ប្រាសាទតាក្របី បច្ចុប្បន្នស្ថិតក្នុងស្ថានភាពបែបណា ?
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាក្របី ស្ថិតនៅលើកំពូលជួរភ្នំដងរែក ក្នុងភូមិថ្មដូន ឃុំគោកមន
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាក្របី ស្ថិតនៅលើកំពូលជួរភ្នំដងរែក ក្នុងភូមិថ្មដូន ឃុំគោកមន
ខេត្តឧត្តរមានជ័យ៖ ប្រាសាទតាក្របី ស្ថិតនៅលើកំពូលជួរភ្នំដងរែក ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះឈរក្នុងព្រៃស្រោង មានដើមឈើតូចធំព័ទ្ធជុំវិញ ។ តើបច្ចុប្បន្នស្ថិតក្នុងស្ថានភាពបែបណា មានអ្នកទេសចរទៅទស្សនាទេ ?
កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ឧត្តមសេនីយ៍ត្រីស៊ឹម សុខា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤២ រៀបរាប់ឲ្យដឹងថា ប្រាសាទតាក្របីពីមុនពុំមាននរណាដឹងថាស្ថិតនៅទីនោះទេ ទាំងខាងកម្ពុជាយើង ទាំងខាងថៃ។ លុះអំឡុងឆ្នាំ២០០៧ក្រុមអ្នកភូមិទៅរុករកអនុផលព្រៃឈើ ស្រាប់តែប្រទះឃើញប្រាសាទនេះ។ ពួកគេបានទៅរាយការណ៍ ខណៈពេលនោះលោកនៅអតីតអង្គភាពកងល្បាតលេខ៤០២ទាហានការពារព្រំដែនកម្ពុជា-ថៃ ។ ដឹងបែបនេះលោកបានជួលអ្នកភូមិទាំងនោះឱ្យទៅថតរូបប្រាសាទតាក្របី ។ បន្ទាប់មកលោករាយការណ៍ទៅថ្នាក់ដឹកនាំខ្សែបណ្តោយរបស់អង្គភាព តែហាក់បីដូចជាបណ្តែតបណ្តោយពេលវេលា ។
ប្រភពដដែលបន្តថា ក្នុងឆ្នាំ២០០៨បានកើតព្រឹត្តិការណ៍ព្រំដែន គឺការផ្ទុះអាវុធនៅប្រាសាទព្រះវិហារ លោកបានដឹកនាំកម្លាំងល្បាតទៅតំបន់ប្រាសាទតាក្របី ស្រាប់តែឃើញក្រុមទាហានថៃកំពុងនាំគ្នាត្រួសត្រាយព្រៃធ្វើផ្លូវចូលទីតាំងប្រាសាទ ។ ឃើញដូច្នេះលោកបានដាក់កម្លាំងបន្ថែម ហើយត្រូវក្រុមទាហានថៃ ហ៊ុមព័ទ្ធទាហានកម្ពុជាយើង ។ ទោះជាយ៉ាងណាក្ដីបន្តិចក្រោយមកពួកគេបានដកថយទៅវិញ ។ ចំណែកអង្គភាពលេខ៤០២ទាហានកងល្បាតការពារព្រំដែនកម្ពុជា-ថៃ បានដកថយដែរ ។ បន្ទាប់មកបានដាក់ជំនួសកម្លាំងថ្មី កងពលតូចថ្មើរជើងលេខ៤២នៅអំឡុងឆ្នាំ២០១១ គឺឈរជើងក្នុងតំបន់ទីតាំងប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ។
ប្រភពដដែលបន្តថាអំឡុងពេលនោះបានផ្ទុះអាវុធរុញច្រានគ្នាទៅវិញទៅមករវាងកងទ័ពកម្ពុជា និងថៃ ។ ពេលមានការសម្របសម្រួលពីរដ្ឋាភិបាល ថ្នាក់ដឹកនាំប្រទេសទាំងពីរ ទើបតម្រូវឱ្យទាហានទាំងសងខាង បើឈរជើងនៅចំណុចណា ត្រូវថែរក្សានៅត្រឹមចំណុចនោះ។ ដូច្នេះហើយរហូតមកទល់សព្វថ្ងៃប្រាសាទតាក្របី ឈរជើងការពាររួមគ្នារវាងទាហានកម្ពុជាយើង និងទាហានថៃ ។
ទាហានអង្គភាពសឹករងខេត្តឧត្តរមានជ័យដែលកំពុងឈរជើងការពារតំបន់ប្រាសាទតាក្របីឲ្យដឹងថា នៅក្នុងទីតាំងបរិវេណប្រាសាទមានទាហានកម្ពុជាចំនួន២នាក់ និងទាហានថៃចំនួន២នាក់ ។ យាមក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង ទើបមានការផ្លាស់ប្តូរគ្នា ។
ការយាមនេះទាំងទាហានថៃ និងទាហានកម្ពុជា ជ្រកក្រោមសំពត់តង់កៅស៊ូតែមួយរួមគ្នា ។ កាលពីរដូវប្រាំងកម្លាំងឈរជើងជួបការខ្វះខាតទឹក និងអាហារ ខ្លះៗដែរ ។
ប្រាសាទតាក្របីនាពេលបច្ចុប្បន្ន មានអ្នកទេសចរជាតិ និងអន្តរជាតិទៅទស្សនាជាបន្តបន្ទាប់ ដោយទៅពីខាងកម្ពុជាប្រមាណ៣០ភាគរយ ចំណែកខាងថៃ២០ភាគរយ ។
បើតាមអ្នកស្រុកចាស់ទុំមានទីលំនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃដែលសុំមិនបញ្ចេញឈ្មោះរៀបរាប់ប្រាប់កោះសន្តិភាព គាត់ឆ្ងល់ថាបញ្ហាព្រំដែនកម្ពុជា-ថៃវាស់វែងដោយបារាំង គឺភ្នំដងរែកចែកចេញជា២រវាងប្រទេសកម្ពុជា និងប្រទេសថៃ តែទាំងរូបគាត់ និងអ្នកទេសចរមើលឃើញថា មានចំណុចខ្លះខាងកម្ពុជាស្ទើរតែធ្លាក់មកដល់ចង្កេះភ្នំទៅហើយ ចំណែកចំណុចខ្លះតួភ្នំដងរែកស្ទើរតែនៅខាងថៃ ។
ទោះជាយ៉ាងណាក្ដីនេះគ្រាន់តែជាការឆ្ងល់ដែលវាមិនដឹងជាក់លាក់យ៉ាងណាទេ ទាល់តែអ្នកជំនាញទើបអាចបញ្ជាក់បាន ៕
ចែករំលែកព័តមាននេះ