រាជធានីភ្នំពេញ ៖ វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងពេលដែលភរិយាតារាសម្តែងលោក ស៊ុក សុភា បានបង្ហាញតម្រុយពីការត្រៀមបង្ហាញពីលទ្ធផលល្អមួយពីស្ថានភាពរបស់អតីតតារាច្រៀងដ៏ល្បីល្បាញគឺអ្នកនាង ទូច ស៊ុននិច ក្នុងពេលដែលតារាចម្រៀងរូបនេះត្រូវបានគេដឹងថា កំពុងផ្ញើវាសនាថ្មីនៅក្រៅប្រទេសក្នុងស្ថានភាពជាជនពិកាមួយរូប ។

ដោយមិនទាន់បញ្ចេញពីស្ថានភាពល្អណាមួយរបស់អ្នកនាង ទូច ស៊ុននិច នាពេលនេះ ភរិយាលោក ស៊ុក សុភា គឺអ្នកនាង សារីណា គ្រាន់តែបញ្ជាក់ថា អ្នកនាង ទូច ស៊ុននិច នឹងមានអ្វីធ្វើអោយបងប្អូនភ្ញាក់ផ្អើលក្នុងពេលឆាប់ៗនេះ ។
ជាមួយនឹងរូបភាពអតីតកាលមួយសន្លឹករបស់តារាចម្រៀងអ្នកនាង ទូច ស៊ុននិច អ្នកនាង សារីណា បានភ្ជាប់ជាមួយនឹងសំណេរខ្លីបង្ហោះលើបណ្តាញសង្គមថា អ្វីដែលខ្ញុំធ្លាប់សុំបងប្អូនអោយជួយបន់ស្រន់បួងសួងសុំអោយគាត់ដើរវិញបាន ច្រៀងវិញបានដូចដើម ពេលនេះយើងជិតឃើញលទ្ធផលហើយ គឺបង Touch Sunnix នឹងមានអ្វីធ្វើអោយបងប្អូនភ្ញាក់ផ្អើលក្នុងពេលឆាប់ៗ កុំភ្លេចគាំទ្រ ណាបងប្អូនអូស្ដ្រាលីយើង ។

តាមរយៈសំណេរដែលអ្នកនាង សារីណា សសេរនាពេលនេះហាក់បង្ហាញថា នាង ទូច ស៊ុននិច អាចនឹងបង្ហាញវត្តមានច្រៀងជាថ្មីឡើងវិញបាន ក្នុងពេលដែលស្ថានភាពរបស់នាងកាន់តែមានភាពល្អប្រសើរឡើងវិញជាលំដាប់ ។
ចំណុចនេះត្រូវបានអ្នកនាង សារីណា បានបញ្ជាក់តាមរយះការខំមិននៅពីក្រោមការសេររបស់នាងត្រូវឆ្លើយតបពីការសួរនាំពីមហាជនថា គាត់អត់ទាន់ស្លាប់ទេ ខ្ញុំខលនិយាយជាមួយគាត់រហូត សម្លេងគាត់ពេលនេះឆ្វាចដូចដើមវិញហើយ គឺគ្មានឈឺអីទេ ហើយគាត់នឹងធ្វើអោយយើងភ្ញាក់ផ្អើលរឿងរូបគាត់នៅពេលនេះ ខ្ញុំសុំលាក់តាមគាត់ចង់បានសិនណា រឿងរូប សុំមិននិយាយសិន ។

យ៉ាងណាតាមរយះដំណឹងមួយនេះបានធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកធ្លាប់គាំទ្រទឹកដមសំនៀងរបស់នាង ទូច ស៊ុននិច បានសម្តែងការត្រែកអរជាខ្លាំង ក្នុងពេលដែលពួកគេក៏ចង់ឃើញតារាចម្រៀងរូបនេះអាចវិលមកបង្ហើរសំនផងជាថ្មីឡើងវិញផងដែរ ។
គួរបញ្ជាក់ថា បើទោះបីជាកំពុងរស់នៅឯក្រៅប្រទេស និងធ្លាក់ខ្លួនពិកាជិះតែនៅលើរទះរុញក៏ដោយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះនៅលើគណនេយ្យហ្វេសប៊ុករបស់នាង ទូច ស៊ុននិច តែងតែបង្ហោះរូបភាពចាស់ៗរបស់ខ្លួន អមជាមួយនឹងការសម្តែង និងបទចម្រៀងចាស់របស់នាងជាបន្តបន្ទាប់ ។

ជាមួយការបង្ហោះសកម្មភាពខាងលើនេះ អ្នកនាង ទូច ស៊ុននិច ក៏តែងតែពោលពាក្យពីការនឹករលឹកមកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់គាំទ្រសម្លេង និងបទចម្រៀងរបស់នាងនាពេលកន្លងមកផងដែរ ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ