រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា ក្នុងរយៈ៤៧ថ្ងៃ តុលាការបានចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើ.ងចំនួន ២៩៧ ករណី ដែលមានជនសង្ស័យចំនួន១៦១៦នាក់ ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ឲ្យដឹងថា ក្នុងរយៈពេល៤៧ថ្ងៃ ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្តបានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើ.ងចំនួន ២៩៧ករណី ដែលមានជនសង្ស័យចំនួន១៦១៦នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១៧៧នាក់ ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការ ក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើ.ងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌យើងខ្ញុំ សូមអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ ។

សូមជម្រាបថា បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្មេងទំនើ.ងបានជាបន្តបន្ទាប់ក្នុងក៏បានបង្ក្រាបករណីគ្រឿងញៀ.នផងដែរ៕
ចែករំលែកព័តមាននេះ