ទីក្រុងប៊ែឡាំង៖ ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោកបូរីស ពីស្តូរើស (Boris Pistorius) ថ្លែងថារដ្ឋាភិបាលរបស់ខ្លួនត្រៀមបញ្ជូនរថក្រោះស៊េរីចាស់ៗម៉ាកខ្លារខិនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមត្រជាក់ចំនួន៧៧គ្រឿងទៅឱ្យកងទ័ពអ៊ុយក្រែន។ ក្រៅពីរថក្រោះដែលផលិតដោយអាល្លឺម៉ង់ម៉ាកខ្លារខិន និងដែលបញ្ជូនរួមគ្នាដោយអាល្លឺម៉ង់ ដាណឺម៉ាក និងហូឡង់នោះ អាល្លឺម៉ង់ក៏ត្រៀមបញ្ជូនរថក្រោះម៉ាកភីហ្សិតអេចពីរពាន់ (PzH 2000) ចំនួន១២គ្រឿងទៅអ៊ុយក្រែនផងដែរ។
អធិការបតីអាល្លឺម៉ង់ លោកអូឡាហ្វ សូល (Olaf Scholz) ធ្លាប់បានអនុម័តយល់ព្រមតាំងពីខែមករា ឆ្នាំ២០២៣ដើម្បីត្រៀមបញ្ជូនរថក្រោះទាំងនេះទៅអ៊ុយក្រែន។ អ៊ុយក្រែនពុំដែលប្រកាសថារថក្រោះជំនួយរបស់បស្ចិមប្រទេសត្រូវបានបាញ់កម្ទេចដោយកងទ័ពរុស្ស៊ីអស់ប៉ុន្មានគ្រឿងទេ។ ប៉ុន្តែរុស្ស៊ីឧស្សាហ៍ផ្សព្វផ្សាយរូបវីឌីអូឃ្លីបបង្ហាញរូបបាញ់កម្ទេចរថក្រោះទាំងនោះ។
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី នៅមូលដ្ឋានកងទ័ពអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់។ លោកហ្សេឡិនស្គីចង់ឃើញក្រុមបស្ចិមប្រទេសផ្ដល់ជំនួយយោធាបន្ថែមទៀត។ ដើម្បីឆ្លើយតបទៅតាមសំណូមពរនេះ អាល្លឺម៉ង់ប្រាប់អ៊ុយក្រែនថាខ្លួននៅតែប្ដេជ្ញាចិត្តក្នុងការផ្ដល់ជំនួយជានិច្ច។
រដ្ឋមន្ត្រីរូបនេះប៉ាន់ស្មានថាអាល្លឺម៉ង់ និងដាណឺម៉ាកបានផ្ដល់រថក្រោះខ្លារខិនស៊េរីចាស់ៗចំនួន៥៨គ្រឿងទៅអ៊ុយក្រែនរួចហើយ ហើយមិនយូរទេរថក្រោះខ្លារខិន៧៧គ្រឿងទៀតនេះនឹងដឹកទៅដល់អ៊ុយក្រែនជាបន្តបន្ទាប់។ លោកថ្លែងថារថក្រោះ PzH 2000 ដែលមានលក្ខណៈទំនើបជាងខ្លារខិនក៏នឹងបញ្ជូនទៅឆាប់ៗនេះដែរ។ ត្រឹមចុងឆ្នាំនេះអាចបញ្ជូនទៅ៦គ្រឿង។
លោកយល់ថាសម្រាប់អ៊ុយក្រែនបើចង់ការពារទីក្រុងកៀវឱ្យបានប្រសើរលុះត្រាតែមានប្រព័ន្ធការពារដែនអាកាសឱ្យបានច្រើន។ អ៊ុយក្រែនត្រូវការគ្រឿងបរិក្ខារយោធាបន្ថែមទៀតដើម្បីទប់ទល់នឹងការវាយលុកដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។ លោកថ្លែងថាអាល្លឺម៉ង់កំពុងផ្ដល់ប្រាក់ឱ្យអ៊ុយក្រែនទិញប្រព័ន្ធការពារដែនអាកាសម៉ាកអាយរីសធី (IRIS-T)។ បន្ថែមពីលើនេះ អាល្លឺម៉ង់ក៏សន្យាផ្ដល់ជើងទម្របាញ់រ៉ុកកែតរយៈខ្លី, មធ្យម និងប្រព័ន្ធបាញ់ទម្លាក់យន្តហោះដោយស្វ័យប្រវត្តិផងដែរ។
ក្រៅពីបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ចក្រភពអង់គ្លេសក៏ប្រកាសកាលពីពេលថ្មីៗនេះផងដែរថាខ្លួនត្រៀមផ្ដល់ទៅឱ្យអ៊ុយក្រែននូវគ្រាប់មីស៊ីលមួយចំនួន។ ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយពេលលោកហ្សេឡិនស្គីនិយាយរិះគន់ជាចំហថាអង់គ្លេសមិនសូវផ្ដល់អាវុធសម្រាប់បាញ់ប្រហារឱ្យបានគ្រប់គ្រាន់ទេ។ ដូច្នេះ អង់គ្លេសសម្រេចចិត្តផ្ដល់មីស៊ីលដែលមានតម្លៃ២១៣លានដុល្លារ។ ប្រហែលជានៅចុងឆ្នាំ២០២៤នេះអាចដឹកទៅដល់អ៊ុយក្រែនជាបណ្ដើរៗ៕
ចែករំលែកព័តមាននេះ