ខេត្តកំពង់ស្ពឺ ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២ថ្ងៃ គឺថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង២០ម៉ឺននាក់ បានមកលេងកម្សាន្តនៅតាមទីរមណីយដ្ឋានទេសចរណ៍ និងជាង១៦ម៉ឺននាក់ផ្សេងទៀតបានទៅគោរពបូជា និងរីករាយធ្វើបុណ្យនៅតាមទីអារាមនានា ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ តាមវត្តអារាមនានា និងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ គឺមានកំណើនគួរឱ្យកត់សម្គាល់ជាបណ្តាឆ្នាំមុនៗដែលគិតត្រឹមតែរយ:ពេល២ថ្ងៃ នៃថ្ងៃបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១និង២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរសរុបមានចំនួនរហូតដល់ទៅ២១៤,៦១៥នាក់ ក្នុងនោះភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងស្នាក់នៅ ចំនួន:៤៦,៦១៥នាក់ បើធៀបរយ:ពេលដូចគ្នាទៅ និងឆ្នាំ២០២៣ មានត្រឹមតែ៤០,៨២៣នាក់ កើនឡើង ១៤%។ ភ្ញៀវជាតិ៤៦,៣៥៥នាក់ ធៀប និងឆ្នាំ២០២៣មានចំនួនត្រឹមតែ៤០,៦០៤នាក់ កើនឡើង១៤% ។ ចំណែកឯភ្ញៀវអន្តរជាតិមានចំនួន២៦០ នាក់ ធៀប និងឆ្នាំ២០២៣មានចំនួន ២១៩នាក់ កើនឡើង ១៩% ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ទៀតថា ជាមួយ និងកំណើននៃភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតាមទីរមណីយដ្ឋាន សហគមន៍ទេសចរណ៍យ៉ាងច្រើននេះដែរ ភ្ញៀវទេសចរ និងពុទ្ធបរិស័ទដែលបានចូលរួមកាន់បិណ្ឌតាមបណ្ដាវត្តអារ៉ាមនានាទូទាំងខេត្តក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលគិតត្រឹមតែរយ:ពេល២ថ្ងៃគឺថ្ងៃទី១ និងទី២ ខែតុលា ឆ្នាំ២០២៤ មានចំនួនរហូតដល់ទៅ១៦៨,០០០នាក់ ។

សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺមានរមណីយដ្ឋាន និងតំបន់ទេសចរណ៍ក្នុងខេត្តសរុបចំនួន២៧ទីតាំង ក្នុងនោះទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចំនួន៤កន្លែង ទីតាំងរមណីយដ្ឋានធម្មជាតិ កែច្នៃ មានចំនួន៧កន្លែង សហគមន៍ទេសចរណ៍ ៨កន្លែង កសិ-ទេសចរណ៍ មានចំនួន៣កន្លែង និងតំបន់គោលដៅទេសចរណ៍ថ្មីៗមានចំនួន៥កន្លែង ហើយទីតាំងទេសចរណ៍ទាំង២៧កន្លែងនេះ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលចិត្ត និងនិយមទៅលេងកម្សាន្តខ្លាំងគឺរមណីយដ្ឋានធម្មជាតិកែច្នៃ សហគមន៍ទេសចរណ៍ និងកសិ-ទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ ៕




ចែករំលែកព័តមាននេះ