ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ក្រិន ប្រាប់មូលហេតុ ក្រោយសម្រេច​បិទ​រោងល្ខោន​ចោល

3 ខែ មុន

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ ក្រិន បាន​សម្រេច​បិទ​រោងល្ខោន​ផ្ទាល់ខ្លួន​ចោល​ហើយ បន្ទាប់​ពី​បាន​បើក​ដំណើរការ​អស់​រយះ​ពេល​ជាង​៣​ឆ្នាំ​មកនេះ ក្នុង​ពេល​អាជីព​កំប្លែង​របស់​លោក​ក៏​ហាក់​នៅ​ទ្រឹង​គ្មាន​ទីផ្សារ​ផង​ដែរ ។ ចាប់តាំងពី​រំសាយ​ក្រុម​កំប្លែង​ពី​នាយ កុយ…

រាជធានីភ្នំពេញ ៖ តារា​កំប្លែង​នាយ ក្រិន បាន​សម្រេច​បិទ​រោងល្ខោន​ផ្ទាល់ខ្លួន​ចោល​ហើយ បន្ទាប់​ពី​បាន​បើក​ដំណើរការ​អស់​រយះ​ពេល​ជាង​៣​ឆ្នាំ​មកនេះ ក្នុង​ពេល​អាជីព​កំប្លែង​របស់​លោក​ក៏​ហាក់​នៅ​ទ្រឹង​គ្មាន​ទីផ្សារ​ផង​ដែរ ។

ចាប់តាំងពី​រំសាយ​ក្រុម​កំប្លែង​ពី​នាយ កុយ មក នាយ ក្រិន និង​នាយ ហុងដា បាន​ងាក​មក​បើក​វង់​ល្ខោន​ផ្ទាល់ខ្លួន សម្រាប់​បន្ត​ការ​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​អាជីព​សិ​ល្បះ​មួយ​នេះ​។

យ៉ាងណា​ដោយ​មិនសូវ​កាក់កប និង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​នោះ នៅ​ទីបំផុត នាយ ក្រិន ក៏​បាន​សម្រេច​បិទ​វង់​ល្ខោន​របស់​ខ្លួន​ជា​ស្ថាពរ​ហើយ ។

តារា​កំប្លែង​មាឌ​ល្អិត នាយ ក្រិន បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ដំណើរ​បាន​ប្រមាណ​ជាង​៣​ឆ្នាំ​មកនេះ វង់​ល្ខោន​របស់​លោក​បាន​បិទ​ហើយ ដោយសារ​តែ​លោក​ជួប​នូវ​បញ្ហា​មួយ​ចំនួន ។

លោក​បញ្ជាក់​ថា កាល​ពេល​ដែល​បើក​វង់​ល្ខោន​ផ្ទាល់​នោះ​គឺ​លោក​មិន​កូនក្រុម​ផ្ទាល់ខ្លួន​ឡើយ ពោល​តួល្ខោន​ភាគច្រើន​គឺ​មក​ពី​បណ្តា​វង់​ផ្សង​ៗ ។

លោក​ថា នៅ​ពេល​មានការ​សម្តែង​ម្តង​ៗ​មាន​តួអង្គ​គេ​ទំនេរ​គេ​ចេះ​តែ​មក​ជួយ​យើង ប៉ុន្តែ​បើ​គេ​ជាប់​វង់​ផ្សេង​នោះ​គេ​មិន​បាន​មក ហេតុនេះ​វា​ពិបាក​សម្រាប់​យើង ។ ចំណុច​នេះ​ហើយ​ទើប​យើង​សម្រេច​បិទ​រោងល្ខោន​នេះ​ចោល​វិញ ព្រោះ​យើង​មិន​មាន​លទ្ធភាព និង​បញ្ហា​ប្រឈម​មួយ​ចំនួន ។

បើ​តាម​នាយ ក្រិន កាល​ចំណាយ​លើ​ការ​បើក​វង់​ល្ខោន​នេះ​គឺ​លោក​បាន​បោះទុន​ប្រមាណ​ជាង​៥​ម៉ឺនដុល្លារ ហើយ​វង់​ល្ខោន​របស់​លោក​បាន​ដំណើរការ​ប្រមាណ​ជាង​៣​ឆ្នាំ​នេះ​ប៉ុណ្ណោះ មុន​ពេល​សម្រេច​បិទ​នា​ពេល​នេះ ។

ដោយឡែក​ពាក់ព័ន្ធ​អាជីព​កំប្លែង​វិញ នាយ ក្រិន បាន​លើក​ឡើង​ថា នៅ​ពេល​នេះ​លោក​មិន​មាន​វង់​សម្តែង​ជាមួយ​អ្នក​ណា​ឡើយ បន្ទាប់​ពី​រំសាយ​ពី​ក្រុម​នាយ កុយ នោះ​មក ។

លោក​បញ្ជាក់​ថា កន្លង​មក​ដោយសារ​មិន​មានកម្ម​វិធី​សម្តែង​កំប្លែង​តាម​ប៉ុស្តិ៍​នោះ ក្រុម នាយ កុយ ក៏​បាន​រំសាយ​ក្រុ​ុ​ម ដោយ​កូនក្រុម​បាន​ចេញ​ទៅ​ធ្វើការ​រៀងខ្លួន ។

យ៉ាងណា​កន្លង​មក​លោក​ក៏​ធ្លាប់​ត្រូវ​បាន​នាយ កុយ ហៅ​អោយទៅ​សម្តែង​ម្តងម្កាល​ដែរ ប៉ុន្តែ​ដោយសារ​លោក​នៅ​ឆ្ងាយ (​បាត់ដំបង​) ហេតុនេះ​លោក​មិន​អាច​ទៅ​កើត ។

លោក​ថា មិន​អាច​ទៅ​កើ​តប​ដោយសារ​លោក​នៅ​ឆ្ងាយ​ត្រូវ​ចំណាយ​ការ​ធ្វើ​ដំណើរ និង​ហូប​ចុក​ស្នាក់​នៅ ខ​ណះ​ពេល​ការ​សម្តែង​តាម​ប៉ុស្តិ៍​ទូរទស្សន៍​គឺ​បាន​កម្រៃ​តិចតួច​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា​បើ​តាម​នាយ ក្រិន ប្រសិនបើ​មានការ​ហៅ​សម្តែង​ញឹកញាប់​នោះ​លោក​នឹង​ទៅ ប៉ុន្តែ​ការ​ហៅ​នោះ​គឺ​មាន​ម្តងម្កាល​ប៉ុណ្ណោះ ។

នាយ ក្រិន បាន​លើក​ឡើង​បន្ថែម​ថា បច្ចុប្បន្ន​លោក​មិនសូវ​មានការ​សម្តែង​ច្រើន​ឡើយ ដោយសារ​លោក​បាន​មក​រស់នៅ​ស្រុក​កំណើត​នា​ខេត្តបាត់ដំបង ប៉ុន្តែ​យូរ​ៗ​ម្តង​មាន​គេ​ហៅ​ថត​ជា​ឃ្លី​ប​បង្ហោះ​តាម​យូ​ធូប និង​គេ​ហៅ​លេងល្ខោន​ម្តងម្កាល ។

លោក​បញ្ជាក់​ថា ដោយសារ​ខ្សត់​ទីផ្សារ​សម្តែង និង​ការ​បិទ​រោងល្ខោន​ផ្ទាល់ខ្លួន​នា​ពេល​នេះ​គឺ​លោក​បាន​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​មួយ​ខែ​ៗ​លោក​រក​លុយ​សម្រាប់​បង់ថ្លៃ​ជំពាក់​គេ​សឹងតែ​មិន​គ្រប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ