ទីក្រុងហាណូយ៖ មហាព្យុះសង្ឃរាលេខមួយប្រចាំទ្វីបអាស៊ីយ៉ាជី (Yagi) ដែលទើបតែកន្លងផុតទៅពីទឹកដីវៀតណាមកាលពីពេលថ្មីៗនេះបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងមហាសាល។ វៀតណាមទើបតែចេញតួលេខបូកសរុបជាផ្លូវការបញ្ជាក់ថាទំហំនៃខូចខាតលើកនេះគិតជាទឹកប្រាក់៨១,៥ទ្រីលានដុង ឬស្មើនឹង៣,៣១ពាន់លានដុល្លារអាមេរិក។ ចំនួននេះកើនទ្វេដងលើសទំហំនៃការប៉ាន់ស្មានកាលពីមុន។ នេះជាអ្វីដែលសារព័ត៌មានរបស់រដ្ឋវៀតណាមបានផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍។
ខ្យល់ព្យុះយ៉ាជីសម្លាប់មនុស្សនៅវៀតណាម២៩៩នាក់ និងបាត់ខ្លួន៣៤នាក់ មុនដំបូងយើងគិតថាច្រើន។ ប៉ុន្តែនៅភូមាឯណោះវិញ ខ្យល់ព្យុះនេះក៏ឆក់យកជីវិត២២៦នាក់ផងដែរ។ នៅថៃស្លាប់អស់១០នាក់ដោយសារខ្យល់ព្យុះនេះ។ តំបន់ឧស្សាហកម្មធំៗនៅភាគកណ្ដាលត្រូវរងការខូចខាត និងបន្ទច់បង្អាក់យ៉ាងខ្លាំង។ រោងចក្រ, អគារ, កសិដ្ឋាន, ផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមានស្ពាន និងថ្នល់ជាដើមត្រូវខូចខាតដោយផ្នែក ឬត្រូវបំផ្លិចបំផ្លាញអស់គ្មានសល់។
សារព័ត៌មានវៀតណាមផ្សាយថាអ្វីដែលបង្កការខូចខាតផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេគឺការបាក់ដី និងជំនន់ទឹកភ្លៀងដែលហក់ឡើងយ៉ាងឆាប់រហ័សរកតែជម្លៀសខ្លួន ឬយករបស់របរទៅតាមខ្លួនក៏មិនទាន់។ មុនដំបូង ក្រសួងផែនការប៉ាន់ស្មានថាទំហំនៃការខូចខាតដោយសារខ្យល់ព្យុះនេះគិតជាទឹកប្រាក់១,៦ពាន់លានដុល្លារ ឬស្មើនឹង០,១៥%នៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ។
ប៉ុន្តែនៅទីបំផុត ទំហំខូចខាតជាក់ស្ដែងលើសពីការប៉ាន់ស្មានទ្វេមួយជាពីរ។ ឆ្នាំនេះវៀតណាមព្យាករថាកំណើនសេដ្ឋកិច្ចរបស់ខ្លួនស្ថិតនៅចន្លោះ៦,៨%-៧%។ រដ្ឋមន្ត្រីកសិកម្មជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលឱ្យថ្នាក់មូលដ្ឋានចាប់ផ្ដើមសង្វាក់ផលិតកម្មរបស់ខ្លួនឡើងវិញ។ ក្រៅពីនេះ ពួកគេត្រូវធានាការផ្គត់ផ្គង់ទំនិញ និងសេវាកម្មឱ្យបានទៀងទាត់ ត្រូវទប់ស្កាត់មិនឱ្យឈ្មួញលួចដំឡើងថ្លៃទំនិញ។ ដីស្រែ-ចម្ការ និងកន្លែងចិញ្ចឹមសត្វរងការខូចខាតខ្លាំងជាងគេពីខ្យល់ព្យុះនេះ។
មិនទាន់បានអីផង តម្លៃជ្រូករស់ចាប់ផ្ដើមហក់ឡើងស្រឺតៗនៅវៀតណាមដោយសារខ្យល់ព្យុះយ៉ាជី និងដោយសារកសិដ្ឋានចិញ្ចឹមជ្រូករងការលិចលង់យ៉ាងធ្ងន់ធ្ងរ។ កាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នវាយតម្លៃជាអន្តរជាតិព្យាករថាវិស័យធនាគារនៅវៀតណាមប្រឈមនឹងការថយចុះប្រាក់ចំណេញ។ កូនបំណុលដែលជំពាក់ធនាគារបានខាតបង់ច្រើនណាស់ដោយសារខ្យល់ព្យុះ។ ដូច្នេះធនាគារត្រូវរៀបចំប្រព័ន្ធឥណទានឡើងវិញនៅក្នុងការបង់រំលស់តបទៅតាមបទបញ្ជារបស់ធនាគារជាតិ៕
ចែករំលែកព័តមាននេះ