ប្រទេសវៀតណាម ៖ បុរសជនជាតិវៀតណាមម្នាក់រស់នៅទីក្រុងហូជីមិញ ត្រូវបានអាជ្ញាធរពិន័យជាប្រាក់១០លានដុង ស្មើនឹង ៤១០ដុល្លារអាមេរិក ក្រោយកោរលុយតារាយូធូប (Youtube) ដ៏ល្បីលំដាប់ពិភពលោក IShowSpeed តាមរយៈការជួលក្តារស្គីអេឡិចត្រូនិច ឬ Hoverboard ដែលបង្កឱ្យមានការខឹងសម្បារពីសំណាក់ប្រជាជនវៀតណាម។

ប្រភពពីសារព័ត៌មានវៀតណាម VnExpress នៅថ្ងៃទី១៦ ខែកញ្ញា បានឱ្យដឹងថា អាជ្ញាធរតំបន់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានពិន័យបុរសវ័យ២៣ឆ្នាំម្នាក់ ដែលមិនត្រូវបញ្ចេញឈ្មោះពីបទប្រើប្រាស់ចិញ្ចើមផ្លូវដោយខុសច្បាប់ ដើម្បីជួលក្តារស្គីអេឡិចត្រូនិច និងលក់ទំនិញគ្មានប្រភពច្បាស់លាស់ស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក និងរដ្ឋាភិបាលវៀតណាម។

បុរសរូបនោះបានទទួលការផាកពិន័យ បន្ទាប់ពីត្រូវបានរកឃើញថាបានកោរលុយតារាយូធូបសញ្ជាតិអាមេរិក IShowSpeed មានអ្នកតាមដានជិត ៣០លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយដែលស្ថិតនៅក្នុងប្រទេសវៀតណាម សម្រាប់ព្រឹត្តិការណ៍ប្រជុំរថយន្តទំនើបៗ Gumball 3000 នោះ លើទឹកប្រាក់ចំនួន ១លានដុង ដែលស្មើនឹង ៤០,៧៤ដុល្លារ សម្រាប់ការជួល Hoverboard រយៈពេលត្រឹម៥នាទី នៅលើផ្លូវថ្មើរជើង Nguyen Hue កាលពីថ្ងៃសៅរ៍មុន។
សកម្មភាពនេះ ត្រូវបានផ្សាយផ្ទាល់នៅលើគណនីយូធូបរបស់ IShowSpeed ដែលមានអ្នកទស្សនាជិត ១៧០,០០០នាក់នៅពេលនោះ។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថាតម្លៃជួលគឺថ្លៃហួសហេតុ ដោយបញ្ជាក់ថា ការជួល Hoverboard ជាធម្មតាមានតម្លៃត្រឹមតែ៥ម៉ឺនដុង ឬស្មើនឹង ២ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល១៥នាទី។ ខណៈករណីនេះទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម រហូតដល់ប៉ូលិសមូលដ្ឋានកោះហៅបុរសរូបនោះមកសាកសួរ មុនឈានដល់ការពិន័យ។

គួរបញ្ជាក់ថា IShowSpeed ដែលមានឈ្មោះពិតថា Darren Jason Watkins Jr. អាយុ១៩ឆ្នាំ បានចាកចេញពីប្រទេសវៀតណាមធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ សម្រាប់ដំណើរទេសចរណ៍ព្រឹត្តិការណ៍ប្រជុំរថយន្តទំនើបៗ Gumball 3000។ ហើយក្រៅពីវត្តមានតារាយូធូបដ៏ល្បីលំដាប់ពិភពលោករូបនេះមកដល់ប្រទេសកម្ពុជា អ្នកគាំទ្របាល់ទាត់កម្ពុជាក៏ភ្ញាក់ផ្អើលខ្លាំង និងទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត សម្រាប់វត្តមានលោក Patrice Evra អតីតខ្សែការពារស្លាបឆ្វេងឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង និងក្រុមបិសាចក្រហម Manchester United ដែលមិត្តជិតស្និតរបស់កំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ផងដែរ៕



ចែករំលែកព័តមាននេះ