ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​បំផុត​ទី​២​នៅ​អាស៊ី ប្រកាស​ផ្តល់​ប្រាក់​ជំនួយ​១​លាន​ដុល្លារ​ដល់​វៀតណាម

3 អាទិត្យ មុន

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឥណ្ឌា Adani Group ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​មាន​បំផុត​ទី​២​របស់​ប្រទេស​ឥណ្ឌា លោក Gautam Adani បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​វៀតណាម ៖ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ឥណ្ឌា Adani Group ដែល​ជា​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​មាន​បំផុត​ទី​២​របស់​ប្រទេស​ឥណ្ឌា លោក Gautam Adani បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​ប្រទេស​វៀតណាម​ឡើង​វិញ បន្ទាប់​ពី​ការ​បំផ្លិចបំផ្លាញ​បណ្តាល​មក​ពី​ព្យុះសង្ឃរា​យ៉ាក​ជី (Yagi)​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​នៅ​រសៀល​នេះ​។

ប្រភព​ពី​រដ្ឋាភិបាល​វៀតណាម​បាន​រាយការណ៍​ថា ស្ថាបនិក​ក្រុមហ៊ុន Adani Group លោក Gautam Adani បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ប្រជាជន​វៀតណាម ជា​ពិសេស​អ្នក រង​គ្រោះ​ដោយសារ​ព្យុះសង្ឃរា​យ៉ាក​ជី និង​ការ​ជន់​លិច​ជា​បន្តបន្ទាប់ បូក​រួម​ទាំង​ការ​បាក់​ដី​យ៉ាង​រន្ធត់ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​២៣៣​នាក់ នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម កាលពី​ស​ប្តា​ហ៍​មុន​។ ជាមួយ​វិភាគទាន​ចំនួន​១​លាន​ដុល្លារ នឹង​ត្រូវ​បញ្ជូន​ទៅ​គណៈកម្មាធិការ​ចលនា​សង្គ្រោះ​មជ្ឈិម ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​នៅ​ទូ​ទាំង​ភាគ​ខាងជើង​ប្រទេស​វៀតណាម ក៏​ដូច​ជា​ដល់​មន្ទីរពេទ្យ Viet Tiep នៅ​ក្នុង​ទីក្រុង​ហៃ​ហ្វុ​ង (Hai Phong) ផង​ដែរ​។

ក្រុមហ៊ុន Adani Group ក៏​បាន​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​មាន​ផែនការ​ដាក់​ចេញ​នូវ​គម្រោង​នានា​ក្នុង​គោលបំណង​ជួយ​ដល់​សហគមន៍​មូលដ្ឋាន និង​ការ​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់​។

លោក Gautam Adani គឺជា​មហាសេដ្ឋី​ឥណ្ឌា ដែល​ជា​ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន Adani Group ដែល​ជា​ក្រុមហ៊ុនចម្រុះ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​កំពង់​ផែ អាកាសយានដ្ឋាន និង​ប្រតិបត្តិការ​ផ្សេង​ទៀត​នៅ​ប្រទេស​ឥណ្ឌា​។

ប្រភព​ពី​ទស្សនាវដ្តី​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក Forbes បានឱ្យ​ដឹង​ថា បុរស​វ័យ​៦២​ឆ្នាំ​រូប​នេះ គឺជា​មហាសេដ្ឋី​ទី​២១​លើ​ពិភពលោក និង​ទី​២ នៅ​ឥណ្ឌា ក៏​ដូច​ជា​អាស៊ី​ផង​ដែរ ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៨១.១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤​។

នៅ​ពីក្រោយ​លោក Mukesh Ambani ដែល​ជា​ប្រធាន និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Reliance Industries ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ​រួម​មាន ថាមពល គីមី​ឥន្ធនៈ ឧស្ម័ន​ធម្មជាតិ ការ​លក់រាយ ទូរគមនាគមន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​វាយ​ន​ភណ្ឌ​។ បុរស​វ័យ​៦៧​ឆ្នាំ​រូប​នេះ គឺជា​មហាសេដ្ឋី​មាន​បំផុត​នៅ​ឥណ្ឌា និង​អាស៊ី ជាមួយ​ទ្រព្យសម្បត្តិ​សរុប​ចំនួន ១១៥​ពាន់​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ