ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ ដា​វី​ន លេច​វត្តមាន​ប្រជែង​តំណែង Miss Universe Cambodia ២០២៤

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម្ចាស់​ជ័យលាភី 4th Runner up Universal Woman International 2023…

រាជធានីភ្នំពេញ ៖ ម្ចាស់​ជ័យលាភី 4th Runner up Universal Woman International 2023 អ្នក​នាង​ប្រាសាទ ដា​វី​ន ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​បេ​ក្ខភាព​ចំនួន​៥​នាក់ ​ក្នុង​ការ​ប្រកួតប្រជែង សម្រាប់​តំណាង​កម្ពុជា​ចូលរួម​កម្មវិធី Miss Universe 2024 ដែល​នឹង​ធ្វើការ​ប្រកួត​នា​ពេល​ខាង​មុខ​នេះ ។

បើ​យោង​តាម​ការ​បង្ហោះ​ពី​ផេ​ក​ផ្លូវការ Miss Universe Cambodia បាន​បង្ហាញ​បេ​ក្ខ​នារី​ចំនួន​៣​នាក់​ជា​ផ្លូវការ ដោយ​ក្នុង​ចំណោម​៥​នាក់​ផ្សេង​ទៀត ដែល​នៅ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​នាង ប្រាសាទ ដា​វី​ន ផង​ដែរ ។

ផេ​ក​ខាងលើ​នេះ​ក៏​បាន​បញ្ជាក់​ថា ឈានជើងដើរ​លើ​វិ​ថី​សិល្បៈ​តាំងពី​អាយុ​១៣​ឆ្នាំ ប្រាសាទ ដា​វី​ន បាន​ប្រឡូក​យ៉ាង​ជោគ​ជាំ​ក្នុង​វិស័យ​មួយ​នេះ ជា​ពិសេស​ការ​បង្ហាញ​ម៉ូ​ដ​។ ពី​មួយ​ពេល​ទៅ​មួយ​ពេល នាង​អភិវឌ្ឍ​ខ្លួន​ទៅ​មុខជា​លំដាប់ រហូត​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ស្ត្រី​ដ៏​រឹង​មាំ និង​មាន​ឥទ្ធិពល​ម្នាក់ ទាំង​ក្នុង​ការងារ​សិល្បៈ ការងារ​ផ្ទាល់ខ្លួន និង​ការងារ​សង្គម​។ ជា​តារា​បង្ហាញ​ម៉ូ​ដ ជា​អ្នកជំនួញ ជា​អ្នកដឹកនាំ​កម្មវិធី ជា​ម្ដាយ ជា​អ្នកធ្វើការ​ស្ម័គ្រចិត្ត ជា​ទូត​សុច្ឆន្ទៈ ។​ល​។

ប្រាសាទ ដា​វី​ន គឺជា​ឧទាហរណ៍​ជាក់ស្ដែង​នៃ​ពាក្យ​ថា “​ស្ត្រី​អាច​ធ្វើ​បាន​គ្រប់យ៉ាង​”​។ យ៉ាងណា​ក៏​ដោយ នៅ​មានរឿង​មួយទៀត​ដែល​សុភាព​ស្ត្រី​រូប​នេះ​ប្រាប់​ថា​មិន​ទាន់​បាន​សម្រេច គឺ​ការ​តំណាង​កម្ពុជា​នៅ​លើ​ឆាក​កញ្ញាឯក​ចក្កវាឡ​!

ក្រោយ​ការ​បញ្ចេញ​នូវ​ព័ត៌មាន​ខាងលើ​នេះ​អ្នក​នាង ប្រាសាទ ដា​វី​ន ក៏​បាន​បង្ហោះ​សារ​តាម​គណ​នេយ្យ​របស់​ខ្លួន​ថា នាង​ខ្ញុំ​សូម​អរគុណ​មិត្តភក្តិ បងប្អូន បណ្តា​អ្នកគាំទ្រ​ទាំងអស់​ដែល​បាន​បង្ហាញ​សារ​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​។

នាង​បញ្ជាក់​ថា ពិត​ណាស់​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​បវរកញ្ញា​ចក្កវាឡ​កម្ពុ​ជានា​ឆ្នាំ​នេះ នាង​ខ្ញុំ​បាន​ដាក់​ការ​តាំងចិត្ត​ខ្ពស់ និង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ដើម្បី​មានឱកាស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​របស់​យើង និង​យកជ័យ​លា​ភី​ជូន​បណ្តា​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​ទាំងអស់​គ្នា​ដែរ​ផង​ដែរ​។ នាង​ខ្ញុំ​សង្ឃឹមថា​បងប្អូន​និង​នៅ​តែ​បន្ត​ការ​គាំទ្រ​រូប​នាង​ខ្ញុំ​រហូត​ទៅ ហើយ​សារ​គាំទ្រ​ល្អ​ៗ​របស់​អ្នក​ទាំងអស់​គ្នា គឺជា​ថាមពល​វិជ្ជមាន​ដ៏​អស្ចារ្យ​របស់ខ្ញុំ​។

ជា​ការ​កត់សម្គាល់​កន្លង​មក ប្រាសាទ ដា​វី​ន ធ្លាប់​បាន​លើក​ឡើង ដោយនៅ​ក្នុង​នោះ​នាង​ក៏​មិន​បាន​បដិសេធ​ចំពោះ​ដំណឹង​លេចឮ ថា​នាង​នឹង​ចូលរួម​ប្រឡង​បវរកញ្ញា​ជា​ថ្មី​ឡើយ ព្រោះ​វា​ពិតជា​ប្រធានបទ​ដែល​ស្ថាប័ន​បាន​យក​ទៅ​ជជែក និង​ពិចារណា​យ៉ាង​ស្វិតស្វាញ ។

យ៉ាងណា​បើ​តាម ប្រាសាទ ដា​វី​ន ប្រ​សិន​មានឱកាស​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ម្តងទៀត ច្បាស់​ណាស់​អ្នក​នាង​នឹង​ពាំនាំ​ធនធាន​របស់​កម្ពុជា​ទៅ​បង្ហាញ​ឱ្យ​ពិភពលោក​បានឃើញ​។ ជាក់ស្តែង អ្វី​ដែល​ខ្លួន​នាង​មាន​បង្ហាញ​ពី​ធនធាន​ខ្មែរ​ស្រាប់​ហើយ តែ​យ៉ាងណា​ក៏​ត្រូវការ​ការ​រៀនសូត្រ​ឱ្យ​ស៊ីជម្រៅ​បន្ថែម​ទៀត​ជាមួយ​ស្ថាប័ន និង​ក្រសួង​ពាក់ព័ន្ធ​នានា ឱ្យ​ប្រាកដ​ថា អ្នក​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​លើ​ឆាក​អន្តរជាតិ ។

នាង​បញ្ជាក់​ថា សិល្បៈ​វប្បធម៌​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​ឆ្ងាយ ភាគច្រើន​ត្រូវ​បាន​គេ​មើល​រំលង​ច្រើន ដូច្នេះ​ប្រ​សិន​មានឱកាស​យើង​គួរ​គាស់កកាយ​ធនធាន​ទាំងនេះ​ឡើង​មក ក៏​ដូច​ជា​ធនធាន​ផ្សេង​ៗ​ទៀត ដែល​កម្ពុជា​មាន​ទៅ​បង្ហាញ​ឱ្យ​ពិភពលោក​ស្គាល់​ពី​ភាព​ចំណាស់​នៃ​ទម្រង់​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​យើង​។ ទោះជា​យ៉ាងណា​នាង​មិន​ហ៊ាន​សន្យា​ទេ​ថា នាង​នឹង​ធ្វើ​បាន​ល្អ​កម្រិត​ណា ប៉ុន្តែ​នាង​ប្តេជ្ញា​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព ប្រសិនបើ​មានឱកាស​តំណាង​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ម្តងទៀត​មែន​។

គួរ​បញ្ជាក់​ថា ប្រាសាទ ដា​វី​ន មិន​ត្រឹម​ជាតា​រា​ម៉ូ​ដែល​ល្បីឈ្មោះ​ម្នាក់​ប៉ុណ្ណោះ​ទេ សព្វថ្ងៃ អ្នក​នាង​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ប្រកួតប្រជែង​សម្រស់​ផង​ដែរ បន្ទាប់​ពី​នាង​ឈ្នះ​ជ័យ​លាភី 4th Runner up Universal Woman International 2023 និង​ជា​អ្នក​ទទួល​បន្ទុក​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត Universal Woman International 2024 បាន​យ៉ាង​ល្អ​កាលពី​ពេល​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ