ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ស្ថានភាព​ដ៏​លំបាក​ចុង​ក្រោយ​របស់ អ៊ុំ គ​ន្ធា មុន​ទទួលមរណភាព

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​យេ​យេ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​រោគាពាធ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​យេ​យេ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ទទួលមរណភាព​ហើយ កាលពី​ថ្ងៃ​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​រោគាពាធ ក្នុង​អាយុ​៤៥​ឆ្នាំ ខណៈ​ពេល​ស​.​ព​របស់​អ្នក​នាង​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ​ចិន​តុង ផ្លូវ​សហព័ន្ធ​រុ​ស្សី ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បូជា​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០២៤ វេលារ​ម៉ោង ៦​ល្ងាច ។

នេះ​បើ​យោង​តាម​ការ​ប្រកាស​អោយ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា នៅ​លើ​បណ្តាញ​សង្គម ។ មុន​ពេល​ទទួលមរណៈភាព នា​ពេល​នេះ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​ពើបប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង​ទាំង​ស្ថានភាព​ជីវភាព និង​អាកា​រៈ​ជំងឺ​ដែល​បាន​ផ្ទុក​នៅ​ក្នុង​ខ្លួន នាង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ចុង​ក្រោយ​មកនេះ ក្រោយ​នាង​ឃ្លាត​ចាក​ឆ្ងាយ​ស្ទើរ​ទាំងស្រុង​ពី​អាជីព​សិល្បៈ ។

អ្នក​នាង អ៊ុំ គ​ន្ធា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​កោះសន្តិភាព តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា នៅ​ក្នុង​រយៈពេល​ប្រមាណ​៣​ទៅ​៤ ខែ​ចុង​ក្រោយ​នេះ​នាង​បាន​ជួប​ប្រទះ​នូវ​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​មិន​អាច​ធ្វើការ​ងារ​រក​ប្រាក់​បាន ក្នុង​ពេល​ដែល​ឈ្មោះ​មន្ត្រី​ធ្វើការ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​នាង​ក៏​ត្រូវ​បាន​គេ​លុប​ចោល ។

នាង​បញ្ជាក់​ថា កន្លង​មក​អ្នក​នាង​មាន​ជីវភាព​គ្រាន់បើ មាន​ហូប​មាន​ចុក​គ្រប់គ្រាន់ ដោយសារ​តែ​ឯកឧត្តម ឱម យិ​ន​ទៀង អាណិត​ឃើញ​នាង​លំបាក​ខ្លាំង ក៏​នាំ​ឲ្យ​ចូល​ធ្វើការ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំងពី​អំឡុង​ឆ្នាំ​២០២១៩ ក្នុង​ឋានៈ​ជា​មន្ត្រី​ជាប់កិច្ចសន្យា ។

នាង​បន្ត​ថា ក្រោយ​រយៈពេល​៣​ខែ​ចុង​ក្រោយ ដោយសារ​ជំងឺ​រួមរឹត​កាន់តែ​ខ្លាំង​ទើប​នាង​មិន​អាច​ចេញ​ទៅ​បំពេញការងារ និង​ចុះ​អវត្តមាន​បាន ដូច្នេះ​ខាង​នាយកដ្ឋាន​បុគ្គលិក​ក៏​លុបឈ្មោះ​នាង​ចោល​តែ​ម្តង ទើប​ធ្វើ​ឲ្យ​នាង​ធ្លាក់​មក​ជីវភាព​លំបាក​រហូត​រក​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​មិន​បាន ។

អ្នក​នាង អ៊ុំ គ​ន្ធា បន្ថែម​ថា ក្រោយ​បាត់បង់​ការងារ​ខាងលើ​នេះ នាង​ក៏​បាន​ព្យាយាម​ស្វែងរក​ការងារ​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើ​ដោយ​មាន​ទាំង​ការងារ​រោងចក្រ និង​ការងារ​អនាម័យ ប៉ុន្តែ​ការ​ធ្វើ​ការងារ​ទាំង​អស់នោះ​មិន​បាន​យូរ​ឡើយ ដោយសារ​តែ​នាង​ចេះ​តែ​ឈឺ​ជា​ប្រចាំ ។

នាង​បញ្ជាក់​ថា នាង​បាន​ផ្ទុក​ជំងឺ​សង្គម​មួយ​នេះ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ ហើយ​កន្លង​មក​នាង​បាន​ព្យាយាម​លេបថ្នាំ​ជា​ប្រចាំ​ផង​ដែរ ប៉ុ​ន្ត​យ៉ាងណា​បញ្ហា​សុខភាព និង​ស្ថានភាព​ជំងឺ​របស់​នាង​កាន់តែ​វិវត្តន៍​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

នាង​ថា ស្ថាន​សុខភាព​វា​ហាក់ដូចជា ស៊ាំ​របស់ខ្ញុំ​ហើយ ប៉ុន្តែ​បញ្ហា​ផ្លូវចិត្ត​នោះ​ក៏​វា​សំខាន់ ដោយសារ​ខ្ញុំ​បាន​រស់នៅ​ជាមួយ​វា (​ជំងឺ​)​អស់​ពេល​ជិត​២០​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​លេបថ្នាំ​រហូត តែ​អស់​ពេល​ច្រើន​ឆ្នាំ​វា​ស៊ី​អស់ហើយ វា​ឧស្សាហ៍​កើត​បូស និង​ហើម​កូនកណ្តុរ ខណៈ​ពេល​ស្បែក​ក៏​តែងតែ​ឡើង​កន្ទួល និង​ពងបែក ។

អ្នក​នាង អ៊ុំ គ​ន្ធា បាន​ពោល​ពាក្យ​ទាំងអស់​សង្ឃឹមថា សម្រាប់​ស្ថានភាព​ជំងឺ​របស់​នាង​នា​ពេល​នេះ គឺ​មាន​តែ​ទៅ​មុខ ដោយ​មិន​អាច​ត្រឡប់​ក្រោយ​បាន​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​មាន​អាយុ​កាន់តែ​ចាស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

យ៉ាងណា​បើ​តាម​អ្នក​នាង អ៊ុំ គ​ន្ធា នាង​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នានា​ដែល​បាន​ជួយ​ដល់​រូប​នាង​ជា​បន្តបន្ទាប់ ហើយ​ក៏​អរគុណ​ដល់​បណ្តា​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់ និង​គាំទ្រ​ដល់​រូប​នាង​មិន​បាន​ភ្លេច​នាង ទោះបីជា​នាង​បាន​ធ្លាក់ខ្លួន​ដុនដាប​ខ្លាំង​នា​ពេល​នេះ​ក៏​ដោយ ។

គួរ​បញ្ជាក់​ថា អតីត​តារាចម្រៀង​អ្នក​នាង អ៊ុំ គ​ន្ធា មាន​អាយុ​៤៥​ឆ្នាំ ដោយ​អ្នក​នាង​មាន​ឪពុក​ឈ្មោះ អ៊ុំ សុ​ផាត ជា​អតីតមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចូល​និវត្តន៍ និង​ម្តាយ​ឈ្មោះ អ៊ុ​ង ស៊ីនួន អាយុ​៧០​ឆ្នាំ ។ នាង​ជា​កូន​ទី​៥ ក្នុង​ចំណោម​បងប្អូន​៦​នាក់ ។ នាង​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៥​ក៏​ឈប់ រួច​ចូល​ច្រៀង​ក្នុង​វង់​តន្ត្រី​មួយ​នៅ​ភោជនីយដ្ឋាន​ផ្ការាំទឹករាំ ដែល​កាលនោះ​នាង​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ។

នៅ​ឆ្នាំ​១៩៩៦​នាង​បាន​ដាក់​ពាក្យ​ចូល​ប្រលង​ចម្រៀង​ជាមួយ​បងស្រី​ភ្លោះ​ហើយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ តាំងពី​ពេល​នោះ​មក​អ្នក​នាង អ៊ុំ គ​ន្ធា ក្លាយជា​តារាចម្រៀង​យេ​យេ​ល្បីឈ្មោះ ។

ទន្ទឹម​នឹង​កេរ្តិ៍ឈ្មោះ​លេច​ខ្ពស់ត្រដែត​នេះ តារាចម្រៀង​អ៊ុំ គ​ន្ធា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារាចម្រៀង​លោក​ផា​ន សុ​ផាត រហូត​ក្លាយជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​ចូល​រោងការ ។ នៅ​ឆ្នាំ​២០០៦ ចំណង​និស្ស័យ​ស្នេហ៍​របស់​ពួក​គេ​បាន​ដាច់ដោច​ទៅ​វិញ បន្ទាប់​ពី​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​បាន​៨​ឆ្នាំ និង​បន្សល់​ទុក​កូនប្រុស​២​នាក់ ។

ក្រោយ​ជួប​រឿង​អាប់អួរ​ក្នុង​ដំណើរ​ជីវិត​ជា​បន្តបន្ទាប់ អ្នក​នាង អ៊ុំ គ​ន្ធា ដែល​ធ្លាប់​ជា​តារាចម្រៀង​យេ​យេ​រះ​ភ្លឺ​ចិញ្ចាច បាន​ប្រែ​មករ​លត់​រស្មី​សូន្យសុង ដោយ​ប្រើ​ជីវិត​ត្រូវ​ទ្រាំរ​ស់ទាំង​ត្រដរ​ត្រដាបត្រដួស​ជាមួយ​កូនប្រុស​ពីរ​នាក់ រហូត​នាង​ទទួលមរណភាព​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ