គុណភាព និងសុវត្ថិភាពម្ហូបអាហារ ត្រូវបានជំរុញឲ្យលើកកំពស់ការប្រុងប្រយ័ត្នគ្រប់ខ្សែសង្វាក់ផលិតកម្មចាប់ពីកសិដ្ឋាន រហូតដល់កន្លែងបរិភោគ។ នេះគឺជាការសង្កត់ធ្ងន់របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
លោកស្រីបានថ្លែងនៅពេលអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់កិច្ចសហការ សម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថា ប្រធានបទសុវត្ថិភាពម្ហូបអាហារ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ។
លោកស្រីបានបញ្ជាក់ថា «ការពង្រឹងគុណភាពនិង សុវត្ថិភាពម្ហូបអាហារគឺត្រូវធ្វើចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក» ។
លោកស្រីក៏បានបង្ហាញក្តីសង្ឃឹមថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹងដល់គ្រប់ភាគីអ្នកចូលរួមឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើក្របខណ្ឌច្បាប់និងគោលនយោបាយសុវត្ថិភាពម្ហូបអាហារ តាមរយៈកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិនិងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធ។
លោកស្រី រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការនិងរៀបចំកម្មវិធីជាតិសម្រាប់ការអនុវត្តនិងការវិភាគ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅគ្រប់ខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
លោកស្រីរដ្ឋមន្ត្រីបានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជាជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវលើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀតផងដែរ។
ចែករំលែកព័តមាននេះ