តារាចម្រៀង នី រ័ត្ន បានមកលេងស្រុកខ្មែរជាថ្មីម្តងទៀត បន្ទាប់ពីនាងបានចាកចេញទៅរស់នៅលើទឹកដីអូស្ត្រាលី អស់រយៈពេលប្រមាណ៦ឆ្នាំមកនេះក្នុងពេលដែលនាងក៏បានត្រៀមបទចម្រៀងថ្មីៗដល់អ្នគគាំទ្រផងដែរ ។
តារាចម្រៀងរូបនេះបានវិលមកជាន់ដីស្រុកខ្មែរ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងដំណើរមកជួបជុំគ្រួសារ បងប្អូន នៅឯស្រុកកំណើតផង និងការងារសិល្បៈផង ហើយតាមគម្រោងនាងនឹងបន្តស្នាក់នៅក្នុងរយៈពេលប្រមាណជា១ខែ ។
ម្ចាស់បទ «កុលាបពុលដីឈ្មោះស្រីមិនល្អ» នី រ័ត្ន បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការមកលេងស្រុកកំណើតជាលើកទី២ របស់នាងនាពេលនេះគោលដៅសំខាន់ គឺការងារសិល្បៈ ដែលនាងត្រូវថតបទចម្រៀងថ្មីៗសម្រាប់ប្រិយមិត្តគាំទ្រ ។ នាងបន្តថា បទចម្រៀងថ្មីៗដែលនាងត្រៀមចេញនោះ គឺអាចលើសពី៣បទឡើងទៅ ហើយការចេញបទចម្រៀងថ្មីនេះ គឺជាការឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់នាងដែលចង់បានក្នុងពេលដែលនាងបានស្ងាប់ស្ងាត់មួយរយៈ ។
ក្រៅពីថតបទចម្រៀងថ្មីៗ ហើយនោះនាងក៏គ្រោងនឹងបង្ហាញវត្តមានឡើងច្រៀងតាមប៉ុស្តិ៍ទូរទស្សន៍នានាជាបន្តបន្ទាប់ផងដែរ ក្នុងរយៈពេលដែលនាងកំពុងស្នាក់នៅស្រុកខ្មែរ ។ នាងបញ្ជាក់ថា ដោយសារចិត្តនៅស្រឡាញ់សិល្បៈទើបធ្វើឲ្យនាងមិនដែលនឹកចង់ចោលអាជីពមួយនេះឡើយ បើទោះបីជានាងបានចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ។
នី រ័ត្ន បន្ថែមថា គិតមកទល់នាពេលនេះ នាងបានចេញទៅរស់នៅប្រទេសអូស្ត្រាលីអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែនាងតែងតែនឹករលឹកមកដល់ស្រុកកំណើត និងសន្សំចិត្តចេញបទចម្រៀងថ្មីៗបន្ថែមទៀត ។ នាងបន្តថា មកដល់ពេលនេះ នាងអាចមានពេលគ្រប់គ្រាន់ទើបនាងបានឆ្លៀតពេលមកស្រុកខ្មែរ ដើម្បីថតបទចម្រៀងថ្មីៗបន្ថែមទៀត សម្រាប់បំពេញបំណងខ្លួនឯង ក៏ដូចជា អ្នកគាំទ្ររូបនាងដែលចង់ឃើញនាងចេញបទថ្មី កុំអោយស្ងាត់យូរពេក ។
យ៉ាងណា បើតាម នី រ័ត្ន សម្រាប់អាជីពសិល្បៈចម្រៀងនេះ នាងមិនកំណត់ពេលថា នឹងត្រូវបោះបង់ចោលនាពេលណានោះឡើយ ពោលនាងអាចនៅតែបន្តរហូតដរាបណានាងនៅតែមានប្រិយមិត្តគាំទ្រ ។ នី រ័ត្ន សម្រាប់ពេលអនាគតនាងនៅមិនទាន់ច្បាស់នៅឡើយទេថា នាងអាចនឹងវិលមករស់នៅស្រុកខ្មែរវិញឬយ៉ាងណានោះ ព្រោះបច្ចុប្បន្ននាងត្រូវមើលថែកូនប្រុសតែមួយរបស់នាងនៅក្នុងទឹកដីប្រទេសអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ