រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងដ៏ល្បីល្បាញនាង ទូច ស៊ុននិច បានបង្ហាញភាពសប្បាយរីករាយ និងមោនទនភាពយ៉ាងខ្លាំងក្នុងពេលដែលនាងបានឃើញយុវតីវ័យក្មេង ល្អ ហួស បានលំនាំការច្រៀង សម្តែង និងសម្លៀកបំពាក់របស់នាងធ្វើជាគំរូនៅក្នុងការសម្តែងចម្រៀងមួយបទ ។
ការលើកឡើងពីតារាចម្រៀង នាងទូច ស៊ុននិច នាពេលនេះបានធ្វើឡើង បន្ទាប់ពីរូបនាងបានឃើញរូបភាពវីដេអូនៃការសម្តែងច្រៀងរបស់ល្អ ហួស និងតារាប្រុសស្រី២ដួងទៀត គឺតារាសម្តែងផេនខេត និងលោក ដេវីត និងច្រៀងបទចម្រៀងមួយបទ ដែលមានចំណងជើងថា (ស្រលាញ់មួយណា?) ហើយត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ។

តាមរយៈបទចម្រៀងខាងលើនេះ យុវតី ល្អ ហួស បានយកម៉ូតសម្លៀកបំពាក់តាមនាងទូច ស៊ុននិច ហើយផេន ខេក យកម៉ូតសម្លៀកបំពាក់តាមអ្នកនាង ខាត់ សុឃីម ក្នុងពេលដែលតារាជើងចាស់ទាំងពីរ ធ្លាប់ច្រៀងសម្តែងបទនេះដូចគ្នាកាលពីអតីតកាល ។
បន្ទាប់ពីឃើញសកម្មភាពទាំងពីរខាងលើនេះ នាង ទូច ស៊ុននិច ក៏បានភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹក ជាមួយអ្នកនាង ខាត់ សុឃីម ជាមួយរូបភាពថ្មីរបស់ ល្អ ហួស និងផេន ខេក ដោយអមជាមួយនឹងសំណេរបង្ហោះលើបណ្តាញសង្គមថា សំឡេងច្រៀង និងការសម្តែងរបស់ប្អូនៗ និងក្មួយស្រីល្អហួស ក្នុងបទចម្រៀង (ស្រលាញ់មួយណា?) ពិតជាមានទេពកោសល្យល្អណាស់ រីឯការតុបតែងខ្លួនសំលៀកបំពាក់វិញ គឺស្អាតសមសួនណាស់ ឃើញហើយធ្វើអោយបងនឹកគិតថា បងកំពុងតែសម្តែងនៅក្នុងបទនោះអញ្ចឹង ព្រោះកាយវិការសម្តែងរបស់ប្អូនៗ និងក្មួយស្រីពិតជាដូចបងៗ ពេលសម្តែងបទនោះណាស់ ហើយនាងខ្ញុំក៏អរគុណ និងពិតជាមានមោទនភាពជាខ្លាំង ដោយការច្រៀង ការសម្តែង និងការស្លៀកសំលៀកបំពាក់របស់នាងខ្ញុំ បានធ្វើអោយប្អូនៗនិងក្មួយៗជំនាន់ក្រោយយកធ្វើជាគំរូ ស្រលាញ់ និងនឹករលឹកដល់បងប្អូនទាំងអស់គ្នា ។



យ៉ាងណាក្រោយឃើញការបង្ហោះខាងលើពីនាង ទូច ស៊ុននិច នាពេលនេះ ល្អ ហួស ក៏បានចែកចាយនូវខ្លឹមសារដែលតារាចម្រៀងរូបនេះសរសេរបង្ហោះ ដោយភ្ជាប់ជាមួយនឹងសំណេរដោយខ្លីថា Idol ក្នុងដួងចិត្តរបស់ក្មួយ ។
ជាការកត់សម្គាល់ បើទោះបីជាកំពុងរស់នៅឯក្រៅប្រទេស និងដោយភាពពិការក៏ដោយ ប៉ុន្តែជារឿយៗអតីតតារាចម្រៀងនាង ទូច ស៊ុននិច តែងតែបង្ហោះសារតាមបណ្តាញសង្គមសម្តែងក្តីនឹករលឹកមកកាន់ទស្សនិកជនខ្មែរជាបន្តបន្ទាប់ ។
ក្រៅពីការសម្តែងក្តីនឹករលឹកនោះ អតីតតារាចម្រៀងរូបនេះក៏បានជ្រើសរើសយករូបភាពសកម្មភាពនៃការសម្តែងច្រៀងចាស់ៗរបស់ខ្លួនមកបង្ហាញឲ្យបានមហាជន ជាពិសេសបណ្តាអ្នកលេងសង្គមហ្វេសប៊ុកបានឃើញ ដើម្បីជាការនឹករលឹក និងការចងចាំជាមួយអនុស្សាវរីយ៍ល្អដែលនាងធ្លាប់បម្រើអារម្មណ៍ទស្សនិកជនខ្មែរតាមរយៈសិល្បៈចម្រៀង ៕




ចែករំលែកព័តមាននេះ