អ្នកនាំពាក្យប្រកាសថ្កោលទោស និងព្រមានតាមផ្លូវច្បាប់បុគ្គលដែលប្រើឈ្មោះឯកឧត្ដមអភិសន្តិបណ្ឌិតយកទៅធ្វើទង្វើមិនគប្បី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសបដិសេធចំពោះករណីមានបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី ។
អ្នកនាំពាក្យរូបនេះបានសូមជម្រាបជូនសាធារណជនជ្រាបថា ថ្មីៗនេះមានបុគ្គលឆ្លៀតឱកាសមួយចំនួនបានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ជាថ្នូរទៅនឹងការមិនចាត់វិធានការនានា និងខ្លះទៀតបានតម្រូវឱ្យបង់ប្រាក់ប្រចាំខែជាថ្នូរនឹងការសម្របសម្រួលខុសច្បាប់ផ្សេងៗជាដើម ។
ទន្ទឹមនេះ ក៏មានបុគ្គលឆ្លៀតឱកាសខ្លះទៀតបានប្រើប្រាស់ទំនាក់ទំនងសង្គមទូទៅ និងរូបថតជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត បង្ហាញបង្អួតដោយកុហកជនបរទេសថា ខ្លួនជាក្រុមការងារជាជំនួយការ ឬមានទំនាក់ទំនងជិតស្និទ្ធជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីទាញយកផលប្រយោជន៍ក្នុងគ្រាដែលជនបរទេសទាំងនោះពុំដឹងពីការពិត ។
ជាងនេះទៀត ក្នុងកិច្ចប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណី Call Center ខុសច្បាប់ក៏មានបុគ្គលខ្មែរ និងជនបរទេសខ្លះ ឆ្លៀតឱកាសប្រើឈ្មោះឯកឧត្ដមអភិសន្តិបណ្ឌិត ទៅបន្លាចគំរា.មកំហែ.ង បន្ទុចបង្អាក់ការងាររបស់អាជ្ញាធរ និងសមត្ថកិច្ចថែមទៀត ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការបង្កើតពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវក្នុងចេតនាទុច្ចរិត អុចអាលញុះញង់ បង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្ដមអភិសន្តិបណ្ឌិតថា ជាអ្នកនៅពីក្រោយទីតាំង Call Center ខុសច្បាប់ ឬជាប់ពាក់ព័ន្ធផលប្រយោជន៍របស់ក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដោយគ្រាន់តែផ្អែកលើរូបថតជាមួយគ្នា ឬទំនាក់ទំនងក្នុងសង្គមជាធម្មតា ។
អ្នកនាំពាក្យ សូមសង្កត់ធ្ងន់ថា ឯកឧត្ដមអភិសន្តិបណ្ឌិត ប្រកាន់ សុចរិតធម៌ជាមាគ៌ាជីវិត ទាំងក្នុងកិច្ចការបម្រើជាតិ និងប្រជាជន និងទាំងក្នុងសកម្មភាពទំនាក់ទំនងសង្គម ។ សម្រាប់សាធារណជន ឯកឧត្ដមអភិសន្តិបណ្ឌិត តែងផ្ដល់ការគោរព ស្រលាញ់ និងរាប់អានក្នុងស្មារតីជាជនរួមជាតិ ហើយសម្រាប់ធុរជនជាតិ និងអន្តរជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត តែងតែចូលរួមផ្ដល់ការលើកទឹកចិត្តគាំទ្រ សម្របសម្រួល និងបង្កលក្ខណៈឱ្យធ្វើសកម្មភាព ស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជូនជាតិ និងប្រជាជន ពោល គឺមិនប្រព្រឹត្ត និងមិនគាំទ្រជាដាច់ខាតរាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់កិត្តិយសក្រុមគ្រួសារ ថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល និងគណបក្ស ។
អ្នកនាំពាក្យឯកឧត្ដមអភិសន្តិបណ្ឌិត សូមថ្កោលទោសយ៉ាងដាច់អហង្ការ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់បុគ្គលដែលប្រើប្រាស់ឈ្មោះឯកឧត្ដមអភិសន្តិបណ្ឌិត ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ ជាពិសេសចំពោះជនដែលបង្កើតពាក្យចចាមអារ៉ាម លាបពណ៌យ៉ាងអរគុណធម៌ ផ្ទុយពីការពិតមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ។ ក្នុងន័យនេះ សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ។
ជាមួយគ្នានេះ សូមសាធារណជនមេត្តាកុំជឿលើបុគ្គលទាំងនោះ និងសូមទាក់ទងមក ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ប្រសិនបើមានការសង្ស័យដោយប្រការណាមួយ និងសូមដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចតាមផ្លូវច្បាប់ក្នុងករណីដឹងថា ខ្លួនជាជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ