ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​លើកគ្នា​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ជួយករណី​ភាគី​វៀតណាម​បិទ​ច្រក​ទ្វារ​ព្រំ​ដែនទឹក

3 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​អាជីវករ​នៅ​ចំណតទូក កាណូត​ប្រឡាយ​ទាហាន​ប្រមាណ​៣០០​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​វល្លិ បាន​លើកគ្នា​តវ៉ា​ទាមទារ​ស្នើ​សុំ​ដល់​សម្តេច​បវរ​ធិ​បតី ហ៊ុន…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​អាជីវករ​នៅ​ចំណតទូក កាណូត​ប្រឡាយ​ទាហាន​ប្រមាណ​៣០០​នាក់ រួម​ទាំង​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​វល្លិ បាន​លើកគ្នា​តវ៉ា​ទាមទារ​ស្នើ​សុំ​ដល់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា សូម​ឲ្យ​អាជ្ញាធរ​ស្រុក​ខេត្ត​មេត្តា​ជួយ​ដោះ ស្រាយ​បញ្ហា​ភាគី​វៀតណាម​បិទ​ច្រក​ទ្វារ​ព្រំដែន​ផ្លូវទឹក​នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ដែល​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​នាំ​ស្រូវ​ចេញ​តាម​ច្រកព្រំដែន​ផ្លូវទឹក​ទៅ​ប្រទេស​វៀតណាម ។

ដែល​ការ​បិទ​ច្រក​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការងារ​កម្មករ​ធ្វើការ​នៅ​ផែ​កាណូត​ប្រមាណ​ជាង​៨០០​នាក់ និង​ក្រុម​អាជីវករ​ប្រមូល​ទិញ​ស្រូវ តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​ជា​កសិករ ត្រូវ​បាត់បង់​ទីផ្សារ ។

ពួក​គាត់​បាន​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​សុំ​ឲ្យ​ភាគី​ខេ​ត្តឡុង​អាន​ប្រទេស​វៀតណាម បើក​ព្រំដែន​ផ្លូវ​ទឹកព្រៃ​វល្លិ​(​ខេត្តស្វាយរៀង​) ឈម​នឹង​បេន​ហ៊ី​ប​(​ខេ​ត្តឡុង​អាន​)​ឡើង​វិញ​ដូច​មុន ។

ការ​តវ៉ា​នេះ បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ២០២៤ នៅ​ចំណត​កាណូត​ប្រឡាយ​ទាហាន ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ ស្ថិត​នៅ​ភូមិ​ព្រៃ​វល្លិ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍​ខេត្តស្វាយរៀង ។ ការ​តវ៉ា​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​មុន​នេះ​ក៏​ធ្លាប់​មានការ​តវ៉ា​ម្តង​ដែរ ។

បើ​តាម​តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​លើកគ្នា​មក​តវ៉ា​នេះ គឺ​មាន​បំណង​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​ពិនិត្យ​អន្តរា គមន៍​បើក​ច្រក​ទ្វារ​ព្រំ​ដែនទឹក នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​នេះ​ឡើង​វិញ ដោយ​ច្រក​ទ្វារ​ព្រំ​ដែនទឹក​មាន​តែ​មួយ​គត់​នៃ​ខេត្តស្វាយរៀង ដែល​អាជីវករ​ខ្មែរ​បាន​បង្កើត​ចំណតទូក កាណូត នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​វៀតណាម ជា​ពិសេស ផលិតផល​ស្រូវ ដែល​អាជីវករ​បាន​ដើរ​ប្រមូល​ទិញ​ពី​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​នេះ ។

ការ​បើក​ច្រក​ផ្លូវទឹក​នេះ បាន​បង្កើត​ការងារ​ឲ្យ​អាជីវករ និង​កម្មករ​កម្មការិនី​ប្រមាណ​ជាង​៨០០​នាក់ បម្រើ​ការងារ​នៅ​ទី​នេះ និង​បង្ក​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ធ្វើស្រែ​នៅ​ក្នុងស្រុក​កំពង់​រោទ៍ លក់​ផលិតផល​ស្រូវ​ផ្ទាល់​ដល់​ឈ្មួញ​វៀតណាម​តែ​ម្តង ដោយ​ឈ្មួញ​វៀតណាម​ចូល​ទូក កាណូត​ដល់​ចំណតរថយន្ត​ដឹកស្រូវ​ក៏​ងាយស្រួល ។

ពេល​ភាគី​វៀតណាម​បិទ​ព្រំដែន​ផ្លូវទឹក​ប្រឡាយ​ទាហាន​ព្រៃ​វល្លិ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ លី​សែង និង​អាជីវករ​ខ្មែរ​យ៉ាង​ខ្លាំង ដោយ​ការ​បិទ​នេះ​មិនដឹង​ពី​មូលហេតុ ។ ច្រកព្រំដែន​ទឹក​នេះ​បាន​បិទ​អស់​រយៈពេល​ជិត​៧​ខែ​មក​ហើយ ដែល​ក្តី​បារម្ភ​ធំ​បំផុត គឺ​ខ្លាច​ភាគី​វៀតណាម​បិទ​ហើយ​បើក​ផែ​ស្រូវ នៅ​ខាង​ប្រទេស​គេ ដែល​ធ្វើ​ឲ្យ​អាជីវករ​និង​កម្មករ ដែល​ប្រកប​មុខរបរ​នៅ​បេន​កាណូត​នេះ​មានការ​ពិបាក កម្មករ​បាត់បង់​ការងារ និង​ធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​រួម​ជា​ខ្លាំង ព្រោះ​ផ្លូវ​ទឹកព្រៃ​វល្លិ កន្លង​មក​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ថ្ងៃ​ចន្លោះ​ពី ៥,០០០​តោន ទៅ​១០,០០០​តោន គឺ​បាន​ជួយ​ដល់​កម្មករ​ខ្មែរ​ដែល​បម្រើ​ការ​នៅ​បេន​កាណូត​នេះ​ចំនួន​ជាង​៨០០​នាក់ ទាំងប្រុស​ទាំងស្រី ពួក​គាត់​ម្នាក់​ៗ​អាច​រក​ចំណូល​បាន​ចន្លោះ​ពី​៧​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ ។

នៅ​ពេល​វៀតណាម​បិទ​ច្រក​នេះ ធ្វើ​ឲ្យ​ពួក​គាត់​អត់​ការងារ​ធ្វើ បង្ក​ឲ្យ​មានការ​ប៉ះពាល់​ក្នុង​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង ។ តំណាង​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា កន្លង​មក​ពួក​គាត់​បាន​យក​សំណើ​ទៅ​ដាក់​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ ទៅ​ដាក់​នៅ​សភាពាណិជ្ជកម្ម​ខេត្ត ទៅ​សាលា​ខេត្តស្វាយរៀង សុំ​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​ដោះស្រាយ ក៏​ប៉ុន្តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​ទើប​នាំ​គ្នា​មក​តវ៉ា​សុំ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិញ​ម្តង ។

បើ​តាម​មន្ត្រី​សាលា​ខេត្តស្វាយរៀង​បាន​ប្រាប់​អ្នក​សារព័ត៌​តាម​បណ្តាញ​តេ​ឡេ​ក្រាម​ខេត្ត​ឲ្យ​ដឹងផង​ដែរ​ថា បញ្ហា​ទាំង​អស់នេះ ស្ថាប័ន​ជំនាញ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ស្ថាន​កុងស៊ុល​កម្ពុជា​ដែល​ប្រចាំការ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដើម្បី​ធ្វើការ​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ តែ​ខាង​ភាគី​វៀតណាម​នៅ​ពុំ​ទាន់​មាន​ចម្លើយ​មក​ខាង​កម្ពុជា​ទេ រហូត​មក​ដល់​ពេល​នេះ ។ វា​ជា​បញ្ហា​របស់​ភាគី​ខាង​វៀតណាម​ដែល​គេ​មិន​អនុញាត​ឲ្យ​ក្រុម​អាជីវករ​គេ​ចូល​មក​ទិញ​ស្រូវ​ពី​កម្ពុជា​តាម​ច្រក​មួយ​នេះ មិនមែន​ខាង​កម្ពុជា​ជា​អ្នក​ហាមឃាត់​នោះ​ទេ ។

ក្រុម​អាជីវករ​និង​កម្មករ ព្រមទាំង​ប្រជាពលរដ្ឋ​ស្រុក​កំពង់​រោទ៍ សូម​សំណូមពរ​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍​បើក​ច្រក​ទ្វារ​ព្រំ​ដែនទឹក​ប្រឡាយ​ទាហាន​នេះ​ឡើង​វិញ ដើម្បី​ឲ្យ​អាជីវករ​និង​កម្មករ ព្រមទាំង​ប្រជាពលរដ្ឋ​មានមុខ​របរ ហើយ​បាន​ដំណើរការ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​បាន​រលូន ជា​ពិសេស​ស្រូវ​មាន​ទីផ្សារ​នាំ​ចេញ ។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ប៉ា​ង ឡេ​ង នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា លោក​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ ហើយ​មិនមែន​ខាង​ខ្មែរ​យើង​ជា​អ្នក​បិទ​នោះ​ទេ គឺ​ខាង​ភាគី​វៀតណាម​ជា​អ្នក​បិទ ហើយ​នា​ពេល​កន្លង​មក គឺ​ខាង​អភិបាល​ខេត្តស្វាយរៀង​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ទៅ​ប្រជុំ​នៅ​វៀតណាម​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ ដោយ​ភាគី​វៀតណាម​គេ​បាន​បើក​ផែ​កាណូត​នៅ​ប្រទេស​វៀតណាម (​ខាងត្បូង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​(​កម្ពុ​ល៍​(​កម្ពុជា​)-​បេន​ហ៊ី​ប ប្រទេស​វៀតណាម ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ខ្មែរ​យើង ។

បច្ចុប្បន្ន​ ខាង​វៀតណាម​គេ​អនុញ្ញាត​ឲ្យ​កម្មករ​ខ្មែរ​ចូល​ទៅ​លី​សែង នៅ​ផែ​វៀតណាម​ដែរ ក៏​ប៉ុន្តែ​កម្មករ​ខ្មែរ​មិន​ចូល​ទៅ​ធ្វើការ​ទីនោះ​ដោយ​ប្រាប់​ថា ពិបាក​ចេញ​-​ចូល​ទៅ​ប្រទេស​វៀតណាម ហើយ​ខាង​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ទៅ​រកស៊ី​នៅ​ប្រទេស​វៀតណាម​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ