រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានដឹកនាំការសម្តែងអាយ៉ៃជាលើកដំបូងនៅក្នុងកម្មវិធី សំឡេងនៃសិល្បៈដែលបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបមួយខណៈពេលការសម្តែងនេះ ទទួលការគាំទ្រពីសំណាក់ទស្សនិកជនមិននឹកស្មានដល់ ។

អ្នកនាង ខាត់ សុឃីម បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ការសម្តែងអាយ៉ៃលើកនេះ គឺនាងចាត់ទុកជាជោគជ័យមួយ ព្រោះការសម្តែងរបស់នាងនាពេលកន្លងមក គឺមិនសូវមានអ្នកមកទស្សនាឡើយ ។

អ្នកនាងបញ្ជាក់ថា ទស្សនិកជនដែលបានមកទស្សនាការសម្តែងរបស់នាងនាពេលនេះ គឺពួកគាត់មកមើលដោយការយកចិត្តទុកដាក់ និងមិនចង់ឲ្យចប់ ហើយមិនចង់វិលត្រឡប់ទៅផ្ទះវិញ ចំណុចនេះគឺធ្វើឲ្យនាងមានការត្រេកអរយ៉ាងខ្លាំង ។

នាងថា នាងអ្នកច្រៀង អ្នកសម្តែងមានចិត្តរំភើបជាងអ្នកទស្សនាទៀត ព្រោះឃើញពួកគាត់មានការគាំទ្រច្រើន ដែលធ្វើឲ្យនាងមានទឹកចិត្តនៅការសម្តែង និងហាត់រៀនបន្ថែមលើទម្រង់សិល្បៈមួយនេះ ។

អ្នកនាងបន្តថា សម្រាប់តាមការសម្តែងនេះ គឺអ្នកនាងបានបំលែងការការសម្តែងនេះទៅជាអាយ៉ៃរឿង ដោយមានការបញ្ចូលឈុតឆាកកំប្លុកកប្លែង ការច្រៀងបទកន្ទ្រឹមខ្លះ ជាមួយការសម្រិតសម្រាំងឈុតឆាកមួយចំនួន ដោយធ្វើយ៉ាងណាឲ្យទស្សនិកជនទស្សនាមានការរីករាយ សប្បាយ និងទទួលយកបាននូវអ្វីដែលក្រុមរបស់នាងបានសម្តែង ជាពិសេស អរគុណ និងសំណូមពរឲ្យពួកគាត់មកទស្សនានៅពេលមានការសម្តែងម្តងទៀត ។

យ៉ាងណា បើតាមអ្នកនាង ខាត់ សុឃីម ប្រសិនបើមានការគាំទ្រចង់បានក្រុមរបស់អ្នកនាងទៅសម្តែងនោះ គឺអ្នកនាងនឹងបន្តធ្វើ ហើយខិតខំបង្ហាត់បង្រៀនទៅដល់ក្មេងៗជំនាន់ក្រោយឲ្យបន្តនូវទម្រង់សិល្បះមួយនេះ ។

អ្នកនាង ខាត់ សុឃីម បានលើកឡើងបន្ថែមថា សម្រាប់ការសម្តែងអាយ៉ៃនេះ កន្លងមកក៏មានអ្នកទាក់ទងនាងឲ្យទៅចូលរួមសម្តែងដែរ ប៉ុន្តែដោយសារបញ្ហាតម្លៃ (ថោក) ទើបអ្នកនាងមិនអាចចេញទៅសម្តែងបាន ។

អ្នកនាងថា គាត់ខ្លះចង់បានទៅសម្តែង ប៉ុន្តែតថ្លៃចង់បានថោក ក្រុមនាងមិនអាចសម្តែងបាន ព្រោះការសម្តែងម្តងៗក្រុមរបស់នាងទៅមិនក្រោម១០ទៅ២០នាក់នោះឡើយ ខណៈពេលដែលតម្លៃខ្លះមិនស្នើនឹងគេទៅសម្តែងម្នាក់ឯងផង ។
ទោះជាយ៉ាងណា អ្នកនាងបានស្នើដល់មហាជនគួរលើកតម្លៃដល់អ្នកសិល្បៈបុរាណ ហើយចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសិល្បៈបុរាណគ្រប់ទម្រង់ ជាពិសេស សិល្បៈអាយ៉ៃនេះដែលស្ទើរតែបាត់បង់ ។

អ្នកនាងបន្ថែមថា បច្ចុប្បន្ន អ្នកដែលចេះច្រៀងអាយ៉ៃនេះ គឺមាននៅសល់ប្រហែលជាមិនដល់១០នាក់ផង ខណៈពេលដែលក្មេងជំនាន់ក្រោយ ក៏មិនសូវមានអ្នកចូលចិត្តរៀនលើផ្នែកសិល្បះនេះឡើយ ព្រោះវាមិនសូវមានទីផ្សារសម្តែង ។
អ្នកនាងថា បើសិនជាយើងនាំគ្នាលើកតម្លៃដល់អ្នកសិល្បៈបុរាណស្មើអ្នកសិល្បៈសម័យនោះ ប្រាកដណាស់ក្មេងៗជំនាន់ក្រោយនឹងអាចមានការផលផុសចូលរៀនលើផ្នែកនេះ ព្រោះបច្ចុប្បន្នសិល្បះអាយ៉ៃគឺពិបាករកអ្នកច្រៀងណាស់ ក្នុងពេលដែលអ្នកសិល្បះចាស់ៗបានទទួលមរណភាពស្ទើតែអស់ទៅហើយ ៕
ចែករំលែកព័តមាននេះ