រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ឈិត សុវណ្ណបញ្ញា បានបង្ហាញវត្តមានចូលរួមក្នុងពិធីមង្គលការរបស់ សុភ័ក្រ កុសុម៉ា ក្នុងចំណោមអ្នកសិល្បៈជាច្រើនរូបទៀត ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេលដែលអាជីពសិល្បៈរបស់នាងបន្តភាពស្ងាប់ស្ងាត់ រហូតមកទល់នាពេលនេះ ។
ចាត់ទុកនេះមិនមែនជាលើកទីមួយទេ ដែលឈិត សុវណ្ណបញ្ញា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីរបស់អ្នកសិល្បៈ ពោលកន្លងមក តារាចម្រៀងរូបនេះតែងតែចូលរួមនូវកម្មវិធីនានារបស់អ្នកសិល្បៈដែលជិតស្និទ្ធិ បើទោះបីជាពេលនេះ នាងហាក់ឃ្លាតឆ្ងាយពីសិល្បៈអស់ពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ។
ក្នុងការចូលរួមពិធីមង្គលការរបស់ សុភ័ក្រ កុសុម៉ា នារាត្រីនោះ ឈិត សុវណ្ណបញ្ញា ត្រូវបានគេមើលឃើញថា រូបសម្រស់របស់នាងនៅតែស្រស់ស្អាត និងភាពរួសរាយរាក់ទាក់ដដែលជាមួយមិត្តភក្តិក្នុងចង្កោមអ្នកសិល្បៈដូចគ្នា ក្នុងពេលដែលនាងក៏បានឆ្លៀតថតរូបជាមួយនឹងមិត្តភក្តិសិល្បៈចាស់ថ្មីមួយចំនួននៅក្នុងពិធីនោះផងដែរ ។
សុវណ្ណបញ្ញាក៏បានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមបង្ហាញពីសកម្មភាពចូលរួមមង្គលការរបស់សុភ័ក្រ កុសុម៉ា ដោយអមជាមួយនឹងសំណេរខ្លីថា «ជាថ្ងៃពិសេសរបស់សុភ័ក្រ កុសុម៉ា សុំឲ្យស្រឡាញ់គ្នាពេញមួយជីវិត» ។
ជាមួយគ្នានេះផងដែរ ជាមួយរូបភាពជាមួយមិត្តភក្តិសិល្បៈនានា ឈិត សុវណ្ណបញ្ញា ក៏បានភ្ជាប់ឃ្លាខ្លីមួយបន្ថែមទៀតថា «ជប់លាងជុំមិត្តយូរៗបានជួបម្ដង» ។
ទោះជាយ៉ាងណា ក្រោយពេលក្រោយបង្ហោះរូបភាពខាងលើនេះ គេឃើញមានបណ្តាអ្នកគាំទ្រ ឈិត សុវណ្ណបញ្ញា ជាច្រើនរូបបានចូលទៅខមមិនពីក្រោម ដោយម្នាក់ៗបានសម្តែងការនឹករលឹកដល់រូបនាងយ៉ាងខ្លាំង ខណៈពេលដែលពួកគេក៏ចង់ឃើញរូបនាងវិលមកអាជីពសិល្បៈចម្រៀងជាថ្មីឡើងវិញឆាប់ៗនេះផងដែរ ។
ជាការកត់សម្គាល់ ឈិត សុវណ្ណបញ្ញា បានបាត់មុខពីអាជីពសិល្បៈអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីនាងបានសម្រេចដើរចេញពីផលិតកម្មរស្មីហង្សមាស ហើយចូលផលិតកម្មថោន ក្រោយឆាប់សាងកេរ្តិ៍ឈ្មោះលើវិស័យមួយនេះមួយរយះ ។
គេនៅចាំបានថា កាលពីអំឡុងឆ្នាំ២០១៩ តារាស្រីរូបនេះក៏ធ្លាប់បានបង្ហើបពីការគ្រោងចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «Crush» នៅក្នុង channel YouTube DIT WAY ។ ប៉ុន្តែក្រោយបង្ហើបពីការចេញបទចម្រៀងមួយនេះមក ឈិត សុវណ្ណបញ្ញា នៅតែបន្តស្ងប់ស្ងាត់នៅក្នុងអាជីពមួយនេះដដែល ក្នុងពេលដែលការសម្រេចផ្អាកសិល្បៈរបស់នាងនាពេលនេះក៏នៅមិនឃើញសាម៉ីខ្លួន និងប្រភពព័ត៌មានណាចេញមកទម្លាយនូវមកហេតុមួយនេះនៅឡើយទេ ។
យ៉ាងណា បើទោះបីជា ឈិត សុវណ្ណបញ្ញា បានស្ងប់ស្ងាត់ពីសិល្បៈក៏ពិតមែន ប៉ុន្តែរាល់កម្មវិធីអ្នកសិល្បៈដែលជិតស្និទ្ធិជាមួយនាងនោះ គឺនាងតែងតែបង្ហាញវត្តមានចូលរួមដោយមិនអាក់ខាននោះឡើយ ។
អ្វីដែលជាការកត់សម្គាល់ទៀតនោះ នៅលើបណ្តាញសង្គមវិញតារាស្រីរូបនេះក៏បានបង្ហោះរូបភាពរបស់នាងជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ ប៉ុន្តែភាគច្រើនមិនមែនជាសកម្មភាពក្នុងអាជីពសិល្បៈឡើយពោលគឺការចូលរួមធ្វើបុណ្យនៅតាមទីវត្តអារាមនានាទៅវិញ ៕
ចែករំលែកព័តមាននេះ