ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់អាយុក្រោម៥០ឆ្នាំ ដែលភ្លាមៗនោះគេពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានគេសម្លាប់ពីចម្ងាយរួចយកសពមកប្លុងចោលនៅក្នុងដីចម្ការដំឡូងមួយកន្លែង ក្នុងភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ។
ក្រោយពីមានអ្នកស្រុកប្រទះឃើញក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងការិយាល័យបច្ចេកទេសខេត្ត សហការជាមួយនគរបាលស្រុក ទៅត្រួតពិនិត្យនិងបានសន្និដ្ឋានថា នេះជាករណីឃាតកម្ម ហើយជនរងគ្រោះដែលស្លាប់អាចជាជនជាតិវៀតណាម ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យកោះសន្តិភាពដឹងនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា មានពលរដ្ឋម្នាក់ធ្វើដំណើរដោយម៉ូតូទៅលេងនៅតំបន់ត្រាស់ស្មី ។ នៅពេលទៅដល់ចម្ការដំឡូងមួយកន្លែង ហើយចោលកន្ទុយភ្នែកទៅស្រាប់ឃើញសពបុរសម្នាក់ដេកស្ដូកស្ដឹង ។ រំពេចនោះ គាត់ក៏ជិះម៉ូតូត្រឡប់មកភូមិវិញ រាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចុងជាច ដើម្បីទៅពិនិត្យមើលសព ហើយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក និងខេត្ត បានសហការគ្នាហ៊ុមព័ទ្ធកន្លែងដែលគេប្លុងសពចោលនោះ ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅក្បែរឡើយ ។
សមត្ថកិច្ចប្រាប់ថា តាមរយៈគណៈកម្មការចម្រុះ ដែលមាននគរបាលបច្ចេកទេសនៃស្នងការដ្ឋានខេត្ត នគរបាលជំនាញស្រុក ព្រមទាំងគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការពិនិត្យសពនាវេលាម៉ោងជាង២រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឃើញនៅលើខ្លួនប្រាណសព មានបន្សល់ទុកទូរស័ព្ទដៃមួយគ្រឿង ដែលមានសរសេរអក្សរវៀតណាម ។ សពមានស្នាមសាក់ពីខ្នងរហូតដល់ដៃ ។ បន្ទាប់ពីពិនិត្យរួចរាល់ កម្លាំងនគរបាលនាយកដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកសពយកទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ។
ជាមួយនេះ ផ្អែកតាមការសន្និដ្ឋានបុរសដែលស្លាប់មានមាឌធំ កម្ពស់ប្រហែល១,៧០ម៉ែត្រ ស្លៀកពាក់ខោអាវមួយសម្រាប់ជាប់នឹងខ្លួន ។ នៅកន្លែងប្រទះឃើញសព ពុំឃើញមានបន្សល់ទុកវត្ថុតាងអ្វីគួរឲ្យកត់សម្គាល់នោះទេ ។ ដូច្នេះ សពនេះអាចត្រូវគេសម្លាប់ពីចម្ងាយ ទំនងជាចេញពីកាស៊ីណូណាមួយនៅច្រកត្រពាំងផ្លុង ជាប់ព្រំដែនប្រទេសវៀតណាម យកមកបោះចោលនៅចម្ការដំឡូងនេះ ។
គួររំឭកថា កាលពីក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ មានមនុស្សស្រីម្នាក់ត្រូវជនពុំស្គាល់អត្តសញ្ញាណសម្លាប់ ហើយយកសពមកទម្លាក់ចោលនៅចម្ការចេកមួយកន្លែង ដែលមានចម្ងាយប្រមាណ ១ ០០០ម៉ែត្រ ពីកន្លែងប្រទះឃើញសពបុរសខាងលើ ។ សពស្ត្រីរូបនោះ ត្រូវឃាតករដុតរួញខ្លោចមើលពុំស្គាល់អត្តសញ្ញាណឡើយ ហើយរហូតមកដល់ឆ្នាំ២០២៤នេះ ក៏នៅតែពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយដែរ ។
ចំណែកលោកស្នងការ ចិន នី បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ថា បុរសម្នាក់ដែលគេសម្លាប់ហើយយកសពមកប្លុងចោលនៅក្នុងដីចម្ការដំឡូង នៅស្រុកតំបែរនោះ គឺនគរបាលនាយកដ្ឋានជំនាញ បានធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឈានដល់ការបញ្ជាក់បានថា សពនោះគឺជាជនជាតិវៀតណាម ៕
ចែករំលែកព័តមាននេះ