ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាមជួបព្យុះ កើតគ្រោះទឹកជំនន់នៅថៃ ខណៈមីយ៉ាន់យ៉ា រញ្ជួយដី៣ដង ទាំងកណ្តាលអធ្រាត្រ

4 ថ្ងៃ មុន

អាស៊ាន ៖ ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ទើប​ប្រទះ និង​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង Yinxing ស្រាប់តែ​មាន​សេចក្តីរាយការណ៍​ពី​ប្រទេស​មី​យ៉ា​ន់​មក​ថា កាលពី​យប់មិញ​នេះ មានការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​គួរសម​ផ្ទួន​ៗ​ចំនួន​៣​លើក កើត​មាន​ឡើង​ក្នុង​តំបន់​ភ្នំ ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ…

អាស៊ាន ៖ ស្រប​ពេល​ដែល​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​កំពុង​ទើប​ប្រទះ និង​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង Yinxing ស្រាប់តែ​មាន​សេចក្តីរាយការណ៍​ពី​ប្រទេស​មី​យ៉ា​ន់​មក​ថា កាលពី​យប់មិញ​នេះ មានការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​គួរសម​ផ្ទួន​ៗ​ចំនួន​៣​លើក កើត​មាន​ឡើង​ក្នុង​តំបន់​ភ្នំ ដែល​មាន​ចម្ងាយ​៤០​គីឡូម៉ែត្រ ពី​ទីក្រុង​តាជី​ឡេ​ក ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ ភាគ​ខាងជើង ដោយ​លើក​ទី​១ នៅ​ម៉ោង​១១:៣០​យប់ ថ្ងៃ​ទី​០៧ វិច្ឆិកា ក្នុង​កម្រិត​៤.៧​រ៉ិ​ច ក្នុង​ជម្រៅ​៧​គីឡូម៉ែត្រ និង​នៅ​ម៉ោង​០១៖០៣​នាទី ទៀប​ភ្លឺ ថ្ងៃ​៨ វិច្ឆិកា ក្នុង​កម្រិត​៣.៥​រិច​ទ័​រ ក្នុង​ជម្រៅ​ប្រហែល​១០​គីឡូម៉ែត្រ និង​លើក​ទី​៣ នៅ​ម៉ោង​០២​និង​៤៤​នាទី ក្នុង​កម្រិត​២.៣ រិច​ទ័​រ ក្នុង​ជម្រៅ​១​គ​.​ម ។

ប្រភព​ពី​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​ខេត្ត​ឈៀង​រ៉ៃ បាន​ប្រកាស នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រៅពី​មី​យ៉ា​ន់​ម៉ា កា​រញ្ជួយ​ដី​ទាំង​ពីរ​លើក​នេះ បណ្តាល​ឱ្យ​ការ​ញ័រ​រញ្ជួយ​ដល់​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​ចិន ឡាវ ជា​ពិសេស​ខេត្ត​ចំនួន​៣ របស់​ប្រទេស​ថៃ គឺ​ខេត្ត​ឈៀង​ម៉ៃ​, ខេត្ត​ឈៀង​រ៉ៃ និង​ខេត្ត​ម៉ែ​ហុង​សន ។

ប្រជាពលរដ្ឋ​ថៃ ក្នុងស្រុក​ប្រមាណ​១៣ នៃ​ខេត្ត​ទាំង​បី​ខាងលើ​បាន​សំឡេង​ខ្លាំង​ដូច​មាន​អ្វី​ធ្លាក់​មក​លើ ហើយ​ផ្ទះ​ជាន់​ខាងលើ និង​បង្អួច​ផ្ទះ​របស់​ពួក​គេ​មានការ​ញ័រ​ជា​ខ្លាំង ប៉ុន្តែ​គិត​ត្រឹម​ព្រឹក​ម៉ោង​១០​នេះ ពុំ​ទាន់​មាន​របាយការណ៍​ពី​ការ​ខូចខាត​នៅឡើយ​ទេ ។ តែបើ​តាម​នាយកដ្ឋាន​ឧតុនិយម​ថៃ​អះអាង​ថា ខ្លួន​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មានការ​ញ័រ​ជាង​២០​ទីតាំង ។

ស្របគ្នា​នឹង​ការ​វាយប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី និង​ធាតុអាកាស​ចុះ​ត្រជាក់​ខ្លាំង​នា​ភាគ​ខាងជើង​ហើយ​នោះ នា​ព្រឹក​ថ្ងៃ​៨ វិច្ឆិកា​នេះ ពលរដ្ឋ​ថៃ​ក្នុងស្រុក​ម៉ែ​សៃ នៃ​ខេត្ត​ឈៀង​រ៉ៃ ដែល​រង​គ្រោះ​ផ្ទួន​ៗ​ដោយសារ​ជំនន់​រហ័ស ដែល​ហូរ​ចុះ​ពី​តំបន់​ភ្នំ​របស់​មី​យ៉ា​ន់​ម៉ា​នោះ​បាន​រាយការណ៍​ពី​ការ​ជន់​លិច​សារ​ជា​ថ្មី​ថា ផ្សារ​សៃ​ឡោម​ច​យ ។

អ្នកស្រុក​នាំ​គ្នា​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​ការ​ជន់​លិច​នៅ​តំបន់​ផ្សារ​មួយ​នេះ ដោយ​និយាយ​ផ្លូវ​ជុំវិញ​ផ្សារ ប្រែ​ក្លាយជា​ទន្លេ​ម្តងទៀត​ហើយ ។

មហាជន​ជា​ច្រើន បាន​ចូល​ទៅ​ខម​មិន​ដោយ​ខ្លះ​បាន​ផ្តល់​កម្លាំងចិត្ត​អ្នកស្រុក​រង​គ្រោះ ខណៈ​ខ្លះ​ទៀត​សម្តែង​ក្តី​បារម្ភ ហើយ​អោយ​យោបល់​ថា អ្នកស្រុក​គួរតែ​រើ​ចេញពី​តំបន់​នោះ​ទៅ​ព្រោះ​ជួប​គ្រោះ​ទឹកជំនន់​ច្រើន​លើក ច្រើន​ដង​ពេក​ហើយ ។ ក្រៅពី​ភាគ​ខាងជើង នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​នេះ មជ្ឈមណ្ឌល​ឧតុនិយម​ភាគ​ខាងត្បូង​ថៃ បាន​ចេញ​សេចក្តី​ព្រមាន​ដោយ​អះអាង​ថា ដោយសារ​ឥទ្ធិ​ល​នៃ​ព្យុះ​ទី​ហ្វុ​ង Yinxing និង​ខ្យល់មូសុង​ឦសាន​ខេត្ត​ចំនួន​៨ នៃ​ភាគ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ នឹង​ប្រឈម​ដោយ​ហា​និ​យ​ភ័យ​នៃ​ខ្យល់​បក់​បោក​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ ដែល​នាំ​មក​នូវ​ទឹកជំនន់ និង​ការ​បាក់​ដី ចាប់ពី​ថ្ងៃ​ទី ៨-១១ ខែវិច្ឆិកា ។

តាម​រយៈ​ការ​ព្យាករណ៍​នេះ មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្តរាយ​មួយ​ចំនួន​ដូច​ជា ជំនន់​ទឹកភ្លៀង ជំនន់​រហ័ស​ហូរ​ចុះ​ពី​ព្រៃ ជំនន់​ភក់ និង​ការ​បាក់​ដី​តាម​តំបន់​ភ្នំ រួមការ​នេសាទ​និង​ធ្វើ​នាវាចរណ៍​លើ​ផ្ទៃសមុទ្រ​ផង​ដែរ ។

ងាក​ទៅ​កាន់​ប្រទេស​វៀតណាម​ឯណោះ​វិញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ ព្យុះ​ទី​ហ្វុ​ង Yinxing បាន​ធ្វើ​ដំណើ​ចូល​មក​ដល់​សមុទ្រ​វៀតណាម​ខាងកើត​ហើយ ក្រោយ​ពី​វា​បាន​ធ្វើ​ដំណើ​ឆ្លងកាត់​វាយប្រហារ​យ៉ាងដំណំ​លើ​កោះ Luzon របស់​ប្រទេស​ហ្វី​លី​ពី​ន ។

VN Express បាន​ដង​ស្រង់​របាយការណ៍​ពី​មជ្ឈមណ្ឌល​ជាតិ​ព្យាករណ៍​ធនធាន​ជល​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៤៖០០​នាទី​ទៀប​ភ្លឺ ចំណុចកណ្តាល​របស់​ព្យុះ ស្ថិត​នៅ​លើ​ឈូង​សមុទ្រ​តុងកឹង​ជាមួយនឹង​ល្បឿន​ខ្យល់​ខ្លាំង​បំផុត​១៦៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​បន្ត​កំពុង​រំកិល​ខ្លួន​ចូល​មក​កាន់តែ​កៀក​ច្រាំង​ក្នុង​ល្បឿន​១៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ។

ទីភ្នាក់ងារ​ឧតុនិយម​វៀតណាម​ព្យាករណ៍​ថា ដោយសារ​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​នេះ​ខេត្ត Quang Ninh និង​ខេត្ត​Khanh Hoa នឹង​មាន​ខ្យល់​បោកបក់​ខ្លាំង ភ្លៀង​ធ្លាក់​ជោគ​ជាំ ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ខណៈ​ដែល​តំបន់​សមុទ្រ​ភាគ​ខាងកើត​នឹង​មាន​ខ្យល់​គួ​ចរ​លក​សមុទ្រ​ខ្ពស់​ៗ​រហូត​ដល់​ទៅ​៨​ម៉ែត្រ ដែល​អាច​បង្ករ​គ្រោះថ្នាក់​ដល់​នាវា​ធុន​ធំ ។

ដូចនេះ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ព្យុះ​ព្យុះ​ទី​ហ្វុ​ង Yinxing កាលពី​យប់មិញ​នេះ រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​វៀតណាម បាន​ចុះហត្ថលេខា​លើ​ការ​លិខិតផ្លូវការ​ដោយ​ស្នើ​ឱ្យ​គណៈកម្មាធិការ​ប្រជាជន​នៃ​ខេត្ត Quang Ninh និង ខេត្ត​Khanh Hoa ត្រួតពិនិត្យ​ការ​វិវឌ្ឍន៍​របស់​ព្យុះ គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​កប៉ាល់​ដែល​ចេញចូល​សមុទ្រ ត្រៀម​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​គ្រោះថ្នាក់ និង​ដាក់​ចេញ​វិធានការ​ធានា​សុវត្ថិភាព​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។

គួរ​កត់​សម្គាល់ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៤​មក មាន​ព្យុះ​ចំនួន ៦ បាន​វាយប្រហារ​សមុទ្រ​ខាងកើត​វៀតណាម ។ ថ្មី​ៗ​បំផុត គឺ​ព្យុះ​ទី​ហ្វុ​ង​ត្រា​មី បាន​វាយលុក ខេត្ត Thua Thien Hue និង​ទីក្រុង Da Nang កាលពី​ថ្ងៃ​ទី​២៧​ខែតុលា បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ភាគ​កណ្តាល​ភាគ​កណ្តាល ស​ម្លា​.​ប់​មនុស្ស ៨ នាក់ របួស​១៤​នាក់ ខូចខាត​ផ្ទះ​ជាង​៣០០​ខ្នង បំផ្លាញ​ដំណាំ​ជាង​១២០០​ហិ​កតា និង​ស​ម្លា​.​ប់​សត្វពាហនៈ​ចំនួន ១៥០០​ក្បាល ៕

កែសម្រួលដោយ