រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយល្វែង ក្នុងបុរីសុខសាន្ត រួមទាំងសម្ភារៈមួយចំនួន ត្រូវបានអគ្គិភ័យលេបត្របាក់ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣:១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤ ចំណុចក្នុងបុរីសុខសាន្ត ក្នុងភូមិទួលតាឡាត់ សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុដោយពួកគាត់កំពុងតែសម្រាន្តលង់លក់ ស្រាប់តែឮស្នូរសំឡេងផ្ទុះចេញពីក្នុងផ្ទះកើតហេតុខាងលើ រួចបង្កទៅជាអណ្តាតភ្លើងឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ពេលនោះដែរពួកគាត់ និងអ្នកជិតខាងនាំគ្នាទាញទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់បឋមផងដែរ តែភ្លើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រងបាន រួចបាននាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យឲ្យមកជួយអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់ ។
ភ្លាមៗនោះដែរ ខាងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនៃសង្គ្រោះរបស់ស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ រួមសហការជាមួយខាងរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ បានទទួលដំណឹងខាងលើក៏ចេញរថយន្តពន្លត់ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ដោយប្រើរយៈពេលជាង៣ម៉ោងប៉ុណ្ណោះ ភ្លើងក៏រលត់អស់ទាំងស្រុង ។
ចំណែកសម្ភារៈដែលត្រូវខូចខាតរួមមាន រថយន្តមួយគ្រឿង ម៉ូតូចំនួន៤គ្រឿង និងសម្ភារៈមួយចំនួនផ្សេងទៀត ដែលខូចខាត ចំណែករថយន្តពន្លត់អគ្គិភ័យបានប្រើប្រាស់អស់ជាច្រើនគ្រឿង ។
ប្រភពដដែលបានបន្តទៀតថា នៅមុនកើហេតុម្ចាស់ផ្ទះរងគ្រោះមិនបានដេកនៅក្នុងផ្ទះខាងលើនោះទេ គឺពួកគាត់ដេកនៅមួយល្វែងជាប់គ្នានឹងផ្ទះដែលឆេះ ។
ក្រោយពីផ្នែកជំនាញខាងពន្លត់អគ្គិភ័យបន្ទាប់ពីបាញ់រលត់អស់ទាំងស្រុងរួចក៏ប្រគល់តួនាទីទៅខាងសមត្ថកិច្ចផ្នែកជំនាញធ្វើការស្រាវជ្រាវរកមូលហេតុបន្តដើម្បីរកមូលហេតុពេលក្រោយបន្តទៀត ៕
ចែករំលែកព័តមាននេះ