អ្នកដែលមានម្តាយឪពុកចាស់ៗគួរមានការប្រុងប្រយ័ត្ន ព្រោះកាលពីកន្លងទៅ មានច្រើនករណីរួចមកហើយ ចាស់ៗដែលវង្វេងផ្ទះសម្បែង ធ្វើដំណើរទៅកន្លែងផ្សេងៗនោះ ។
ជាកាពិត កាលពីពេលថ្មីៗមានលោកតាមួយវង្វេងផ្ទះ កូនចៅដើររកគ្រប់ច្រកល្ហង ដោយតាមរយៈគណនីហ្វេកប៊ុកមួយឈ្មោះ វណ្ណា វណ្ណា ជាភាសាអង់គ្លេង បានបង្ហោះពីការបាត់ឪពុករបស់ខ្លួនថា« នាងខ្ញុំបានបាត់លោកឪពុក ។ ឈ្មោះលោកតា គង់ឌី អាយុ៩៨ឆ្នាំ ។ បានចេញពីផ្ទះនៅម៉ោង១០,១១ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ។
គាត់វង្វេង គាត់ជិះផាស់ហ្អេប ផ្ទះកូននៅឯផ្សារឈូកមាស តែគាត់វង្វងផាសហ្អេប បានដាក់គាត់នៅសាលាខណ្ឌពោធិ៍សែនជ័យ ។ ហើយឥឡូវមិនដឹងគាត់ដើទៅណាទៀតទេម៉ោងស្មើនេះមិនទាន់ឃើញទេ បើបងប្អូនទាំងអស់គ្នាបានឃើញគាត់ សូមជួយទាក់ទងមកលេខនាងខ្ញុំ »។
គួរបញ្ជាក់ដែរថា គិតព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមគ្រួសាររបស់លោកតា គង់ឌី ដែលមានព្រះជន្ម៩៨ឆ្នាំ បានរកឃើញលោកតាហើយ គឺនៅខេត្តតាកែវ ដោយស្ថានភាពបែបនេះ ។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកស្រី ឌី វណ្ណា ដែលជាកូនស្រីរបស់លោកតា គង់ ឌី មានព្រះជន្ម៩៨ឆ្នាំ អ្នកស្រីថា នាពេលនេះអ្នកក្រុមគ្រួសារបងប្អូនបានរកឃើញលោកតាហើយ គឺនៅម៉ោង៧ព្រឹកមិញនេះ នៅខេត្តតាកែវ ។
អ្នកស្រី ឌី វណ្ណា បានជម្រាបពីមូលហេតុនៃការបាត់លោកឪពុកអ្នកស្រីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយសារពេលនោះគាត់បានចេញទិញកាហ្វេហូបនៅមុខផ្ទះ ហើយក៏បានជួបផាស់ហ្អេបមួយ នៅខាងមុខ ហើយក៏គាត់បានឡើងជិះ គាត់ថា មកផ្ទះកូននៅផ្សារពោធិ៍ចិនតុង តែតាមការពិតផ្ទះកូននៅផ្សារឈូកមាស តែដោយសារអាយុគាត់ច្រើន ហើយការចងចាំរបស់គាត់ក៏មិនបានល្អ ដូច្នេះលោកតាក៏វង្វេងផ្លូវ បន្ទាប់មកអ្នករត់កង់បីឥណ្ឌា គាត់ក៏យកលោកឪពុករបស់អ្នកស្រីទៅដាក់នៅសាលាខណ្ឌពោធិ៍សែនជ័យ ដោយគាត់មិនបានប្រាប់អ្នកដែលនៅយាមថា គាត់វង្វេងផ្ទះកូនគាត់ទេ រួចហើយគាត់ក៏ចេញទៅបាត់ ។
អ្នកស្រី ឌី វណ្ណា ដែលមានវ័យ៦០ឆ្នាំ បន្តទៀតថា នៅពេលមានឪពុកម្ដាយចាស់ៗអាយុគាត់ច្រើនមិនងាយស្រួលទេ ព្រោះគាត់វង្វេង ដូច្នេះហ៊ានតែប្រហែសតែមួយភ្លែត គឺគាត់ចេញដើរបាត់ហើយ ក្នុងនេះដែរអ្នកស្រីសូមបញ្ជាក់ថា មិនមែនកូនៗមិនមើលថែគាត់ទេ តែពេលខ្លះកូនៗត្រូវការចេញទៅប្រកបរបររកស៊ីចិញ្ចឹមជីវិត ដូចនេះជាចុងក្រោយអ្នកស្រីថា ការមើលថែអ្នកមានគុណ ក្នុងពេលនេះពិតជាសំខាន់មិនអាចកាត់ថ្លៃបានឡើយ ។
គួរបញ្ជាក់ដែរថា គិតត្រឹមពេលនេះ កូនៗរបស់លោកតាបានរកឃើញលោកវិញហើយ ពោលការមើលថែអ្នកមានគុណពិតជាសំខាន់ ដូច្នេះសូមយកចិត្តទុកចំពោះអ្នកមានគុណ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ