នាដការីនាង សុខគា គឹមលាង ហៅ Kon Ant បានទម្លាយជួបរឿងអភិនីហារមួយដោយមិននឹកស្មានដល់អំឡុងពេលដែលនាងបានទៅថតសម្តែងរបាំអប្សរាលើភ្នំទឹកកក នាប្រទេសញ៉ូហ្ស៊េលេន កាលពីពេលកន្លងទៅ ។
រឿងអភិនីហារដែលនាងបានជួបនោះ គឺភាពចៃដន្យដែលនាងបានថតរូបភាពមួយសន្លឹកដោយគ្រងឈុតអប្សរាកាន់ទង់ជាតិកម្ពុជាទៅក្រោយ ដែលរូបភាពនោះ គឺវាដូចគ្នាទៅនឹងរូបនៅប្រាង្គប្រាសាទអង្គរវត្ត ក្នុងពេលដែលរូបនាងមិនធ្លាប់បានដឹង និងឃើញមុនមកដែរ ។
ក្នុងបទសម្ភាសន៍ក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍នៅក្នុងស្រុកមួយនាដការី សុខគា គឹមលាង បានលើកឡើងថា បន្ទាប់ពីនាងបានថតជាទម្រង់មួយ ដោយដាក់ទង់ជាតិខ្មែរនៅពីក្រោយ ហើយបង្ហោះចេញទៅតាមបណ្តញសង្គមនោះក៏មានបុរសម្នាក់បានឆាតមកប្រាប់រូបនាងថា រូបភាពដែលនាងបានថតមួយសន្លឹកនេះ គឺដូចគ្នាទៅផ្ទាំងរូបភាពអប្សរាមួយអង្គដែលបានឆ្លាក់នៅប្រាសាទអង្គរវត្ត ហើយបុរសរូបនោះក៏បានកាត់រូបភាពរបស់នាង និងអប្សរាលើជញ្ជាំងប្រាសាទនោះភ្ជាប់ជាមួយគ្នាមកអោយនាងមើលផងដែរ ។
នាងបញ្ជាក់ថា ពេលនោះនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះវាពិតជាដូចគ្នា ទៅនឹងផ្ទាំងរូបភាពអប្សរានៅជញ្ជាំងប្រាសាទ ហើយចម្លាក់អប្សរាមួយអង្គនេះ គឺរូបនាងមិនធ្លាប់បានឃើញពីមុនមកឡើយ ។ អាចនិយាយបានថា វាជារឿងចៃដន្យ ឬជារឿងអភិនីហារមួយដែលនឹកស្មានដល់សម្រាប់រូបនាង ។
ដោយឡែកពាក់ព័ន្ធទៅការសម្តែង និងការថតជាអប្សរារាំលើកំពូលភ្នំទឹកកក នៅប្រទេសញ៉ូហ្ស៊េលេននេះដែរ សុខគា គឹមលាង ក៏បានរំលឹកឡើងវិញខ្លះៗថា ការដែលនាងបានធ្វើរឿងនេះឡើង អាចនិយាយបានថា វាជារឿងចៃដន្យ ព្រោះដំបូងឡើយនាងគ្រាន់តែមានគម្រោងចេញទៅលំហែនៅក្នុងប្រទេសមួយនេះប៉ុណ្ណោះ ។
នាងបន្តថា គម្រោងមួយនេះ គឺបានធ្វើភ្លាមៗ ដោយសារតែមុនចេញទៅនោះ នាងបានស្គាល់បុរសខ្មែរម្នាក់ ដែលកំពុងរស់នៅទីនោះ ហើយគាត់ក៏ជាអ្នកស្រឡាញ់ចូលចិត្តរបាំអប្សរានេះដែរ ដោយគាត់បានឆ្នៃម្កុដអប្សរា ដើម្បីទុកអោយនាងពាក់ពេលទៅដល់ប្រទេសញ៉ូហ្ស៊េលេនផងដែរ ។
នាងបញ្ជាក់ថា សម្រាប់ការទៅដល់ភ្នំទឹកកកដែលជាទីតាំងសម្រាប់ថតនោះ គឺរូបនាងនឹងក្រុមការងារត្រូវចំណាយពេលរហូតដល់៣ម៉ោង ហើយការឡើងទៅដល់កំពូលភ្នំតាមរយៈការជិះឧទ្ធម្ភាចក្រ គឺគេទុកពេលអោយនៅលើនោះតែ១០នាទីប៉ុណ្ណោះ ។
នាងថា សម្រាប់ពេលវេលាដ៏ខ្លីនេះទើបនាងសម្រេចចាប់យកការសម្តែងឈុតមួយវគ្គខ្លីប៉ុណ្ណោះ ដោយធ្វើយ៉ាងណាអោយមានរូបភាពមួយចេញទៅ ។ នាងបន្ថែមថា ដោយសារការតាំងចិត្ត ដើម្បីធ្វើរឿងនេះនាងបានខំប្រឹងជន្នះការលំបាកខ្លាំង ជាមួយអាកាសធាតុដ៏ត្រជាក់ ទើប រហូតនាងអាចសម្រេចបានផ្ទាំងទស្សនីយភាពមួយនេះឡើង ។
យ៉ាងណាបើតាម សុខគា គឹមលាង ក្នុងពេលដែលនាងបានបង្ហាញរូបភាពសម្តែងរបាំអប្សរានេះ នៅលើបណ្តាញសង្គមនោះនាងពិតជារំភើបខ្លាំង ដោយនាងមិននឹកស្មានថា មានបងប្អូនយើងគាំទ្រច្រើន និងបានចែកចាយពេញបណ្តាញសង្គម ខណៈពេលដែលនាងមិនទាន់បានវិលមកប្រទេសវិញផងនោះ ។
ទោះជាយ៉ាងណានាងពិតជាមិននឹកស្មានថា ផ្ទាំងទស្សនីយភាពដែលនាងបានធ្វើនេះមានភាពល្បីល្បាញនោះឡើយ ហើយនាងពិតជាមានមោទនភាពជាខ្លាំង ដោយបានធ្វើរឿងមួយនេះ ហើយទទួលបានការលើកសសើរពីប្រមុខរាជរដ្ឋាភិបាល និងបងប្អូនខ្មែរយើងជាច្រើន ហើយរិតតែពិសេសជាងនេះទៀតគឺនាងបានឃើញរូបភាពរបស់ខ្លួនត្រូវបានបង្ហាញតាមBanner ធំៗតាមដងផ្លូវ ដែលនេះ គឺជាលើកដំបូងសម្រាប់នាង ៕
ចែករំលែកព័តមាននេះ