រាជធានីភ្នំពេញ ៖ តារាចម្រៀងនិងជាតារាសម្តែង អ្នកនាង សំ ប៉ូលីដា បានតាំងចិត្តមិនមានគោល បំណងណាមួយបោះបង់ចោលអាជីពសិល្បៈនោះឡើយ បើទោះបីជាបច្ចុប្បន្ន នាងមានវ័យកាន់ តែចាស់ ក្នុងពេលដែលទីផ្សាររបស់នាងក៏បានធ្លាក់ចុះខុសពីពេលមុនផងដែរ ។

គិតមកទល់ពេលនេះ អ្នកនាង សំ ប៉ូលីដា មានវ័យប្រមាណ៥០ឆ្នាំហើយ ហើយអ្នកនាងបានប្រឡូកក្នុងអាជីពសិល្បៈនេះ ប្រមាណជា៣០ឆ្នាំហើយដែរ ប៉ុន្តែអ្នកនាងនៅមិនទាន់មានបំណងនឹងបញ្ចប់អាជីពសិល្បៈរបស់ខ្លួននាពេលនេះឡើយ ដ្បិតសិល្បៈបានធ្វើឲ្យនាងមានមុខមាត់មកដល់ពេលនេះ ។

អ្នកនាង សំ ប៉ូលីដា បានអះអាងប្រាប់កោះសន្តិភាពថា បច្ចុប្បន្ន ក្រៅពីការងារថតម្តងម្កាលនោះ អ្នកនាងក៏ជាអ្នកចម្រៀងច្រៀងជាប្រចាំនៅក្នុងភោជនីយដ្ឋានមាស ដែលមានអាសយដ្ឋាននៅរង្វង់មូលជ្រោយចង្វារ ហើយការច្រៀងនៅក្នុងហាងមួយនេះ គឺជាឆ្នាំងបាយដ៏សំខាន់សម្រាប់នាង ។

អ្នកនាងបន្តថា សម្រាប់ស្ថានភាពរបស់នាងនាពេលនេះគឺធម្មតា ដោយនាងមិនមាន ហើយក៏មិនក្រពេកដែរ ពោលគឺអាចរស់នៅដូចគេឯងដែរ ប៉ុន្តែអ្នកនាងមិនមានលុយរាប់ម៉ឺនដុល្លារផ្ញើធនាគារដូចអ្នកសិល្បៈផ្សេងៗទៀតឡើយ ។

អ្នកនាងបញ្ជាក់ថា សម្រាប់អាជីពសិល្បៈនាពេលបច្ចុប្បន្ន គឺនាងហាក់មិនសូវមានទីផ្សារខ្ពស់ដូចមុនឡើយ ដោយសារពីមុនសិល្បៈមិនទាន់រីកដុះដាលច្រើន ដូចនេះ នាងទទួលបានកម្រៃថ្លៃ ប៉ុន្តែពេលនេះគឺមានអ្នកសិល្បៈក្មេងៗច្រើន ដូចសម្រាប់អ្នកសិល្បៈចាស់ៗគឺមិនអាចទទួលបានកម្រៃថតដូចមុនឡើយ ប៉ុន្តែវាក៏មិនតិចពេកនោះដែរ ។

អ្នកនាងថា ពីមុនយើងថតមួយរឿងបានខ្ទង់១ ឬ២ពាន់ដុល្លារ ប៉ុន្តែពេលនេះថតម្តងគឺអោយជាថ្ងៃ ដោយមួយថ្ងៃបាន១០០ឬ១៥០ដុល្លារ ទៅតាមម្ចាស់ផលិតកម្ម ប៉ុន្តែសម្រាប់នាងតម្លៃនេះគឺវាក៏តិចពេកដែរសម្រាប់រូបនាង ។

យ៉ាងណា បើតាមអ្នកនាង សំ ប៉ូលីដា ក្នុងការប្រឡូកសិល្បៈរយៈពេលប្រមាណ៣០ឆ្នាំមកនេះ អ្នកនាងមិនមានសល់អ្វីជាដុំកំភួនឡើយ ដោយសារការរកបានពីអាជីពសិល្បៈនោះគឺអ្នកនាងត្រូវចំណាយលើការចាយវាយអស់ ជាពិសេសនោះ គឺកាលពីអំឡុងកូវីដ ។

អ្នកនាងសំ ប៉ូលីដា បានអះអាងបន្ថែមថា បច្ចុប្បន្ននេះ នាងកំពុងរស់នៅជាមួយនឹងកូនចំនួន២នាក់ ក្នុងពេលដែលកូន២នាក់ទៀត គឺបានទៅរសនៅជាមួយនឹងអតីតស្វាមី ដែលនាងបានលែងលះគ្នាប្រមាណជាជាង១០ឆ្នាំមកហើយ ។

ទោះជាយ៉ាងណា បើតាមអ្នកនាង សំ ប៉ូលីដា បើទោះបីជាវ័យកាន់តែចាស់ ប៉ុន្តែនាងនឹងមិនបោះបង់អាជីពសិល្បៈចោលនោះឡើយ ដោយសារអាជីពនេះគឺនាងស្រឡាញ់ ហើយបានធ្វើនាងអាចមានមុខមានមាត់ ស្គាល់ប្រទេសគេតាមរយៈអាជីពមួយនេះ។ នាងក៏បានអរគុណដល់ទស្សនិកជនទាំងអស់ដែលបានគាំទ្ររូបនាងចាប់តាំងពី១០/២០ឆ្នាំមុន និងរហូតមកទល់នាពេលនេះ បើទោះបីជាពេលនេះទីផ្សារសិល្បៈរបស់នាងបានធ្លាក់ចុះក៏ដោយ ក៏អ្នកនាងមិនមានការអាក់អន់ស្រពន់ចិត្តអ្វីនោះដែរ ៕
ចែករំលែកព័តមាននេះ