រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង សាឡាត់ ស្រីឡាង បានចេញមុខទទួលកំហុស បន្ទាប់ពីមាននារីម្នាក់បានទម្លាយរឿងរ៉ាវ ដែលនាងខ្ចីប្រាក់ប្រមាណ២០០ដុល្លារ ហើយគេចវេសមិនព្រមសង ។ យ៉ាងណា ក្រៅពីការទទួលកំហុសខាងលើ សាឡាត់ ស្រីឡាង ក៏បានទូទាត់សងលុយដែលជំពាក់ទៅកាន់នារីជាម្ចាស់បំណុលនោះរួចហើយ ។

ការចេញមុខទទួលកំហុសពីតារាស្រីខាងលើ បានធ្វើឡើងបន្ទាប់ពីមាននារីម្នាក់បានទម្លាយរឿងរ៉ាវដ៏ក្តៅគគុកខាងលើនេះ តាមបណ្តាញសង្គមបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នារីដែលមានឈ្មោះក្នុងបណ្តាញសង្គមថា Ly Chanvatey បានបង្ហោះរូប និងការឆាតជាសម្លេងពីការខ្ចីលុយជាមួយ សាឡាត់ ស្រីឡាង ដោយអមជាមួយនឹងសំណេរថា ខ្ចីលុយយប់ថ្ងៃទី27.07.2024 សន្យា២ថ្ងៃសង កុហកខ្ញុំថ្ងៃនេះថ្ងៃនោះរហូតពេលនេះ ជិត២ខែលុយប៉ុណ្ណឹងសោះឱ្យអោយថោកខ្លួនដែរ ។ កុហកបង្វិលក្បាលខ្ញុំណាស់ ២ខែនេះខ្ញុំខូចអារម្មណ៍អីខ្លះ?ខ្ញុំខាតការងារស្អីខ្លះ? ដោយសារអារម្មណ៍ធុញនឹងលេសអ្នកឯង? ដល់ការអត់ធ្មត់មានដែនកំណត់ ខ្ញុំបង្ហាញទើបអ្នកឯងមកសងខ្ញុំដូចនេះលុយ200$ វាមិនស័ក្តសមនឹងការដែលខ្ញុំវាខូចខួរ២ខែនេះទេហើយមិនមែនខ្ញុំមិនប្រាប់ទេ ខ្ញុំព្រមាន២ដងហើយ តែអ្នកឯងនៅបំពាន ។ នេះជាមេរៀនទៅដល់អ្នកលេស 100ជំពូក ដែលខ្ចីគេមិនចង់សងថា ខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើ។ ចប់។

យ៉ាងណា ក្រោយឃើញការបង្ហោះខាងលើនេះ តារាសម្តែងនាង សាឡាត់ ស្រីឡាង ក៏បានធ្វើការឆ្លើយតបតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមថា បងប្អូនប្រាកដជាបានឃើញការផុសរបស់បងស្រី Ly Chan Vatey ហើយបញ្ហាដែលកើតឡើង គឺខ្ញុំពិតជាទទួលនៅកំហុសមិនបានគេចវេសទេ ហើយបងរបស់ខ្ញុំគាត់ក៏បានជួយដោះស្រាយទូទាត់សងប្រាក់ដែលបានខ្ចីពីគាត់តាំងពីម្សិលមិញ ហើយខ្ញុំក៏ព្យាយាមក្នុងការទំនាក់ទំនងទៅគាត់ដែល ។

នាងបញ្ជាក់ថា ខ្ញុំពិតជាសូមទោសនៅកំហុសនេះ មួយរយ:នេះ បញ្ហាមានច្រើនសំរាប់ខ្ញុំដែលមិនអាចនឹងនិយាយបាន ។ ខ្ញុំបានទូទាត់រួចរាល់សង្ឃឹមថា បងស្រីនឹងបញ្ចប់រឿងត្រឹមនឹង ហើយខ្ញុំពិតជាសុំទោសនៅកំហុសមួយនេះពិតមែន ៕





ចែករំលែកព័តមាននេះ