ព្រះនាងជេនណា បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយទទួលបានពាន«Best Newcomer Actress»ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ ដែលធ្វើឡើងកាលល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នៅសាលសន្និសីទក្នុងបុរីប៉េងហួត ។

ពានដែលព្រះនាងទទួលបាននាពេលនេះ គឺតាមរយៈការចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតធំ«រឿងបណ្តាសានាងរាត្រី» ខណៈពេលដែលខ្សែភាពយន្តមួយនេះ ក៏បានយកទៅចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ ។ តាមរយៈសំណេរដែលបានសសេរបង្ហោះតាមបណ្តាញសង្គម ព្រះនាង ជេនណា ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ដោយបានទទួលបានពាន«Best Newcomer Actress» ពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ តាមរយៈខ្សែភាពយន្តខ្នាតធំរឿង«បណ្ដាសានាងរាត្រី»។

ព្រះនាងបញ្ជាក់ថា ពានរង្វាន់មួយនេះ ជាកិត្តិយសដ៏ធំនៃការកសាងស្នាដៃរបស់ខ្ញុំ ក៏ដូចជាអនុ ស្សាវរីយ៍នៃការបម្រើវិស័យសិល្បៈខ្មែរដែលខ្ញុំស្រឡាញ់ពេញបេះដូងផងដែរ ។ យ៉ាងណាមិញ ខ្ញុំមិនភ្លេចទេ ចំពោះការអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកចាងហ្វាងផលិតកម្ម និងថ្នាក់ដឹកនាំផលិតកម្ម ព្រមទាំងក្រុមការងារទាំងអស់ សម្រាប់ការផ្តល់ឱកាសដល់ខ្ញុំបានសម្ដែងក្នុងខ្សែភាពយន្តល្អៗតាំងពីដើមរៀងមក ។

ទន្ទឹមនឹងនេះ ខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនក៏ដូចជាហ្វេនៗរបស់ខ្ញុំទាំងអស់ សម្រាប់ការគាំទ្រតាំងពីដើមមក ។ ខ្ញុំពិតជារីករាយក្នុងបន្តបោះជំហ៊ានទៅមុខប្រកបដោយក្ដីស្រឡាញ់និងការតាំងចិត្តខ្ពស់ ។
ជាការកត់សម្គាល់នៅក្នុងមហោស្រពភាពយន្ត កម្ពុជា-អាស៊ីលើកទី២ ក្រៅអំពីព្រះនាង ជេនណា ដែលជាអ្នកសិល្បៈខ្មែរទទួលបានពានខាងលើ ក៏មានអ្នកសិល្បៈ ដូចជាតារាសម្តែងនាង ស៊ីន យូប៊ីន ក៏ទទួលបានពាន Best Actress និងតារាកំប្លែងអ្នកនាង គ្រត ក៏ទទួលបានពាន Most Popular Supporting Actress ផងដែរ ។

មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ឆ្នាំ២០២៤ នេះ បានរៀបចំនូវពានរង្វាន់សរុបទាំងអស់១៩ កនុងនោះកម្ពុជាក៏ទទួលបានពានរង្វាន់ចំនួន៤ផងដែរ ។
គួរបញ្ជាក់ថា មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី២ គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ ដែលមិនត្រឹមតែជាវេទិការសម្រាប់ប្រគល់ពានរង្វាន់ជូនផលិតករ សិល្បករ សិល្បការិនី ប៉ុណ្ណោះទេ តែគឺវេទិកាដ៏មានឥទ្ធិពលក្នុងការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌ ព្រមទាំងរឿងរ៉ាវជាច្រើន តាមរយៈស្នាដៃភាពយន្តរបស់បណ្តាប្រទេសនានាក្នុងតំបន់អាស៊ី ៕





ចែករំលែកព័តមាននេះ