅកាន់ភាគីពាក់ព័ន្ធដែលមិនមានវិធានការទប់ស្កាត់ ក្នុងពេលដែលឈុតឆាកមួយនេះគឺមានការខុសឆ្គងយ៉ាងខ្លាំង និងផ្ទុយស្រឡះទាំងស្រុងសម្រាប់អត្តសញ្ញាណរបស់ខ្មែរ ។
ភាពយន្តខាងលើនេះ ត្រូវបានគេដឹងថា គឺជាការផលិតរវាងផលិតករចិន រួមសហការជាមួយផលិតករខ្មែរគឺលោកឆាយ បូរ៉ា ដែលមានចំណងជើងថា និទាននៃព្រៃស្មសាន ដែលត្រូវបានជ្រើសរើសទីតាំងថតនៅក្នុងប្រទេសកម្ពុជា ។
តាមរូបភាពដែលត្រូវបានចែកចាយនោះ គេឃើញផលិតករបានយកប្រជាពលរដ្ឋខ្មែរជាច្រើនរូប ដើម្បីថតឈុតមួយដែលមានគ្រងសម្លៀកបំពាក់បែបខ្មែរ (ចងក្បិន) ប៉ុន្តែមានពាក់មួកដួនវៀតណាម ហើយក៏មានការលាយលំជាមួយទំនៀមទម្លាប់ដូចប្រទេសភូមា ឬឥណ្ឌា ។
ចំណុចនេះ បានធ្វើឲ្យមហាជនហាក់សម្តែងការមិនពេញចិត្ត ដ្បិតពួកគេយល់ថា ការផលិតនេះគឺខុសឆ្គងទាំងស្រុង ព្រោះទីតាំងថតជាប្រទេសកម្ពុជា តែបែរជាបង្ហាញពីអត្តសញ្ញាណប្រទេសផ្សេងទៅវិញ ។
ទោះជាយ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ ផលិតករលោក ឆាយ បូរ៉ា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡេត្រូនិចថា ការយល់ឃើញរបស់មហាជនចំពោះឈុតឆាកសម្តែងមួយនេះគឺជាការភាន់ច្រឡំ ត្បិតសាច់រឿងមួយនេះមិនសំដៅទៅលើប្រទេសកម្ពុជានោះឡើយ ។
លោកថា សាច់រឿងនេះ មិនសំដៅលើប្រទេសខ្មែរយើងឡើយ ពោលគឺសំដៅប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេស វប្បធម៌នៃប្រទេសមួយដែលជាប់នឹងព្រំដែនប្រទេសចិន ។
លោកបញ្ជាក់ថា ក្នុងដំណើររឿងនេះ មានបុរសម្នាក់បានចាកចេញពីប្រទេសចិន ដើម្បីស្វែងយល់ពីវប្បធម៌ និងជីវិតផ្សេងៗក្នុងតំបន់អាស៊ីអាគ្មេយ៍ ដោយបុរសរូបនោះបានជិះម៉ូតូចេញពីរូងភ្នំមួយចូលទៅកាន់ប្រទេសភូមា ហើយក៏ជួបហេតុការផ្សេងៗនៅទីនោះ ។
លោកបន្តថា តាមពិតឈុតឆាកមួយនេះត្រូវថតនៅក្នុងប្រទេសភូមាទេ ប៉ុន្តែដោយសារតំបន់នោះកំពុងមានសង្គ្រាម ក៏លើកមកថតនៅក្នុងស្រុកខ្មែរវិញ ហើយសម្រាប់រឿងយកដួន និងសម្លៀកបំពាក់ហែជាលក្ខណះក្បិននោះ គឺមិនមែនជាលក្ខណៈខ្មែរទាំងស្រុងឡើយ ។
លោកថា យើងមើលទៅភាន់ច្រឡំ ដោយសារការស្លៀកក្បិននេះមើលទៅដូចខ្មែរ ហើយមួកដួននេះក៏មិនមែនជារបស់វៀតណាមដែរ គឺជាដួនរបស់ជនជាតិភាគតិចមួយនៅជាប់ព្រំដែនចិន ដែលគេពាក់ ក្នុងពេលដែលដួននេះក៏បានទិញពីប្រទេសចិនមកដែរ មិនមែនទិញនៅស្រុកខ្មែរយើងនោះឡើយ ។
ដោយឡែក សម្រាប់ឈុតពេលដង្ហែនោះក៏មិនមែនជាវប្បធម៌របស់ខ្មែរដែរ ពោលគឺជាវប្បធម៌របស់ជនជាតិមួយដែលនៅជាប់ព្រំដែនចិន គ្រាន់តែការជ្រើសរើសទីតាំងថតនោះគឺនៅប្រទេសខ្មែរយើង ដូច្នេះទើបបណ្តាអោយមានការភាន់ច្រឡំពីមហាជន ។
យ៉ាងណា បើតាមលោក ឆាយ បូរ៉ា ចំពោះបញ្ហានេះ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងខាងផលិតកម្មរបស់លោកផងដែរ នឹងចេញនូវលិខិតស្រាយបំភ្លឺអំពីរឿងនេះ ដើម្បីកុំឲ្យមហាជនមានការភាន់ច្រឡំ ៕
ចែករំលែកព័តមាននេះ