រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្មកនាង ម៉េង កែវពេជ្ជតា បានចេញមុខស្នើសុំអោយមហាជនមួយចំនួនបញ្ឈប់រាល់សកម្មភាពលេងសើចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ជាពិសេសទ្រខ្មែរ ក្នុងពេលដែលអ្នកនាងក៏បានស្នើដល់ក្រសួងវប្បធម៌អោយជួយបញ្ឈប់នូវសកម្មភាពនេះផងដែរ ។
ការស្នើសុំពីតារាចម្រៀងរូបនេះបានធ្វើឡើង បន្ទាប់អុ្នកនាងបានមើលឃើញមហាជនមួយចំនួនបានលើកយកសម្លេងទ្រខ្មែរមកធ្វើការលេងសើច (Bully) ដែលអ្នកនាងចាត់ទុកថា សកម្មភាពមួយនេះបានធ្វើអោយប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរ ។
តាមរយះសំណេរដែលបានសសេរបង្ហោះតាមបណ្តាញសង្គម អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា ប៉ុន្មានថ្ងៃនេះខ្ញុំមើលឃើញថា មានការលើកយកសម្លេងទ្រ មក Bully លេងសើចយ៉ាងសម្បើម នេះក៏ដោយសារមានការបង្ហោះឈុតមួយនៃវីដេអូរឿងខ្មែរដែលនិយាយថាថ្លង់សម្លេងទ្ររកដេកពួនមិនបាន ។
អ្នកនាងបន្តថា តាមរយៈវីដេអូឈុតខ្លី និងសម្តីក្នុង Comments អ្នកខ្លះបានប្រើពាក្យចំអកបន្ទាបបន្ថោកតម្លៃ ទ្រ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរដ៏ចំណាស់នេះយ៉ាងខ្លាំងរហូតអ្នកខ្លះហ៊ានប្រដូចទៅនឹងរូបភាពក្នុងន័យមិនល្អទៀតផង ។
អ្នកនាងបញ្ជាក់ថា កាយវិការទាំងនេះ បានធ្វើអោយប៉ះពាល់ដល់តម្លៃនៃឧបករណ៍តន្ត្រីបុរាណខ្មែរផង និងប៉ះពាល់ដល់ទឹកចិត្តសតិអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ តន្ត្រីករ( អ្នកលេងភ្លេងបុរាណ លេងទ្រ )ផង ក្នុងពេលការលេងសើចនេះដែរក៏អាចបញ្ជាក់ពីកំរិតយល់ដឹង ការគោរព និងភាពជាតិសាសន៍វប្បធម៌និយមរបស់មនុស្សមួយចំនួននៅមានកំរិតទាបគួរអោយបារម្ភ ។
អ្នកនាងថា សោកស្តាយដែលខ្លួនជាខ្មែរតែមិនស្គាល់អ្វីជារបស់ខ្មែរខ្លួនឯង ” មានរបស់មិនចេះថែប៉ុន្តែចូលចិត្តឡាំប៉ានៅពេលគេយកទៅបាត់ ” ។ ដំបូងខ្ញុំខំទប់ចិត្តអូសរំលងធ្វើមើលមិនឃើញដែរ ប៉ុន្តែមិនអាចធ្វើចិត្តបានសោះ ព្រោះទោះជាបិទភ្នែកយ៉ាងណាក៏ខ្ញុំជាខ្មែរ លោកឪពុករបស់ខ្ញុំជាស្តេចទ្រសោរបស់ប្រទេសខ្មែរ ម្តាយខ្ញុំ រូបខ្ញុំ បងប្អូនខ្ញុំជាសិល្បការនីចម្រៀងអាយៃ សម័យ បុរាណ ភ្លេងការ មហោរីយីកេបាសាក់ ។ ល ។
ដូច្នេះបើខ្ញុំមិនអើពើទេ គឺខ្ញុំមិនគប្បីឡើយ ទើបក្នុងពេលនេះ ខ្ញុំដាច់ចិត្តលើកដៃសំពះអង្វរដោយទទូចចំពោះបងប្អូនដែលយក ទ្រ មក Bolly ក្នុងបណ្តាញសង្គមមួយចំនួននេះ ក៏ដូចជាសំណូមពរទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមនិងស្ថាប័នពាក់ព័ន្ធសូមមេត្តាឈប់ និងជួយបញ្ឈប់រាល់សកម្មភាពលេងសើចមិនទំនងជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ឬអ្វីដែលទាក់ទងនឹងសិល្បៈខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណជាតិ ជាសម្បត្តិកេរ្ត៍ដូនតាជាទីគោរពសក្ការៈ និងមានតម្លៃ មុននឹងវិស័យសិល្បៈវប្បធម៌របស់យើងត្រូវបានគេប្រមាថ និងឈានទៅរកការបាត់បង់ ។
បើតាមអ្នកនាង ម៉េង កែវពេជ្ជតា ទ្រ គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរដែលដើរតួយ៉ាងសំខាន់ក្នុងបទភ្លេងចម្រៀង ល្ខោន របាំ ពិធីខ្មែរមិនអាចខ្វះបាន ។ ទ្រខ្មែរខ្សែ៣ ទ្រសោ ទ្រអ៊ូ ទ្រឆេ ..ទាំងអស់នេះពេលខ្លះធ្វើជាតួឯកទៀតផងទៅតាមទំរង់នៃបទភ្លេង ចម្រៀង ។ ក្នុងពិធីរៀបមង្គលការ ទ្រសោ ទ្រខ្មែរខ្សែ៣គឺជាតួឯកសម្រាប់នាំមុខ ។ ទ្រ នៅមានតួនាទីជាច្រើនទៀតស្ទើតែលើសឧបករណ៍តន្ត្រីបុរាណខ្មែរដទៃទៀតផង ។
នាងខ្ញុំសង្ឃឹមថា សារមួយនេះនឹងជួយបណ្តាលចិត្តបងប្អូនដែលយល់ខុសមួយចំនួន អោយបញ្ឈប់រាល់ការគិត និងសកម្មភាពមិនល្អ ហើយងាគមកជួយគ្នាថែរក្សាការពារអោយបានមាំមួននូវសម្បត្តិវប្បធម៌ខ្មែរដ៏កំសត់របស់យើងដើម្បីអោយមានស្នាមញញឹមដើរទន្ទឹមនឹងភាពស៊ីវិល័យនៃឧបករណ៍តន្ត្រីសម័យដែលជាឧបករណ៍ភ្លេងរបស់បច្ចឹមប្រទេស ៕
ចែករំលែកព័តមាននេះ